សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានផ្អាកដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត ក្រោយពីមានការតវ៉ាពីអាជីវករលក់អាហារនៅមុខប្រាសាទនេះជិត ១០០ តូប ដោយពួកគេប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍មុន ហើយបានកាយដីលុបរណ្តៅដែលអាជ្ញាធរបានជីកសម្រាប់ដាំដើមឈើដើម្បីកែលម្អបរិវេណប្រាសាទអង្គរឲ្យមានសោភណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ។
តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីដើមសប្តាហ៍មុន បានប្រកាសថា ដើម្បីលើកតម្លៃតំបន់រមណីយដ្ឋានអង្គរឱ្យមានសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំបរិស្ថានជុំវិញឱ្យមានទេសភាពបៃតង អាជ្ញាធរជាតិអប្សរានឹងធ្វើការដកហូតដើមអម្ពិលទឹក និងដើមឈើមិនចាំបាច់មួយចំនួននៅបរិវេណទីលានមុខប្រាសាទអង្គរវត្តផ្នែកខាងជើងឆៀងខាងលិចដោយជំនួសមកវិញនូវប្រភេទដើមឈើប្រណីត។
អាជ្ញាធរអប្សរាបានបញ្ជាក់ថា មន្ត្រីក៏បានចុះអប់រំ និងបានប្រកាសបិទចរាចរណ៍តំបន់នេះរយៈពេល ២ ថ្ងៃផងដែរ ដើម្បីជីករណ្តៅដីក្នុងការដាំដើមឈើឡើងវិញ ប៉ុន្តែក្នុងសកម្មភាពនោះក៏មានក្រុមអាជីវករជាច្រើនដែលមិនពេញចិត្តនឹងគម្រោងនេះបាននាំគ្នាតវ៉ា និងរួមគ្នាធ្វើការកាយដីលុបរណ្តៅនោះវិញ។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
លោក កុសល ថ្លែងថាក្នុងពេលបច្ចុប្បន្នបន្ទាប់ពីមានការធ្វើសកម្មភាពរបស់ក្រុមអាជីវករ អាជ្ញាធរអប្សរាមិនទាន់មានសកម្មភាពអ្វីនោះទេ ព្រោះមិនចង់ឲ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែលោកបញ្ជាក់ថា កិច្ចការនេះនឹងនៅតែបន្តធ្វើដោយព្យាយាមយ៉ាងណាផ្តល់ផលប្រយោជន៍ទាំងបេតិកភណ្ឌ និងផលប្រយោជន៍ដល់បងប្អូនដែលប្រកបមុខរបរលក់ដូរក្នុងតំបន់នេះ។
លោកបញ្ជាក់ថា៖ «បងប្អូនយើង គាត់មើលឃើញតែផលប្រយោជន៍គាត់ ១ ជ្រុងហើយការអភិវឌ្ឍរបស់យើងទៀត គាត់ក៏មិនបានគិតគូរ។ យើងដឹងហើយទីកន្លែងមួយចំនួនដែលគាត់លក់ហ្នឹងមានទឹកដក់លិច មានជង្ហុកដោយសារតែមានការបើកបរយានយន្តចេញចូលៗដែលមិនអាចធ្វើឲ្យកន្លែងហ្នឹងមានសោភណភាពល្អប្រសើរនោះទេ»។
លោកបន្តថា អ្វីដែលអាជីវករបានធ្វើគឺមិនមែនជាការចូលរួមទេ គឺជាការបន្ទុចបង្អាក់ ជាការមិនយល់អំពីផលប្រយោជន៍រួមរបស់អាជីវករទាំងអស់គ្នាហ្នឹង។
បើតាមអាជ្ញាធរជាតិអប្សរា គម្រោងកែលម្អបរិវេណក្នុងតំបន់អង្គរដែលមានផ្ទៃដីប្រមាណ ៤០១ គីឡូម៉ែត្រក្រឡានេះ គឺចាប់ផ្តើមធ្វើតាំងពីដើមខែតុលាដោយបានដាំដើមឈើប្រណីតរាប់ពាន់ដើមដូចជាដើមក្រវ៉ាន់ និងដើមឈើផ្សេងៗទៀតដែលជាអត្តសញ្ញាណរបស់ខ្មែរ និងមានការក្រាលស្មៅជាដើម។
ការដាំដើមឈើគឺត្រូវធ្វើតាំងពីផ្លូវចូលព្រលានយន្តហោះរហូតដល់អង្គរវត្ត និងផ្នែកខ្លះនៃអង្គរគឺគ្មានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករនោះទេ ទើបតែមានការតវ៉ានៅពេលដំណើរការនេះបានចាប់ផ្តើមមុខប្រាសាទអង្គរវត្តផ្នែកខាងជើងឆៀងខាងលិចដែលជាទីតាំង ចំណតឡានបណ្តោះអាសន្នចាស់ ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទីតាំងចំណតថ្មីរួចហើយនៅក្បែរនោះ។
អ្នកស្រី សុខា ដែលមានហាងបាយឈ្មោះហាងបាយសុខា នៅក្បែរស្រះត្រពាំងសេះនៅមុខប្រាសាទអង្គរវត្តបាននិយាយថា តូបអាជីវករនៅមុខអង្គរនេះគឺមានប្រមាណ ១០០ តូបដែលក្នុងនោះភាគច្រើនអាជីវករមិនពេញចិត្តនឹងការដាំដើមឈើដែលមិនមានដំណោះស្រាយអ្វីសោះសម្រាប់ពួកគាត់នោះទេ។
អ្នកស្រី សុខា ថ្លែងថាអ្នកស្រីមានគំនិតដូចក្រុមអាជីវករដទៃទៀតដែលបង្ហាញពីក្តីកង្វល់នៅពេលមានការដាំដើមឈើនោះថា បើការដាំនេះមិនទុកផ្លូវសម្រាប់យានយន្តបើកបរនៅមុខតូបរបស់ពួកគេនោះទេនឹងធ្វើឲ្យបាត់បង់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ដែលពឹងអាស្រ័យតែលើមុខរបរនេះ។
អាជីវកររូបនេះបញ្ជាក់ថា៖ «អាជីវករមួយចំនួនគិតថា អាជ្ញាធរជីកដាំដើមឈើហ្នឹងទៅធ្វើឲ្យពួកគាត់លក់អត់សូវដាច់ហើយបើតាមខ្ញុំស្តាប់ឮមតិរបស់ពួកគាត់ (អ្នកតវ៉ា) ថា បើអាជ្ញាធរចង់ដាំ ក៏ដាំទៅ ក៏ប៉ុន្តែគួររកទីតាំងថ្មីដែលល្អជាងមុនឲ្យពួកគាត់លក់ជាមុនសិន»។
មិនខុសគ្នានេះដែរអ្នកលក់បាយម្នាក់ទៀតដែលមានហាងឈ្មោះសិរីមង្គល ថ្លែងថាបើអាជ្ញាធរអប្សរាសម្រួល និងជួយពន្យល់ឲ្យបានច្បាស់ពីគម្រោងការនេះទៅក្រុមអាជីវករឲ្យបានមុន និងច្បាស់លាស់ជាងនេះ នោះនឹងមិនមានការរារាំងពីក្រុមអាជីវករនោះទេ។
អ្នកស្រីថា៖ «ដាំក៏ដាំចុះ ប៉ុន្តែទុកផ្លូវអីឲ្យប្រជាជនអ៊ីចឹងណាអូន។ ទុកផ្លូវដូចថាមួយសមរម្យឲ្យប្រជាជនរស់ដែរទម្រាំមានកន្លែងលក់ដូរថ្មី។ ព្រោះអីគេអត់មានប្រាប់យើងទេគ្រាន់តែមុន ១ ថ្ងៃហ្នឹងមានភ្ញៀវមកញ៉ាំបាយហើយប្រាប់ពួកគាត់ថា កន្លែងនេះគេនឹងបិទអត់ឲ្យលក់ ២ ថ្ងៃហើយរសៀលទើបមានគេមកប្រាប់»។
យ៉ាងណាក្តីលោក ឡុង កុសល ថ្លែងថា៖ «ចំពោះករណីនេះ អាជ្ញាធរជាតិអប្សរានឹងពិចារណាទៅលើគ្រប់វិធានការដែលនឹងអាចអនុវត្តបាន ដើម្បីឲ្យគ្រប់ភាគីអាចទទួលយកបាន ព្រោះជម្រើសរបស់យើងមានច្រើនរហូតដល់ឈានទៅអនុវត្តជម្រើសផ្លូវច្បាប់»៕