
ស្ត្រីម្នាក់ កំពុងដងទឹកចេញពីធុងធំមួយ នៅលើទីតាំងដីជម្លោះ ក្នុងខេត្តព្រះសីហនុ។ ផា លីណា
ព្រះសីហនុៈ អាជ្ញាធរអះអាងថា ពលរដ្ឋខ្លះ ក្នុងចំណោម ១០០ គ្រួសារដែលប៉ះទង្គិចជាមួយសមត្ថកិច្ច ក្នុងជម្លោះដីធ្លី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុពីសប្តាហ៍មុនគឺជាអ្នកកាន់កាប់ដីមិនស្របច្បាប់ ព្រោះមិនមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគេបានរស់នៅលើដីនេះយូរមកហើយ គ្រាន់តែគ្មានការទទួលស្គាល់ពីអាជ្ញាធរ។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងថា កាលពីដើមឡើយ តំបន់នេះ គឺជាដីព្រៃ ស្ថិតនៅក្នុងដីគម្របព្រៃឈើ តែក្រោយមកក៏មានការចេញប្លង់ជូនប្រជាពលរដ្ឋ ដែលហៅថា ប្លង់ស្លាបមាន់ នៅឆ្នាំ ២០០២ ប៉ុន្តែ តុលាការកំពូល បានសម្រេចនិរាករណ៍លិខិតកាន់កាប់នានា ហើយប្រគល់ដីនេះឲ្យទៅពលរដ្ឋ ៩ គ្រួសារកាន់កាប់ដែលឈានដល់ការអនុវត្តសាលដីកា នាំឲ្យមានការប៉ះទង្គិចគ្នា កាលពីថ្មីៗនេះ។
លោកថា៖ «ខ្លះមាន ខ្លះអត់ ហើយអ្នកខ្លះមកពីចម្ងាយ ហើយដោយសារតែយើងមិនបានគ្រប់គ្រងគាត់បានត្រឹមត្រូវហ្នឹងហើយ បានចុះទៅពិនិត្យ និងសុំការសហការពីពលរដ្ឋស្រង់នូវស្ថិតិឲ្យមានភាពច្បាស់លាស់ ហើយដោយសារតែពួកគាត់ មិនមានភាពស្របច្បាប់ហ្នឹងហើយ បានបណ្តាលឲ្យមានជម្លោះ»។
លោកថា៖ «និយាយរួមគ្រាន់តែមានអនុក្រឹត្យនិរាករណ៍ប្លង់ស្លាបមាន់ហ្នឹង ប៉ុន្តែដំណើរនីតិវិធីបន្តទៅទៀតរបស់ជំនាញសុរិយោដីគាត់ធ្វើយ៉ាងម៉េច សម្រាប់ឯកសារយ៉ាងណា អនុក្រឹត្យយ៉ាងណាទៀត ខ្ញុំក៏មិនច្បាស់ដែរ ព្រោះនីតិវិធីកើតមកក្រោយៗទៀត ជំនាញគេអ្នកទទួលខុសត្រូវ ពាក់ព័ន្ធគម្របដីព្រៃឈើ តាំងពី ២០០២ ឯណោះ»។
អ្នកនាំពាក្យរូបនេះអះអាងថា ជំហានបន្ទាប់ មន្ត្រីជំនាញនៅតែបន្តអនុវត្តតាមសាលដីកានេះ។ លោកបន្ថែមថា៖ «រឿងការតតាំងប្រឆាំង បង្កើតហិង្សាហ្នឹង អត់អាចកើតឡើងបានទេ តែអាជ្ញាធរខេត្តបានផ្តល់គំនិតជូនគាត់មួយ បើសិនជាគាត់ដកថយទៅ ធ្វើជាសំណើ ឬពាក្យបណ្តឹងតតាំងសុំជាផ្លូវការមកវិញ គាត់កើតទុក្ខមិនសុខចិត្តរឿងអី ចំពោះការសម្រេចរបស់តុលាការកំពូល។ អាជ្ញាធរនឹងពាំនាំយកសំណុំរឿងរបស់គាត់ដាក់ជូនទៅតាមលំដាប់លំដោយដើម្បីជួយសម្រួលឲ្យគាត់ឬក៏ពិនិត្យសើរើឡើងវិញ»។
លោក អុឹម សារ៉ុម អតីតមេឃុំបិតត្រាង ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលពីលោកនៅជាមេឃុំបិតត្រាំង មានប្រជាពលរដ្ឋជាច្រើនដែលបានមករស់នៅតំបន់ដីមានវិវាទនេះបានសម្រុកមកកាប់ទន្រ្ទានយកដី ទោះបីមានការហាមឃាត់ពីអាជ្ញាធរក៏ដោយពួកគេមិនព្រមឈប់និងនៅតែបន្តការកាន់កាប់។
លោកបន្តថា៖ «តាមពិតដីនេះ តាមដែលខ្ញុំដឹងគឺជាដីក្រុមហ៊ុន មានម្ចាស់រួចហើយ ប៉ុន្ដែម្ចាស់ទុកចោលមិនដែលមកខ្វាយខ្វល់អីទេ ទើបនៅអំឡុងឆ្នាំ ២០១៦-២០១៧ រហូតមកចេះតែមានប្រជាពលរដ្ឋទៅកាប់ទន្រ្ទានកាន់កាប់យករៀងៗខ្លួនរហូតមក»។
លោកថា៖ «កាលនោះខ្ញុំស្មានតែក្រុមហ៊ុន គេជួលពួកគាត់(ពលរដ្ឋ)មកកាប់ព្រៃអី ទើបក្រោយៗមកទើបមានរឿងផ្ទុះការ-តវ៉ាពីប្រជាពលរដ្ឋទាមទារដីនោះ ប៉ុន្ដែតាំងពីដើមមក ដីនេះខ្ញុំមិនដែលឃើញមានប្លង់មានអីទេ»។
អតីតមេឃុំបិតត្រាំង រូបនេះ រៀបរាប់ទៀតថា បើតាមលោកចាំ កាលពីឆ្នាំ ២០០៥ និង ២០០៦ ដីវិវាទនេះក៏ធ្លាប់មានការទិញលក់ពីមន្រ្ដីធំៗនៅភ្នំពេញមួយចំនួនដែរស្របពេលនោះក៏មានពលរដ្ឋចំណាកស្រុកដទៃៗទៀត បានមកតាំងលំនៅជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «ពួកគាត់ចេះតែផ្អើលតាមគ្នា ព្រោះដីហ្នឹងវាអត់មានការអភិវឌ្ឍ។ ពួកគាត់អ្នកអនាធិបតេយ្យ ដែលគាត់សុទ្ធតែមានបណ្ដាញគ្នាគាត់។ ពលរដ្ឋរស់នៅលើដីបច្ចុប្បន្ននេះ គឺគ្មានប្រជាពលរដ្ឋជាក់ស្ដែងក្នុងទឹកដីស្រុកភូមិនេះទេ គឺគ្មានតែម្ដង ភាគច្រើនគឺពួកគាត់មកពីខាងស្រុកក្រៅ មកពីកោះកុង មកពីកំពតអីណានោះ»។
ស្រដៀងគ្នានេះមេភូមិគគីរ លោកសុខ ណារ៉ា អះអាងថា ពលរដ្ឋដែលកំពុងតវ៉ាក្នុងវិវាទដីនេះមិនមែនជាប្រជាពលរដ្ឋដែលមានស្ថិតិរស់នៅក្នុងភូមិនេះទេ ពួកគេជាប្រជាពលរដ្ឋចំណូលថ្មី។
លោកបន្ដថា៖ «ពួកគាត់ជាប្រជាពលរដ្ឋចម្រុះចេញចូលចេញចូលក្នុងភូមិនេះ យើងមិនទាន់អាចស្រង់ស្ថិតិពួកគាត់បាននៅឡើយទេ។ កន្លងមកពួកគាត់ធ្លាប់មកស្នើសុំលិខិតស្នាមអីដែរ តែយើងមិនដែលចេញឲ្យគាត់ទេ យើងប្រាប់គាត់ថាដីនេះធ្លាប់មានប័ណ្ណកាន់កាប់ពីមុនៗមក»។
លោកបន្ថែមថា៖ «យើងគ្រាន់តែដឹងថាដីនេះ គេមានបណ្ណកម្មសិទ្ធិពីមុនមក តែយើងមិនដែលឃើញប័ណ្ណនោះទេ មិនដឹងថាជាប័ណ្ណយ៉ាងម៉េចទេ។ ប៉ុន្ដែជាក់ស្ដែងគឺពិតជាមានប្រជាពលរដ្ឋខ្លះគាត់រងគ្រោះជាក់ស្ដែងមែន ព្រោះពួកគាត់អត់លំនៅ បានទៅទិញដីពីអ្នកដែលទន្រ្ទានដីនោះ ចំណែកអ្នកលក់គេបានលុយទៅបាត់អស់ហើយ»។
បើតាមការអះអាងថា មានពលរដ្ឋយ៉ាងហោចណាស់ ១០០ គ្រួសារ ដែលបាននៅលើដីមានជម្លោះនេះ ហើយពួកគេភាគច្រើនសុទ្ធតែអះអាងដូចៗគ្នាថា បានរស់នៅលើដីនេះជាយូរឆ្នាំមកហើយ តែអាជ្ញាធរមិនចេញបណ្ណកម្មសិទ្ធិឲ្យ។
កាលពីថ្ងៃទី២៤ មករា មានការប៉ះទង្គិចគ្នាមួយបានកើតឡើងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ រវាងពលរដ្ឋជិត ៣០០ នាក់ ដែលអះអាងថា ជាដីរបស់ខ្លួន ដោយបានដុតកង់ឡាននិងបិទផ្លូវជំទាស់នឹងអាជ្ញាធរចម្រុះប្រមាណ ២០០ នាក់ ចុះទៅរុះរើផ្ទះរបស់ពួកគេ ដើម្បីអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល។ ក្នុងការប៉ះទង្គិចនោះ មានពលរដ្ឋម្នាក់រងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងដឹកទៅសង្គ្រោះនៅភ្នំពេញ និងម្នាក់ទៀតរងរបួសស្រាល ចំណែកពលរដ្ឋ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនតែត្រូវបានដោះលែងវិញនៅថ្ងៃដដែល។
លោកសឿង សាង អាយុ ៦០ ឆ្នាំ ជាពលរដ្ឋកំពុងរងវិវាទដីធ្លីនេះ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខ្លួនបានមករស់នៅទីតាំងដីនេះជិត ២០ ឆ្នាំហើយ ប៉ុន្ដែលោកមិនមានឯកសារបញ្ជាក់អ្វីទេព្រោះអាជ្ញាធរមិនធ្វើជូនពួកគាត់ បើទោះជាបានស្នើសុំក៏ដោយ។
លោកថា៖ «ខ្ញុំមិនដឹងទៅណាទៀត បើគេមករុះរើកម្ទេចទីនេះ។ ខ្ញុំនឹងនៅតតាំង សុខចិត្ដងាប់នៅតស៊ូនៅទឹកដីនេះ»។ លោក ចង់ឲ្យមានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកខ្លួន។
លោកឆីវ ឆេង តំណាងប្រជាពលរដ្ឋជិត ១០០ គ្រួសារ ដែលកំពុងទាមទារដីក្នុងតំបន់ខាងលើ ប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ពួកគាត់បានមករស់នៅលើដីនេះ ជាច្រើនឆ្នាំមកហើយប៉ុន្ដែពួកគាត់មិនមានប័ណ្ណបញ្ជាក់កម្មសិទ្ធិដីធ្លីទេ។
លោកថា៖ «គេគំរាមថា បើមិនរុះរើតង់និងខ្ទមចេញទេ គេនឹងកាយកម្ទេចទាំងអស់។ ប៉ុន្ដែ ឥឡូវគេមិនប្រើអាវុធបាញ់មកលើពលរដ្ឋដូចមុនទេ ពេលឃើញពលរដ្ឋតវ៉ាច្រើនគេទៅវិញអស់ហើយ»។
លោកបន្ដថា៖ «ប្រជាពលរដ្ឋនឹងនៅតវ៉ានៅដីនេះរហូតទទួលបានដំណោះស្រាយ ទោះមានការវាយកម្ទេចនិងដេញយ៉ាងណាក៏ពួកយើងមិនចេញទៅណាដែរ»។
តាមសំអាងហេតុក្នុងសាលដីការបស់តុលាការកំពូលចុះថ្ងៃទី ១ ធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ដីមានជម្លោះនេះចំនួន ៧១ ហិកតា ត្រូវបានទិញលក់ តាំងពីឆ្នាំ ១៩៩៣ ដោយភាគីឈ្មោះ ហេង អ៊ុយហុក បានទិញពីពលរដ្ឋ ៩ គ្រួសារ មានឈ្មោះគង់ វណ្ណា, ទឹម យាន, ស៊ឹង ស៊ាន, ច្រឹង វុត្ថា, សៀន សុខ និងឈ្មោះឯម អ៊ិន តែដោយការទូទាត់ប្រាក់ពុំគ្រប់ចំនួន ទើបពួកគេទាំង ៩ គ្រួសារនោះបញ្ចប់កិច្ចសន្យាទិញលក់និងបន្តកាន់កាប់ដីនេះ។
ការសំអាងហេតុនោះបន្តថា ក្រោយមក បុគ្គលឈ្មោះ ហេង អ៊ុយហុក ដែលជាចុងចម្លើយ បានលួចធ្វើប័ណ្ឌកាន់កាប់ដោយចុះនៅឆ្នាំ ១៩៩៣ ទើបមានការ-ប្តឹងផ្តល់ទៅសាលាដំបូងខេត្តព្រះសីហនុនៅអំឡុងឆ្នាំ ២០១០ រហូតដល់តុលាការកំពូល ដោយសម្រេចចុងក្រោយ នៅខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលសម្រេចផ្តល់ដីទំនាស់នោះ ទៅឲ្យពលរដ្ឋ ៩ គ្រួសារ ដែលមានតំណាងដើមបណ្តឹងឈ្មោះឆាយ ណារិន និង គង់ វណ្ណា។
លោកថាន់ ថាវិរៈ មេធាវីការពារក្តីពលរដ្ឋ ៩ គ្រួសារដែលតុលាការកំពូលកាត់ឲ្យឈ្នះក្តី លើដី ៧១ ហិកតានោះប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កូនក្តីរបស់លោកបានតតាំងក្តីលើដីនេះ តាំងពីឆ្នាំ ២០១០ មក ដោយបានដាក់លិខិតសុំអន្តរាគមន៍គ្រប់ស្ថាប័នពាក់ព័ន្ធ រហូតតុលាការកំពូលចេញសេចក្តីសម្រេចប្រគល់ឲ្យកូនក្តីខ្លួន។ លោកបន្តថា ដល់ពេលថ្ងៃអនុវត្តសាលដីកា ក៏បានជូនដំណឹងជាច្រើនដងមកដែរ តែពលរដ្ឋទាំងនោះ នៅតែមិនព្រមចាកចេញ ព្រោះតែពួកគេមានការជំរុញពីឈ្មោះយូ ណារិន ដែលសង្ស័យថា បានញុះញង់ពលរដ្ឋទាំង ១០០ គ្រួសារនោះ។
លោកបន្តថា៖ «អំឡុងពេលពួកខ្ញុំកំពុងដើរក្តីនៅតុលាការ ក្នុងឆ្នាំ ២០១២ និង២០១៣ ក្រុមគាត់(ពលរដ្ឋ)ហ្នឹង បានតាំងលំនៅ»។ លោកបន្តថា៖«លោកព្រះរាជអាជ្ញាចុះអនុវត្តដល់ទីតាំងហ្នឹង សួរថាដឹងថាគេ ចុះមកអនុវត្តទេ? ពួកគាត់ (ពលរដ្ឋ) ឆ្លើយថាដឹង តែឲ្យសួរមេគាត់ឈ្មោះយូ ណារិន សិន ហើយការអនុវត្តថ្ងៃបន្ទាប់ បានជួបពលរដ្ឋម្តងទៀត។ តែពលរដ្ឋបានឲ្យជួបតំណាងពលរដ្ឋ ដោយទាមទារឲ្យពួកគាត់ដែលជាអ្នក-ឈ្នះក្តីហ្នឹង ផ្តល់សំណងតាមគោលនយោបាយអីណា ដោយមានការស្នើឲ្យកាត់ដី ៧ ទៅ ៨ ហិកតាឲ្យពលរដ្ឋទាំងនោះ»។
លោកថាន់ ថាវិរៈ អះអាងថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់កូនក្តីលោក ទាំង ៩ គ្រួសារ ដែលជាអ្នកឈ្នះក្តី បែរជាត្រូវជួបបញ្ហាដូច្នេះ។ លោកស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាឲ្យកូនក្តីខ្លួន បានសិទ្ធិកាន់កាប់ដោយស្របច្បាប់ខណៈដីជិត ៥០ ហិកតា ដែលខ្លួនបានកាន់កាប់ដោយពុំមានការជំទាស់ តែដីជិត ២០ ហិកតាទៀត កំពុងមានជម្លោះ។
លោកយូ ណារិន ដែលម្ចាស់ដីបានចោទប្រកាន់ថានៅពីក្រោយការញុះញង់ពលរដ្ឋទាំងនោះឲ្យតវ៉ាប្រឆាំងការអនុវត្តសាលដីកាតុលាការកំពូលបានបដិសេធ ពីម្សិលមិញ។ លោកបញ្ជាក់ថា លោកក៏ជាជនរងគ្រោះលើជម្លោះដីធ្លីនេះដែរ ព្រោះខ្លួនពិតជាបានទិញដីពីប្រជាពលរដ្ឋទាំង ១០០ គ្រួសារនោះ ដោយការទិញលក់ខ្លះមានការទទួលស្គាល់ពីភូមិឃុំ។
លោកណារិន បន្តថា៖ «បានទិញហើយ អ្នកខ្លះហ្នឹង ក៏បានឲ្យនៅមើលដំណាំដាំដុះហ្នឹង ហើយរួចពីហ្នឹងទៅ ចាប់អភិវឌ្ឍលើដីហ្នឹង ក៏គេចោទថា ខ្ញុំហ្នឹងហ៊ុមព័ទ្ធដីរដ្ឋ។ ហ៊ុមព័ទ្ធម៉េច បើរដ្ឋអនុវត្តឲ្យខ្ញុំ រួចរាល់អស់ហើយ ដោយបាន [ដាំ] ដុះរួចហើយ តែក៏ចាប់ខ្ញុំដាក់ពន្ធនាគារ ថាខ្ញុំហ្នឹងបំផ្លិចបំផ្លាញដីរដ្ឋ»។
បើតាមការអះអាងរបស់លោកយូ ណារិន ដីដែលលោកបានទិញនោះ គឺមាន ២៧ ហិកតា ដោយបានបង្កបង្កើនផលលើដីនោះ បន្ទាប់ពីបានទិញពីពលរដ្ឋទាំង ១០០ គ្រួសារ តែលោកថាដីនេះ មានចម្ងាយឆ្ងាយពីដីកំណត់ក្នុងសាលដីកាប្រមាណ ៣ គីឡូម៉ែត្រ។
លោកស្រីជាប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុថ្លែងថា ករណីដីជម្លោះនេះ គឺមានការកាន់កាប់ ៣ ក្រុមខុសៗគ្នា ដោយក្រុមទាំងនោះ មួយក្រុមជាអ្នកកាន់កាប់មានឯកសារត្រឹមត្រូវ ១ ក្រុម គឺជាក្រុមដែលទទួលបានការកាន់កាប់ដីនេះ មានការដឹងឮពីអាជ្ញាធរខណៈមួយក្រុមទៀត ជាអ្នកកាន់កាប់គ្មានការដឹងឮពីអាជ្ញាធរ និងបានលក់ដីដែលគ្មានឯកសារនេះទៅឲ្យអ្នកផ្សេងគ្មានការដឹងឮពីអាជ្ញាធរ។
បើតាមពលរដ្ឋ ដែលកំពុងបោះតង់លើដីមានជម្លោះ ក្រោយគ្រឿងចក្ររុះរើផ្ទះរបស់ពួកគេ អះអាងម្សិលមិញថា អាជ្ញាធរបានដើរស្រង់ស្ថិតិតែពួកគាត់មួយចំនួនមិនសហការនោះទេ ព្រោះបារម្ភខ្លាចអាជ្ញាធរ ធ្វើរបាយការណ៍ខុសពីការពិត។
លោកចេន ស្រុង ប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ពីម្សិលមិញ៕