ពោធិ៍សាត់: អាជ្ញាធរខេត្ត​ពោធិ៍សាត់​បាន​ទុកពេល​ ៧ ​ថ្ងៃ ​ដល់​ពលរដ្ឋ​ចំនួន​ ២១ ​គ្រួសារ ដែល​អាជ្ញាធរ​អះអាង​ថា បាន​តាំង​លំនៅ​មិន​ស្របច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ឲ្យ​ប្រញាប់​រុះរើ​ផ្ទះ និង​ខ្ទម​ចំនួន​ ៤៣ ​ខ្នង​ របស់ខ្លួន​ចេញពី​តំបន់​នោះ​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ក្រោយ​ពេល​ផុត​ឱសានវាទ​នេះ​។

សេចក្តី​ជូន​ដំណឹង​របស់​លោក​ ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ចុះ​ថ្ងៃទី​ ៣ ខែកញ្ញា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​បាន​ទទួល​ពីថ្ងៃ​ ៦ ​កញ្ញា ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ចាប់ពី​ចំណុច​ស្ពាន​អូរ ១៧ រហូត​ដល់​លើ​ភ្នំ​ ១៥០០ ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​កំពុង​ត្រូវបាន​ជនខិលខូច​មួយចំនួន​ទន្ទ្រានព្រៃ​កាន់កាប់​ដី​យ៉ាង​អនាធិបតេយ្យ បើទោះ​ជា​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ធ្លាប់​បាន​ណែនាំ​ក៏ដោយ​។

សេចក្តី​ជូន​ដំណឹង​បន្តថា ដូច្នេះ​​ដើម្បី​ថែរក្សា​ព្រៃ និង​ដី​តំបន់​ការពារ​ធម្មជាតិ​ដែល​ជា​ប្រភពធនធាន​ធម្មជាតិ​ដ៏សំខាន់ រដ្ឋបាល​សាលា​ខេត្ត​ពោធិ៍សាត់​នឹង​ចាត់វិធានការ​រដ្ឋបាល​បោសសម្អាត​ទីតាំង​រស់នៅ​មិន​ស្របច្បាប់​ក្នុង​តំបន់​នោះ​។ ​រដ្ឋបាលខេត្ត​ទុកពេល​ ១ ​សប្តាហ៍​ គិត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​ទៅ​សម្រាប់​ឲ្យ​ពលរដ្ឋ​ចំនួន​ ២១ ​គ្រួសារ​រុះរើ​ផ្ទះ និង​ខ្ទម​ទាំង​ ៤៣ ​ខ្នង​ ដែល​សង់​មិន​ស្របច្បាប់​ចេញពី​ចំណុច​ខាងលើ​ដោយ​ខ្លួនឯង និង​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់​នោះ​តទៅទៀត​។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​ «​ដល់​ថ្ងៃ​ផុតកំណត់​នៃ​សេចក្ដី​ជូនដំណឹង​នេះ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​ទ្រព្យសម្បត្តិ​នោះទេ ក្នុង​ករណី​នេះ​ប្រជាពលរដ្ឋ​ណា​ដែល​រឹងរូស​ ឬ​ប្រឆាំង​តបត​ដោយ​ហិង្សា​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​»​។

លោក​ ផាន់ សុភារីន នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ស្រុក​វាលវែង​បាន​ថ្លែង​ពី​ថ្ងៃ​ទី​ ៦ កញ្ញា​ ថា លោក​បាន​យក​សេចក្ដី​ជូន​ដំណឹង​នេះ​ទៅ​ពន្យល់​ក្រុម​ពលរដ្ឋ​ទាំង​ ២១ ​គ្រួសារ​នោះ​ឲ្យ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ៥ ខែ​កញ្ញា ដោយ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ថែរក្សា​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​។

លោក​បន្តថា ពលរដ្ឋ​ទាំងនោះ​គឺជា​អ្នក​ចំណាកស្រុក​មកពី​តំបន់​​ និង​ខេត្ត​ផ្សេងៗ​គ្នា​ដែល​បាន​នាំគ្នា​មក​កាប់​រុករាន​ដីព្រៃ​ភ្នំ​សំកុស​ចាប់ពី​ឆ្នាំ​ ២០១៨ ឬ​ឆ្នាំ​ ២០១៩ ​ហើយ​មាន​អ្នកខ្លះ​បាន​លក់​បន្ត​ឲ្យ​អ្នកផ្សេង​ផង​។ ​ពួកគាត់​បាន​សាងសង់​ខ្ទម​តូចៗ​ប្រមាណ​ ៤៣ ​ខ្នង ដើម្បី​សម្គាល់ និង​កាន់​ដី​នៅ​តំបន់​នោះ ប៉ុន្ដែ​មិន​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ​។

លោក​ថា​៖ «​ដល់​ថ្ងៃ​កំណត់​នៃ​ឱសានវាទ គឺ​ពួកគាត់​ត្រូវ​ចុះ​រុះរើ​ផ្ទះ​ ឬ​ខ្ទម​ដែល​នៅ​មិនទាន់​មាន​ការរុះរើ​ទាំងអស់​ចេញពី​តំបន់​ការពារ​ធម្មជាតិ​។ ​អាជ្ញាធរ​មូលដ្ឋាន​នឹង​តាមដាន និង​គ្រប់គ្រង​ជនចំណូលស្រុក​ដោយ​មិន​ត្រូវ​ចេញ​លិខិត​បញ្ជាក់​លំនៅឋាន​ ឬ​លិខិតបញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ជូន​អ្នក​ដែល​រំលោភ​យក​ដី​នៅ​តំបន់​ការពារ​​ធម្មជាតិ​ឡើយ​»​។

លោក​ សំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ពីថ្ងៃ​ទី​ ៦ ​កញ្ញា​ ថា លោក​មិនទាន់​បាន​ទទួលដំណឹង​នេះ​ទេ ប៉ុន្តែ​លោក​ថា​នឹង​ចុះ​ស៊ើបអង្កេត​ពី​ករណី​ពលរដ្ឋ ​២១ ​គ្រួសារ​នេះ​។

លោក​ថា​៖ «​ខ្ញុំ​អត់​ទាន់​ហ៊ាន​មាន​មតិ​ជុំវិញ​ករណីនេះ​ទេ ព្រោះ​ខ្ញុំ​មិនទាន់​បាន​ចុះទៅ​ស៊ើបអង្កេត​ច្បាស់​ពី​ទីតាំង ហើយ​នឹង​ស្ថានភាព​សាច់រឿង​ច្បាស់លាស់​។ ប៉ុន្តែ​​ខ្ញុំ​គ្រោង​ចុះទៅ​ស៊ើបអង្កេត ដើម្បី​ចង់​ដឹង​ថា តើ​ពួកគាត់​ជា​ជនខិលខូច​ដើរ​ចាប់ដី​ទន្ទ្រាន​ដី​ខុសច្បាប់ ឬ​ពួកគាត់​ជា​ជនរងគ្រោះ​? ខ្ញុំ​នឹង​ចុះ​ស៊ើបអង្កេត​សិន​»​។

តំណាង​ពលរដ្ឋ​ទាំង​ ២១ ​គ្រួសារ​ ដែល​កំពុង​រស់នៅ​តំបន់​នោះ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ កាលពី​ម្សិលមិញ​៕