ភ្នំពេញៈ លោក​ ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ​ប្រាប់​ពី​ម្សិលមិញ​ថា​ករណី​ប្រជាពលរដ្ឋ​ផ្អើល​តម្រង់​ជួរ​ឈរ​តម្រៀប​គ្នា​ ដើម្បី​យក​ស្ទីកឃ័រ​កាត់ឆុង​ពី​ផ្ទះ​អ្នកគ្រូ​ហុងស៊ុយ ឈ្មោះ ឡុង ណាលី ​នោះ​គឺ​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ក្នុង​តំបន់​នោះទេ​។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​របស់លោក​ជួយ​កម្លាំង​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​គម្លាត​សង្គម​ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូវីដ​ ១៩​ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លោក​បន្តថា ​ចំពោះ​ថា​អាជ្ញាធរ​ខណ្ឌ​អញ្ជើញ​អ្នកគ្រូ​ទស្សន៍ទាយ​រូបនោះ​មក​ណែនាំ​គឺ​គ្មានទេ​ដោយ​គ្រាន់តែ​ណែនាំ​ឱ្យ​ចេះ​បង្ការ និង​ទប់ស្កាត់​ពី​វិធី​ការពារ​ការឆ្លង​ជំងឺ​កូវីដ​តែប៉ុណ្ណោះ​។ លោក​បាន​ចុះទៅ​មើល​ទីនោះ​ហើយ​ឃើញ​ថា​ការតម្រង់​ជួរ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​មិនទាន់​បាន​រក្សា​គម្លាត​សង្គម​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​បើទោះ​ជា​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ក្តី​តែ​យើង​ជា​អាជ្ញាធរ​ត្រូវតែ​ជួយ​មើល​ការខុសត្រូវ និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​បន្ថែមទៀត​។ ធ្វើយ៉ាងណា​មាន​ការអនុវត្តតាម​នីតិវិធី​របស់​ក្រសួងសុខាភិបាល​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ដែរ​តែ​ទូរស័ព្ទ​របស់លោក​ស្រី​ជាប់រវល់​។ ប៉ុន្តែ​លោកស្រី​ធ្លាប់មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការចូលរួម និង​ការទទួល​ខុសត្រូវ​របស់​បុគ្គល​លើ​ការការពារ​ការចម្លង​វីរុស​កូវីដ​ ១៩ គឺជា​ការអនុវត្ត​សិទ្ធិ​របស់​បុគ្គល​។ ប៉ុន្តែ​ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យមាន​ការចូលរួម​ការពារ​ការចម្លង​គ្រប់​ពេលវេលា គ្រប់កាលៈទេសៈ គ្រប់​ទីកន្លែង និង​មាន​ការប្រុងប្រយ័ត្ន​ជាប់ជានិច្ច​រាល់​ពេល​ដែល​បុគ្គល​ចល័ត ឬ​ធ្វើដំណើរ​។ ម្យ៉ាងទៀត​ការសំខាន់​នោះ បុគ្គល​គ្រប់រូប​ត្រូវ​អនុវត្ត​សិទ្ធិ​ក្នុង​ការមិន​ចម្លង​វីរុស​​កូវីដ​ ១៩ ទៅ​អ្នកដទៃ​។

លោកស្រី​ថ្លែង​ថា​៖ «​ការព្រងើយ​កន្តើយ មិន​អនុវត្ត​វិធានការ​ការពារ​ខ្លួន និង​ភាពសន្តិភាព​និយម​ជាមួយ​វីរុស​កូវីដ​ ១៩ នេះ​ជា​ការបើក​លម្ហ​ដ៏ធំ​សម្រាប់​ឱ្យ​វីរុស​កូវីដ​មាន​លទ្ធភាព​ក្នុង​ការវាយលុក​សរីរាង្គ​លោកអ្នក​ដោយ​ងាយស្រួល​។ ក្នុងនោះ​លោកអ្នក​ក៏​បង្ក​លក្ខណៈ និង​ដាក់ខ្លួន​លោកអ្នក​ចូលទៅក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការចម្លងជំងឺ​នេះដែរ​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទំនាក់ទំនង​អ្នកគ្រូ​ទស្សន៍ទាយ ឈ្មោះ ឡុង ណាលី បានទេ​ពី​ម្សិលមិញ​។ ប៉ុន្តែ​បើតាម​ផេចឡាយ​ផ្ទាល់​ដែល​អ្នកគ្រូ​ ឡុង ណាលី បាន​រៀបរាប់​ថា គាត់​បាន​បោះពុម្ព​សៀវភៅ​ ១ ​ក្បាល​និយាយ​ពី​ហុងស៊ុយ​ក្នុង​ឆ្នាំ​ ២០២១ ​រៀបរាប់​អំពី​ទិស​ហេង និង​ទិស​ឆុង​ឆ្នាំ​ដែល​ផ្ទះ​បែរ​ទៅ​ទិស​ណាខ្លះ​ត្រូវ​ឆុង និង​ផ្ទះ​បែរ​ទៅ​ទិស​ណា​មាន​រាសីហេង​។ ប្រទេស​ប្រេស៊ីល​ ប្រទេស​អូស្ត្រាលី និង​ប្រទេស​ជប៉ុន​ ឬ​ភាគខាងត្បូង​នៃ​សហរដ្ឋអាមេរិក​។ ​

ដូច្នេះ​ប្រជាពលរដ្ឋ​នៅតាម​ប្រទេស​ដូច​រៀបរាប់​នោះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ​។ ចំណែក​នៅ​ប្រទេស​កម្ពុជា​គឺ​មិន​ជួប​បញ្ហា​អ្វី​ទេ​ដោយសារ​ហ្សូន​ឆ្នាំឆ្លូវ និង​ហ្សូន​ឆ្នាំមមែ មិន​​ចំ​ប្រទេស​កម្ពុជា​ទេ​៕

វីដេអូ៖