ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ធុងសំរាម​​ប្រមាណ​ ១៦៧១ ​ធុង​ និង​កម្លាំង​​សម្អាត​ប្រមាណ​ ៨០០ ​នាក់​ដើម្បី​កុំ​ឱ្យ​កើត​មាន​បាតុភាព​រាយប៉ាយ​សំរាម​ពាសវាល​ពាសកាល ខណៈ​ដែល​ក្រសួង​បរិស្ថាន​ក៏​នឹង​ពង្រាយ​មន្ត្រី​​ និង​អ្នក​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ ៣០០ ​នាក់​ចុះ​អប់រំ​ពលរដ្ឋ​ពី​ផលប៉ះពាល់​ចំពោះ​ការ​ចោល​សំរាម​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣ ​ថ្ងៃ​នេះ​ផង​ដែរ​។

តាម​ការផ្សព្វផ្សាយ​របស់​សាលា​រាជធានី​ភ្នំពេញ​ការដាក់​ធុងសំរាម​ទាំង​ចំនួន​ ១៦៧១ ​ធុង​នេះ​នឹង​ធ្វើ​នៅ​តាម​ទីតាំង​សំខាន់ៗ ដូចជា មាត់ទន្លេ តាម​សួនច្បារ ទីតាំង​ប្រគំតន្ត្រី និង ទីកន្លែង​ស្នាក់នៅ​របស់​កីឡាករ​អុំទូក​ដោយ​មាន​កម្លាំង ចំនួន ៨៣៥ នាក់​សម្រាប់​កើប​សំរាម និង​ចុះ​អប់រំ​កុំ​ឱ្យ​មាន​ការ​ចោល​សំរាម​ផ្ដេសផ្ដាស​នៅក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការរៀបចំ​សំរាម​នេះ​ជា​ការ​សមស្រប​ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​។

លោក​បាន​បន្ត​ថា​៖ «​យើង​បាន​ត្រៀម​អស់​ហើយ​សម្រាប់​ការងារ​ទាំងអស់​ហ្នឹង​។ យើង​ត្រូវ​ដឹង​ថា​បញ្ហា​សំរាម​ដែល​​នៅលើ​ដង​ផ្លូវ​វា​អត់​ចោទ​ ឬ​ក៏​ជា​មូលហេតុ​ ឬ​ចំនួន​ធុងសំរាម​ដែល​បញ្ឈរ​លើ​ផ្លូវ​ទេ​។ សំរាម​ដែល​នៅ​តាម​ដងផ្លូវ វា​អាស្រ័យ​លើ​ពលរដ្ឋ​របស់​យើង​ថា តើ​ចូលរួម​កម្រិត​ណា​?»​។

លោក​ថា​៖ «​នេះ​ជា​ការ​ត្រៀម​លក្ខណៈ​មួយ​សមស្រប​រួចហើយ​។ អ្វី​ដែល​នៅ​សល់​ថែម​ទៀត​គឺ​ការរៀបចំ​ការចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ការប្រមូល​កើប​របស់​យើង​ត្រូវ​ធ្វើ​ទាំងយប់​ទាំងថ្ងៃ​ ដើម្បី​ឱ្យ​ពិធី​របស់​យើង​បាន​ល្អ អត់​មាន​សំរាម​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​អាជ្ញាធរ​របស់​យើង​ខិតខំ​គ្រប់​រូបភាព គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​គ្រប់គ្រង​បញ្ហា​សំរាម​នេះ អ៊ីចឹង​មិន​ថា​គោលដៅ​ណា​យើង​ខិតខំ​ធ្វើ​ម៉េច​ឱ្យ​ការ​កើប​​អី​ឱ្យ​ល្អ​ប្រសើរ មិន​ចង់​ឱ្យ​មាន​បាតុភាព​អ្វី​កើតឡើង​រឿង​បញ្ហា​សំរាម​នោះ​ទេ ។ យើង​ចង់​ឱ្យ​ចប់​ពិធី​សប្បាយ​ហើយ​ទីក្រុង​យើង​ស្អាត​»​។

យ៉ាងណា​ក្ដី​លោក មាសភក្តី មិន​បាន​បញ្ជាក់​ពី​ការប្រើប្រាស់​​វិធានការ​ច្បាប់​ក្រៅពី​ការអប់រំ​ផ្សព្វផ្សាយ​នោះទេ​។

លោក​បាន​បន្ថែម​ថា​៖ «​រឿង​ការអនុវត្ត​វិធានការ​ច្បាប់​ប្រហែល​ជា​យើង​ត្រូវ​មើល​តាម​កាលៈទេសៈ​ដែរ​។ ​ប្រាកដ​ណាស់​​ច្បាប់​មិន​មាន​លក្ខខណ្ឌ​ទេ​។ ​នៅក្នុង​ពិធី​បុណ្យទាន​កំពុង​ជួបជុំ​សប្បាយរីករាយ ហើយ​រយៈពេល​តែ​ ៣ ​ថ្ងៃ អ៊ីចឹង​គួរ​តែ​ប្រើ​វិធានការ​ណា​មួយ​ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ចំពោះ​បញ្ហា​សំរាម​នេះ​»​។

ដោយឡែក​ក្រសួង​បរិស្ថាន​​ក៏​នឹង​ដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ​ជា​ ៣០០ ​នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ​ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន​ដោយសារ​ការបោះ​ចោល​សំរាម​ជាមួយ​នឹង​ការព្រមាន​ផាកពិន័យ​ចំពោះ​អ្នក​បោះចោល​សំរាម ខណៈ​ក្រុមហ៊ុន​ស៊ិនទ្រី​នឹង​ដាក់​ពង្រាយ​កម្មករ ២៧៤ ​នាក់ និង​រថយន្ត​ ៤៥ គ្រឿង​ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល ៣ ថ្ងៃ​៕