សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះបញ្ជី​វត្ថុ​សិល្បៈ​ចំនួន​ ៧១១ ​បំណែក ក្នុងចំណោម​ ១ ២៤២ ​បំណែក ដែល​ប្រមូលបាន​ពី​ពលរដ្ឋ និង​តាម​ប្រាសាទ​ចំនួន​ ៩១ ក្នុង​រមណីយដ្ឋាន​អង្គរ​ទៅក្នុង​បញ្ជី​សារពើភណ្ឌ ដើម្បី​កំណត់​អត្តសញ្ញាណ​ឱ្យបាន​ត្រឹមត្រូវ និង​ការពារ​កុំឱ្យ​បាត់បង់​។

លោក ឡុង កុសល អ្នកនាំពាក្យ​​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា វត្ថ​បុរាណ​ទាំងនោះ​គឺជា​វត្ថុ​បែកបាក់​ពី​ប្រាសាទ​ក្នុង​តំបន់​អង្គរ និង​មាន​អាយុ​រាប់​សតវត្សរ៍​ដែល​ប្រមូល​​ និង​រកឃើញ​បន្ថែម​ថ្មីៗ​នេះ​។

លោក​ថា​៖ «​របស់​ទាំង​ហ្នឹង​គឺ​នៅ​ជាមួយ​ប្រាសាទ ប៉ុន្តែ​បាន​បែកបាក់​។ អ៊ីចឹង​!​យើង​ត្រូវតែ​ធ្វើការ​ប្រមូលយក​មក​រក្សា​ទុក​ដើម្បី​កំណត់​អត្តសញ្ញាណ​នៅក្នុង​បញ្ជី​សារពើភណ្ឌ​គឺ​ដើម្បីឱ្យ​យើង​ដឹងថា តើ​វត្ថុ​មួយ​ហ្នឹង​ត្រូវបាន​ដក​ចេញ​ពី​កន្លែង​ណា ដកចេញ​ពី​ប្រាសាទ​ណា និង​ដកចេញ​ពី​ថ្ងៃ​ណា និង​ស្ថិតក្នុង​រចនាប័ទ្ម​អ្វី ដើម្បី​កំណត់​អត្តសញ្ញាណ​ឱ្យបាន​ច្បាស់​»​។

តាម​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិអប្សរា​ពី​ម្សិលមិញ​ថា ការកំណត់​អត្តសញ្ញាណ​វត្ថុ​សិល្បៈ​ទាំងនោះ​គឺ​អាស្រ័យ​លើ​ព័ត៌មាន​ជាក់លាក់​ពី​ប្រភេទ​ចម្លាក់ ប្រភព វត្ថុ​ធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និង​ការ​ពិពណ៌នា​ផ្សេងៗ​​ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ជួសជុល និង​ទប់ស្កាត់​ការចល័ត ឬ​បាត់បង់​ជាយថាហេតុ​។

លោក ឈូក សុម៉ាឡា មន្ត្រី​ទទួល​បន្ទុក​ចុះបញ្ជី​បេតិកភណ្ឌរូបី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បាន​បញ្ជាក់ថា បំណែក​វត្ថុ​សិល្បៈ​ទាំងនោះ​គឺ​ភាគច្រើន​​ធ្វើ​ពី​ថ្មភក់ ដូចជា សិលាចារឹក ​ចម្លាក់​ទេវរូប បល្ល័ង្គ​ ឬ​ជើងទម្រ បំណែក​ផ្តែរ បំណែក​ហោជាង បំណែក​សសរ​ពេជ្រ បំណែក​ក្បាច់​​លម្អ​ផ្សេងៗ កុលាលភាជន៍ និង​វត្ថុ​​ធ្វើ​ពី​លោហៈ​មួយ​ចំនួន​ទៀត​។

លោក​ថា​៖ «​ការងារ​ចុះបញ្ជី​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ការរក្សា​កេរមរតក​បេតិកភណ្ឌ​»៕