ព្រះសីហនុៈ រដ្ឋបាលខេត្ដព្រះសីហនុបានជូនដំណឹងដល់ពលរដ្ឋដែលកំពុងលក់ដូរ និងអាស្រ័យផលនៅលើដីឆ្នេរលម្ហែកាយមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុឲ្យរុះរើតូប ស្តង់ រោង ចេញពីលើដីចំណីឆ្នេរដោយទុករយៈពេល ១៥ ថ្ងៃគិតចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២០ ខែឧសភានេះជាកំហិត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកាលពីថ្ងៃទី ៤ ឧសភា។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចុះហត្ថលេខាដោយអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន កាលពីថ្ងៃទី ៤ ឧសភា បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្ដព្រះសីហនុបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងលក់ដូរ និងអាស្រ័យផលនៅតាមឆ្នេរសមុទ្រ។ ពួកគេបានសង់តូប ស្ដង់ រោង ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយដោយគ្មានសោភណភាព និងប៉ះពាល់ដល់អនាម័យបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដែលជាកន្លែងលម្ហែកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា៖ «ដូច្នេះដើម្បីរៀបចំ កែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរខ្សាច់កម្សាន្តក្នុងក្រុងព្រះសីហនុ ដើម្បីធានាបាននូវការគ្រប់គ្រង និងរក្សាបរិស្ថានប្រកបដោយនិរន្តរភាពស្របតាមខ្លឹមសារនៃសារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១២ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ដព្រះសីហនុសូមឲ្យបងប្អូនរុះរើតូប ស្ដង់ រោង ទាំងនោះចេញពីលើដីចំណីឆ្នេរលម្ហែកាយដោយទុករយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែឧសភាដល់ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ជាកំហិត»។
រដ្ឋបាលខេត្ដថា៖ «ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនរុះរើតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ដនឹងអនុវត្ដវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្ដិរបស់បងប្អូនឡើយ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដព្រះសីហនុបានថ្លែងពីម្សិលមិញថា ការជូនដំណឹងឲ្យពលរដ្ឋរុះរើតូបនេះគឺដើម្បីរៀបចំអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាកន្លែងលម្ហែកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកថ្លែងថា៖ «តូបលក់ដូរនៅឆ្នេរលម្ហែកាយមានជាង ១០ តូប។ ឆ្នេរនេះនឹងត្រូវបានរៀបចំជាឆ្នេរកម្សាន្តសាធារណៈ។ ដោយឡែក [វិធានការនេះ] ជាវិធានការមានចែងក្នុងលិខិត ស.ជ.ណ. របស់ខេត្ត»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លើកឡើងពីម្សិលមិញថាបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ដ-ក្រុងព្រះសីហនុបានចេញផ្លែផ្កាមួយចំនួនធំហើយ។ ចំពោះការអភិវឌ្ឍតំបន់ឆ្នេរ រដ្ឋបាលខេត្ដព្រះសីហនុក៏កំពុងអនុវត្ដតាមស្ដង់ដាតែមួយដោយកែប្រែឆ្នេរសមុទ្រឲ្យទៅជាឆ្នេរលម្ហែកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកថ្លែងថា៖ «ការឲ្យរុះរើតូបនៅឆ្នេរលម្ហែកាយស្ថិតនៅភូមិ ១ សង្កាត់លេខ ៣ នេះគឺជាផែនការអភិវឌ្ឍន៍របស់ខេត្ដដែលគេធ្វើតាមស្ដង់ដាតែមួយ។ ការអនុវត្ដវិធានការនេះគឺដូចទៅនឹងវិធានការកន្លងមកដែលធ្លាប់បានធ្វើនៅឆ្នេរអូរឈើទាលដែរ។ គឺតម្រូវឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់រុះរើសំណង់ចេញដើម្បីរដ្ឋបាលខេត្ដគេអភិវឌ្ឍកែលម្អជាឆ្នេរស្ដង់ដា»៕