សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ម្សិលមិញ​បាន​បើក​ទីតាំង​ទទួល​ពាក្យ និង​ផ្ដល់​សេវា​ដល់​ពលរដ្ឋ​ចំនួន​ ៣ ​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការស្នើសុំ​សេវា និង​ការសាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​ឲ្យ​រឹតតែ​​ប្រសើរ​ជាង​មុន​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ម្សិលមិញ​ថា កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ទីតាំង​សម្រាប់​ផ្ដល់​សេវា​ផ្សេងៗ​​ចំនួន​ ៣ ​កន្លែង​រួច​មក​ហើយ​។

ប៉ុន្ដែ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ទើប​បើក​ ៣ ​កន្លែង​បន្ថែមទៀត​។ ទីតាំង​បន្ថែម​ទាំង​ ៣ ​នោះ​គឺ​ទី​ ១ ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​អតីត​បញ្ជរ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទី​ ២ ​ច្រក​ចេញចូល​តែមួយ​របស់​រដ្ឋបាល​ស្រុក​អង្គរធំ និង​ទី​ ៣ ​នៅ​ស្រុក​បន្ទាយស្រី​។

លោក​ថ្លែង​ថា​៖ «​គោលដៅ​សំខាន់​នៃ​ការបង្កើត​ទីតាំង​បន្ថែម​នេះ​គឺ​ដើម្បី​ផ្ដល់​សេវាកម្ម​សាធារណៈ​របស់​អាជ្ញាធរ​អប្សរា​ឲ្យ​កាន់តែ​ជិត​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​រាល់​សំណូមពរ​របស់​​ប្រជាពលរដ្ឋ​គ្រប់យ៉ាង​ក្នុង​នោះ​រួមទាំង​តម្រូវការ​នៃ​ការស្នើសុំ​ជួសជុល សាងសង់​ផ្ទះ​ជាដើម​»​។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​រយៈពេល​ ១ ​សប្តាហ៍​ដើមខែ​ឧសភា​នេះ អាជ្ញាធរ​អប្សរា​​បាន​ទទួល​ពាក្យស្នើសុំ​សាងសង់​ថ្មី និង​ជួសជុល​សំណង់​ចំនួន​ ៥២ ​ករណី ហើយ​ក្រុម​​ការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​សាងសង់​ទាំងនេះ​បាន​ចំនួន ២៤ ​ករណី​ជួយ​សម្រួល និង​រៀបចំ​គំនូស​ប្លង់​ជូន​ពលរដ្ឋ​បាន ៦ ​ករណី​ផងដែរ​។

លោក ឡុង កុសល បញ្ជាក់​ថា​អាជ្ញាធរ​ជាតិ​អប្សរា​តែង​យកចិត្ត​ទុកដាក់​ពិនិត្យ និង​ពង្រឹង​ការងារ​របស់​ខ្លួន​បន្ថែម​តាំងពី​ដំណាក់កាល​ទទួល​សំណើ​រហូត​ដល់​ដំណាក់កាល​ឆ្លើយតប​ទៅកាន់​ពលរដ្ឋ​វិញ​​ពោល​គឺ​ធ្វើយ៉ាងណា​ឲ្យ​សេវាកម្ម​មិន​គិត​ប្រាក់​នេះ​កាន់តែ​ខិតជិត​ពលរដ្ឋ​។

អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​​ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំនេះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួសជុល​​ផ្ទះ និង​សាងសង់​សំណង់​តូចតាច​ចំនួន​ ១ ១១០ គ្រួសារ​ក្នុង​សំណើ​ចំនួន ១ ៥២៣ គ្រួសារ និង​បាន​ទប់ស្កាត់ និង​រុះរើ​សំណង់​បំពាន​ច្បាប់​ចំនួន ៧២៩ ករណី​ផងដែរ​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការបង្កើត​ទីតាំង​ផ្ដល់​សេវា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បែបនេះ​គឺជា​ការបង្ខិត​នូវ​សេវា​របស់​អាជ្ញាធរ​អប្សរា​ឲ្យ​ទៅជិត​ដល់​ពលរដ្ឋ ខណៈ​កាលពី​មុន​ពលរដ្ឋ​ត្រូវ​ចំណាយពេល​ច្រើន​ក្នុង​ការស្នើសុំ​សេវា​ផ្សេងៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបង្កើត​ទីតាំង​ផ្ដល់​សេវា​បន្ថែម​នេះ​គឺ​រឹតតែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ ព្រោះ​កាលពី​មុន​ពលរដ្ឋ​ត្រូវ​ឡើង​ទៅ​ដល់​ទីតាំង​ផ្ទាល់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ករណី​បែប​នេះ​គឺ​បាន​ជួយ​បន្ថយ​បន្ទុក​ចំពោះ​ពលរដ្ឋ​ដូចជា ការធ្វើដំណើរ និង​ចំណេញ​ពេលវេលា​របស់​ពលរដ្ឋ​ផងដែរ​។ ខ្ញុំ​គ្រោង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បើក​ដំណើរការ​ច្រកចេញចូល​តែ​ ១ សម្រាប់​ស្រុក​បន្ទាយស្រី​តែម្ដង ដើម្បី​រឹតតែ​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរដ្ឋ​គឺ​បើ​​ពួកគាត់​មាន​តម្រូវការ​សេវា​អ្វី​​មួយ​គឺ​មក​រក​នៅ​កន្លែង​ច្រក​តែ​ ១ ​តែម្ដង​»៕