សៀមរាប: គិត​ត្រឹម​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំនេះ អាជ្ញាធរ​ជាតិអប្សរា​បាន អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចំនួន​ ១ ៩៥៩ ​គ្រួសារ នៅ​តំបន់​​អង្គរ​ជួសជុល​កែលម្អ​លំនៅឋាន និង​សង់​សំណង់​ប្រភេទ​ស្រាល បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​សំណង់ និង​ឯកសារ​ជាក់ស្ដែង​ចំនួន ២ ៦៣៩ ​គ្រួសារ​។

តាម​របាយការណ៍​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​របស់​ក្រុម​ការងារ​លេខាធិការដ្ឋាន​សហគមន៍​ទាំង​ ៥ ​ក្រុម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ៦ ​កក្កដា​ថា ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការជួសជុល​កែលម្អ​លំនៅឋាន និង​ការសាងសង់​សំណង់​ស្រាល​តូចតាច​​ក្នុង​តំបន់​អង្គរ​ចំនួន ២ ៦៣៩ ​គ្រួសារ​។ ​ក្នុង​នោះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចំនួន​ ១៩៥៩ គ្រួសារ​អាច​ជួសជុល​កែលម្អ​លំនៅឋាន​ ​និង​សាងសង់​សំណង់​ស្រាល​តូចតាច​របស់ខ្លួន​តាម​ការស្នើសុំ​។

របាយការណ៍​បន្ដថា ក្នុង​ចំណោម​ពលរដ្ឋ ១ ៩៥៩ ​គ្រួសារ​ដែល​ទទួល​បាន​ការអនុញ្ញាត​នោះ​រួមមាន ស្រុក​ប្រាសាទបាគង ២១១ ​គ្រួសារ ស្រុក​អង្គរធំ​ ៣០៥ ​គ្រួសារ ស្រុក​ពួក​ ៤៤២ ​គ្រួសារ ក្រុង​សៀមរាប​ ៣៥១ ​គ្រួសារ និង​ស្រុក​បន្ទាយស្រី​ ៦៥០ ​គ្រួសារ​។

លោក​ ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៦ ​កក្កដា​ថា ការអនុញ្ញាត​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ការងារ​សហគមន៍​បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង និង​ពិនិត្យ​ឯកសារ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃ​ថា ពួកគាត់​គឺជា​ពលដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គរ​ពិតប្រាកដ​តាំងពី​យូរយារ​មកហើយ​។

លោក​បន្តថា លើសពី​នេះ​ក៏ត្រូវ​មាន​ការបញ្ជាក់​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មាន​តម្រូវការ​ជាក់ស្តែង​ក្នុង​ការកែលម្អ​សំណង់​ផងដែរ​។ ​សកម្មភាព​ទាំងនេះ​គឺជា​ការចូលរួម​ចំណែក​របស់​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការថែរក្សា​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។ ម្យ៉ាងទៀត វា​ជា​​ការបង្ខិត​សេវា​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ជិត​ពលរដ្ឋ​ និង​កាត់បន្ថយ​រាល់​ការចំណាយ​ទាំង​ពេលវេលា និង​ការធ្វើ​ដំណើរ​ទៅមក​។

លោក​បញ្ជាក់ថា​៖ «​យើង​អនុញ្ញាត​ឲ្យ​នេះ រួមមាន ការជួសជុល ឬ​ប្តូរ​ដំបូល ជួសជុល​ជញ្ជាំង ​ប្តូរ​សសរ ប្តូរ​ជណ្តើរ ត​សំយាប រៀប​ឥដ្ឋ​ក្រោមផ្ទះ​សាងសង់​បង្គន់​អនាម័យ​ទ្រុងមាន់​ចាក់ដី ក្រោល​​គោ ទ្រុង​ជ្រូក និង​តម្រូវការ​ចាំបាច់​ផ្សេងទៀត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ​សំណង់​ក្រៅពីនេះ​យើង​មិន​អនុញ្ញាត​ទេ​»​។

លោក​ ឡឹក វន់ មេភូមិ​ព្រះដាក់​ស្រុក​បន្ទាយស្រី​បាន​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា ភូមិ​ព្រះដាក់ ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ​ប្រសិន​បើ​ពលរដ្ឋ​មាន​បំណង​ចង់​ជួសជុល​សំណង់​អ្វីមួយ​គឺ​ពួកគាត់​ត្រូវតែ​មក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ដាក់សំណើ​ទៅ​ក្រុម​ការងារ​លេខាធិការដ្ឋាន​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បាន​បន្តថា ក្រោយពេល​ដាក់​សំណើ​រយៈពេល​ជិត​ ១ ​សប្ដាហ៍​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ជូន​ដំណឹង​មក​ពលរដ្ឋ​វិញ ព្រមទាំង​មាន​ក្រុមការងារ​ជំនាញ​ចុះមក​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​តែម្ដង​។ អាជ្ញាធរ​ជាតិ​អប្សរា​មិន​អនុញ្ញាត​ឲ្យ​មាន​ការសាងសង់​សំណង់​ថ្មីៗ​ទៀត​ទេ​ពោល​គឺ​អនុញ្ញាត​ត្រឹម​ជួសជុល​សំណង់​ចាស់ៗ​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​។ «​ពេល​ពលរដ្ឋ​គាត់​ចង់​ជួសជុល​សំណង់ផ្ទះ​គាត់ គាត់​ត្រូវ​មក​ប្រឹក្សា​ជាមួយ​ខ្ញុំ និង​មេឃុំ​សិន ក្រោយមក​យើង​ណែនាំ​ឲ្យ​គាត់​ដាក់ពាក្យ​ទៅ​លេខាធិការដ្ឋាន​សហគមន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​ក្រុម​ការងារ​ហ្នឹង​គាត់​ចាំ​ទទួល​សំណើ​ពលរដ្ឋ​ហើយ​គេ​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត គេ​ជូនដំណឹង​មក​យើង​វិញ​»​។

គួរ​បញ្ជាក់ថា អាជ្ញាធរ​ជាតិអប្សរា​បាន​បង្កើត​ក្រុម​ការងារ​សហគមន៍​ចំនួន​ ៥ ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​​តំបន់​អង្គរ​លើ​ផ្ទៃដី​ ៤០១ ​គីឡូម៉ែត្រការ៉េ​ក្នុង​ក្រុង​/​ស្រុក​ចំនួន​ ៥ ឃុំ​ចំនួន​ ២១ និង​ភូមិ​ចំនួន ​១១២ ក្នុង​ការជួយ​លើ​ការជួសជុល​ផ្ទះ​ចាស់ និង​សាងសង់​សំណង់​ស្រាលៗ ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ការជួយ​​សង្គ្រោះ​ពេល​ពលរដ្ឋ​មាន​ទុក្ខ​លំបាក​រួមទាំង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេតិកភណ្ឌ​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា​៕