សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​លិខិត​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​លោកស្រី លី អ៊ុំអេង នាយិកា​ក្រុមហ៊ុន លី អ៊ុំអេង លីមីធីត និង​ជា​សមាជិក​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប​លើ​ជម្លោះដីធ្លី​មួយ​កន្លែង​នៅ​ចំណុច​ផ្លូវ ៦០ ម៉ែត្រ​ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ដែល​អាជ្ញាធរ​នេះ​អះអាង​ថា បុគ្គល​រូបនេះ​បាន​រំលោភ​ដោយ​សង់​ការិយាល័យ​លក់​ដីឡូត៍​នៅ​លើដី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

កាលពី​ថ្ងៃទី​ ៩ សីហា​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​ឱសានវាទ​មួយ​សប្តាហ៍​ដល់​លោកស្រី លី អ៊ុំអេង ឲ្យ​រុះរើ​សំណង់​របស់​លោកស្រី​ចេញ​ពី​ដី​របស់​អាជ្ញាធរ​អប្សរា​ដែល​មាន​ក្បាលដី​លេខ ១៨៧៤ និង​ ១៩១៣ ស្ថិតក្នុង​ភូមិ​បឹងដូនប៉ា និង​ក្បាលដី​លេខ ៤៩៩១ លេខ ៥២១១ ​លេខ ៥២២៦ ដល់​លេខ​ ៥២២៩ ស្ថិត​ក្នុង​ភូមិ​ធ្លកអណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប ប៉ុន្តែ​បុគ្គល​រូប​នេះ​មិន​បាន​អនុវត្តតាម​នោះ​ទេ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ក្នុង​សេចក្តី​បំភ្លឺ​មួយ​ថា​កាលពី​ឆ្នាំ​ ២០១៦ ​រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ប្រទានកម្ម ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នូវ​ដីធ្លី​ទាំងឡាយ​ក្នុង​បុរី​សណ្ឋាគារ​ដែល​គណៈកម្មការ​អន្តរក្រសួង​មិន​ទាន់​បាន​ដោះស្រាយ​គោលនយោបាយ ហើយ​ប្រជាពលរដ្ឋ​បាន​កាន់កាប់ ប្រើប្រាស់ និង​ដាំដុះ​ជាក់ស្តែង​។

ក្នុងអំឡុង​ពេល​នោះ​លោកស្រី លី អ៊ុំអេង ព្រមទាំង​សាច់ញាតិ​បាន​ដាក់​ពាក្យបណ្តឹង និង​ពាក្យសុំ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​បាន​ប្រទានកម្ម​ជា​កម្មសិទ្ធិ​លើ​ក្បាលដី​មាន​ជម្លោះ​ខាង​លើ​នេះ​។ ប៉ុន្តែ​ត្រូវបាន​បដិសេធ​ហើយ​ចុងក្រោយ​រដ្ឋាភិបាល​សម្រេច​ជាគោលការណ៍ អនុញ្ញាត​ឲ្យ​ធ្វើការ​ចុះបញ្ជី​ចេញ​បណ្ណ​កម្មសិទ្ធិ «​ជា​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ​» ដោយ​មិន​ព្រម​ផ្តល់​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ដល់​អ្នកស្រី លី អ៊ុំអេង និង​សាច់ញាតិ​នោះ​ទេ​។

យ៉ាងណា​ក្តី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​ថា​រហូត​មក​ដល់​បច្ចុប្បន្ន បុគ្គល​រូបនេះ​នៅ​តែ​មាន​ចេតនា​ចង់​កាន់កាប់​លើដី​ខាង​លើ​នេះ​ដោយ​បាន​សាងសង់​ការិយាល័យ​លក់​ និង​បាន​អះអាង​ខុសពី​ការពិត​គ្មាន​មូលដ្ឋាន និង​ទម្លាក់កំហុស​មកលើ​អាជ្ញាធរ​ដោយ​ថា គាត់​មាន​លិខិត​កាន់កាប់ ឯកសារ​ត្រឹមត្រូវ​ផងដែរ​។

លិខិត​បំភ្លឺ​ដដែល​បញ្ជាក់​ថា​៖ «​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​មក​លើ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ការឆ្លើយតប​ចំពោះ​ការលើក​ឡើង​របស់​អ្នកស្រី លី អ៊ុំអេង ពាក់ព័ន្ធ​នឹង​ទីតាំង​សំណង់​ការិយាល័យ​លក់​ដីឡូត៍​របស់​គាត់​លើ​ក្បាលដី​លេខ ៥២២៩ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​បំភ្លឺ​ជូន​»​។ បើតាម​អាជ្ញាធរ​អប្សរា​ដោយយោង​តាម​អនុក្រឹត្យ​លេខ ១៥៨ ចុះ​ឆ្នាំ ២០១៦ អ្នកស្រី អ៊ុំអេង បានទទួល​ប្រទានកម្ម​ជា​កម្មសិទ្ធិ​នូវ​ទំហំ​ដី​ជាង​ ១៧ ​ហិកតា​ក្នុង​តំបន់​នេះ​រួច​មក​ហើយ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បើ​ទោះ​បាន​ទទួល​សិទ្ធិ​កាន់កាប់​លើដី​ទំហំ​ជាង​ ១៧ ​ហិកតា​នេះ ក៏​បុគ្គល​រូបនេះ​នៅ​តែ​មាន​ចេតនា​អាក្រក់​ទន្ទ្រាន​យក​ដី​នៅ​ជិត​ខាង​នេះ​បន្ថែម​ទៀត​ដែល​ដី​ទាំងនោះ​គឺជា​ដី​កាន់កាប់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​បញ្ជាក់​បន្ត​ថា​៖ «​អ៊ីចឹង​បាន​ន័យ​ថា រឿង​ដីធ្លី​ហ្នឹង​លោកជំទាវ​ហ្នឹង មិនមែន​មិន​បាន​​ទទួល​ដី​នៅ​តំបន់​នោះទេ ហើយ​គាត់​បាន​គ្រប់គ្រង​ជាក់ស្តែង​ទៀត​។ ក៏ប៉ុន្តែ​ទីតាំង​មួយ​ចំនួន ក្បាលដី​មួយ​ចំនួន​ដែល​បាន​លើកឡើង​អម្បាញ់មិញ​នេះ​គឺ​សុទ្ធតែជា​ទីតាំង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​កាន់កាប់ និង​បាន​ដោះស្រាយ​តាម​គោល​នយោបាយ​រួចរាល់​ហើយ​»​។

លោក ឡុង កុសល ក៏បាន​លើកឡើង​ដែរ​ថា ការដោះស្រាយ​ជម្លោះដីធ្លី​ក្នុង​តំបន់​នេះ​មិនមែន​ធ្វើឡើង​ដោយ​អាជ្ញាធរ​អប្សរា​នោះទេ គឺ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​អន្តរក្រសួង​ដែលមាន​ភារកិច្ច​ដោះស្រាយ​ដី​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ ដូច្នេះ​ចំពោះ​ក្បាលដី​ទាំងនេះ​អាជ្ញាធរ​អប្សរា​នឹង​ការពារ​ឲ្យ​បាន​ដោយ​មិន​បណ្តាយ​ឲ្យ​ជន​ណា​រំលោភបំពាន​បាន​ទេ​។

លោកស្រី​ លី អ៊ុំអេង នាយិកា​ក្រុមហ៊ុន​លីអ៊ុំអេងលីមីធីត និង​ជា​សមាជិក​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​កន្លង​ទៅ​លោកស្រី​បាន​អះអាង​ប្រាប់​កាសែត​ក្នុងស្រុក​ថា មន្ត្រី​មួយ​ចំនួន​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​របាយការណ៍​ភូតកុហក​ទៅ​ថ្នាក់លើ​ថា បាន​ដោះស្រាយ​គោលនយោបាយ​លើ​ក្បាលដី​របស់​លោកស្រី​រួចហើយ តែ​ធាតុពិត​លោកស្រី​មិន​បាន​ទទួល​លុយ​គោលនយោបាយ​ពី​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​សូម្បី​តែមួយ​កាត់​មួយ​សេន​នោះ​ទេ​។

លោកស្រី​បន្ត​ថា​បើ​តុលាការ​រកឃើញ​ឯកសារ​ណាមួយ​ថា លោកស្រី​ពិត​ជា​បាន​ទទួល​លុយ​គោលនយោបាយ​មែន​នោះ​លោកស្រី​នឹង​ដើរ​ចូល​គុក​ដោយ​ខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿងរ៉ាវ​ដីធ្លី​នេះ​លោកស្រី​ក៏​បាន​ដាក់​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ហើយ​សាលាដំបូង​ក៏​បាន​ចេញ​ដីកា​រក្សា​ការពារ​ផងដែរ និង​កំពុង​បន្ត​ទៅ​សាលាឧទ្ធរណ៍ ហើយ​ក៏​មិនទាន់​មាន​សេចក្តី​សម្រេច​ណាមួយ​ទៀត​នោះ​ទេ ចំណែក​ខាង​ក្រសួង​យុត្តិធម៌​ក៏បាន​ចេញ​ដីកា​ការពារ​ផងដែរ​។

លោកស្រី​ លី អ៊ុំអេង អះអាង​ថា​៖ «​មាន​ឯកសារ​គ្រប់គ្រាន់​ដូចជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ការតតាំង​ក្តី​នៅ​តុលាការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការអត់ធ្មត់​បន្តិច​រង់ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នកណា​ឈ្នះ​ចាញ់ កុំ​ទាន់​មក​រុះរើ​ស្នាក់ការ​របស់​ខ្ញុំ ព្រោះ​ស្នាក់ការ​នេះ​មិន​រត់​ទៅ​ណា​ទេ​»​។

ប៉ុន្តែ​លោក ឡុង កុសល បដិសេធ​ថា​៖ «​អ្វីៗ​ដែល​លោកជំទាវ​គាត់​មាន​ជា​ឯកសារ​ហ្នឹង​គឺ​គ្រាន់តែ​ជា​ឯកសារ​មួយ​ដែល​មិន​បច្ចុប្បន្នភាព ជា​ឯកសារ​មួយ ដែល​ផុត​សុពលភាព​»​។

លោក អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​មហន្តរាយ កាកបាទ​ក្រហម​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វិវាទ​នេះ​អាស្រ័យ​លើ​ការដោះស្រាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រោះ​កាកបាទក្រហម​មិន​មាន​គោលការណ៍​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​ទាំងនេះ​នោះទេ​។

លោក សំអាត ក៏​អះអាង​ដែរ​ថា បើ​ករណី​នេះ​លោកស្រី អ៊ុំអេង ពិតជា​កាន់កាប់​ដី​ដោយ​ស្របច្បាប់​នោះ អាជ្ញាធរ​នឹង​រក​យុត្តិធម៌​ជូន ប៉ុន្តែ​បើ​គាត់​ពិតជា​រំលោភបំពាន​លើ​ដី​របស់​រដ្ឋ​នោះ​គឺ​ការទទួល​ខុសត្រូវ​របស់​គាត់​។ «​យើង​មិន​មាន​ការសម្របសម្រួល​ទេ ទុក​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គេ​រក​ខុសត្រូវ​ (​យើង​)​ មិនមាន​គាំទ្រ​នរណា​ទេ ហើយ​អត់​មាន​យោបល់​ទេ​វា​ជា​រឿង​របស់​លោកជំទាវ​ហ្នឹង ហើយ​វា​ប៉ះពាល់ បុគ្គល​ហ្នឹង បើ​ខុស​វា​ប៉ះពាល់​ហើយ​»៕