សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កំណាយ​ប្រាសាទ​លលៃ​រយៈពេល​ ២ ​ខែ មុន​ពេល​ជួសជុល​ឡើងវិញ​ឱ្យ​រួច​ផុត​ពី​ហានិភ័យ បន្ទាប់ពី​រង​ការខូចខាត​ដោយសារ​កត្តា​អាកាសធាតុ ការបំផ្លាញ​ដោយ​​រុក្ខជាតិ និង​អាយុកាល​របស់​សំណង់​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៣ មីនា ថា ការដ្ឋាន​កំណាយ​ប្រាសាទលលៃ​បាន​ចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​នេះ​ដោយ​ក្រុម​ការងារ​ជួសជុល​ប្រាសាទ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សែនព្រេន​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​មុននឹង​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​បន្ថែមថា​៖ «​ប្រាសាទលលៃ កសាង​ឡើង​ដោយ​ព្រះបាទ​យសោវរ្ម័ន​ទី​ ១ ​នាចុង​សតវត្សរ៍​ទី​ ៩ ​នៃ​គ.ស.៨៩៣ ដែល​មាន​ទីតាំង​នៅ​កណ្តាល​បារាយណ៍ ​"​ឥន្ទ្រតដាក​" ​ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ​»​។

លោក ថូ ថុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ប្រាសាទលលៃ​ស្ថិត​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​ ៦ ​ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ​ ១៣ បត់​ចុះ​ចម្ងាយ​ ៥០០ ​ម៉ែត្រ​ពី​ផ្លូវជាតិ​ក្នុងភូមិ​លលៃ ឃុំ​ប្រាសាទ​បាគង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប​។

លោក​បាន​បន្តថា ប្រាសាទ​នេះ​បាន​ខូចខាត​ផ្នែក​ខ្លះ​ដែល​តម្រូវ​ឲ្យ​អ្នកជំនាញ​ធ្វើ​កំណាយ​ដើម្បី​សិក្សា​ជាមុនសិន មុន​ឈាន​ដល់​គម្រោង​ជួសជុល​ឡើងវិញ​នៃ​ផ្ទៃ​ប្រាសាទ​ទាំងមូល​។

លោក​ថា​ក្នុង​រយៈពេល​កំណាយ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែមេសា​ខាងមុខ ដោយ​ទទួល​​បាន​កញ្ចប់​ថវិកា​ពី​រដ្ឋាភិបាល និង​មាន​មន្ត្រី​បុរាណវិទ្យា​ចំនួន​ ៣ ​នាក់ និង​កម្មករ​កំណាយ​ជាង​ ១០ ​នាក់​ចូលរួម​ក្នុង​ការងារ​នេះ​។

លោក​ថា​៖ «​យើង​ស្តារ​រៀបចំ​ប្រាសាទ​នេះ​ក្នុង​បំណង​លើក​តម្លៃ​ឲ្យ​ល្អ​ឡើងវិញ ព្រោះ​កាលពី​មុន​យើង​បាន​បោះបង់ចោល​ និង​បានរៀបចំ​សាងសង់​សំណង់​ថ្មី​លើ​ប្រាសាទ​នេះ​។ ​ដូច្នេះ​ការធ្វើ​កំណាយ​នេះ​គឺ​ស្វែងរក​រចនាសម្ព័ន្ធ​ឡើងវិញ​លើ​ខឿន​ប្រាសាទ​លលៃ​ហ្នឹង​ឲ្យ​ដឹង​ពី​លិច​កើត ជើង ត្បូង​សិន មុន​នឹង​បន្ត​គម្រោង​សម្អាត ជួសជុល​»​។

លោក អ៊ា ដារិទ្ធ អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ការធ្វើ​កំណាយ​ប្រាសាទ​នេះ​ទើបតែ​ចាប់ផ្តើម​បាន​ ១ ​សប្តាហ៍​ដោយ​បាន​ជីករណ្តៅ​ខ្លះៗ និង​ធ្វើការ​សិក្សា​ជុំវិញ​បរិវេណ​ប្រាសាទ​។ ប៉ុន្តែ​លោក​ថា អ្វីដែល​ក្រុម​កំណាយ​បាន​ជួបប្រទះ​គឺ​សំណង់​ចាស់​ដែល​បាន​សាងសង់​ឡើង​នៅក្នុង​សម័យ​បារាំង ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការកាយ​ចេញ​សិន​។

លោក​បញ្ជាក់ថា​៖ «​ឧបសគ្គ គឺ​ដោយសារតែ​មានការ​សាងសង់​សំណង់​នៅ​ពីលើ​ហ្នឹង ហើយ​ពី​ដើម​មក រចនាសម្ព័ន្ធ​ខ្លះ បាន​ខូចខាត​ដែល​ទាមទារ​ឲ្យ​យើង​មាន​ការកាយ​កម្ទេចកម្ទី​បេតុង​ចាស់​ដែល​នៅលើ​ហ្នឹង​ចេញ​ហើយ​បាន​យើង​អាច​ធ្វើការ​ស្រាវជ្រាវ​បាន​»​។

បើតាម​លោក​ អ៊ា ដារិទ្ធ ក្រៅពី​ប្រាសាទលលៃ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នោះ ក្រុម​អ្នក​កំណាយ​បាន​សិក្សា​ជា​ជំហាន​ដំបូង​ឃើញ​មាន ដូចជា ខ្លោងទ្វារ​ព័ទ្ធជុំវិញ​ប្រាសាទ​​កម្រាល​ឥដ្ឋ​ដែល​ក្រាល​ជុំវិញ​ប្រាសាទ និង​នៅតាម​កំពែង​ជុំវិញ​​ប្រាសាទ​ដោយ​បច្ចុប្បន្ន​នៅ​មាន​បន្សល់​ស្លាកស្នាម​ខ្លះ​៕