កោះកុងៈ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ខេត្តកោះកុង​បានដាក់​ឱសានវាទ​ឱ្យ​ពលរដ្ឋ​ដែល​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ ដែល​ស្ថិតនៅ​ស្រុក​គិរីសាគរ​កាយ​អាចម៍ដី​នោះ​ចេញ​វិញ​ឱ្យ​អស់​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ​ហើយ​បាន​ព្រមាន​ថា ប្រសិន​បើ​ពុំបាន​ធ្វើ​​តាម​កំណត់​ទេ​អាច​ប្រឈម​នឹង​ច្បាប់​។

ការដាក់កំហិត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ពលរដ្ឋ​មួយចំនួន​លួច​ចាក់​អាចម៍ដី​​ចូល​សមុទ្រ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​​សោភណភាព​សមុទ្រ​ព្រៃកោងកាង និង​បរិស្ថាន​នៅ​ជុំវិញ​នោះ​។

ក្រោយ​មាន​ហេតុការណ៍​នេះ​អភិបាលរង​ខេត្តកោះកុង​លោក សុខ សុទ្ធី បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង​ការចាក់ដី​ចូល​ចំណី​សមុទ្រ​ការកាប់​ព្រៃកោងកាង និង​ការសង់​ស្ពាន​ខ្ទម​នៅ​ស្រុក​គិរីសាគរ ខេត្តកោះកុង ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ជាដើម​។

លោក សុខ សុទ្ធី បាន​ថ្លែងថា ការចាក់​អាចម៍ដី​រំលោភ​ចូល​ចំណី​សមុទ្រ​កើតឡើង​នៅ​ចំណុច ពយតាឃួន ក្នុង​ភូមិ​ព្រែកខ្សាច់ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង ដោយមាន​អ្នកពាក់ព័ន្ធ​ចំនួន​ ៣ ​នាក់ រួមមាន ឈ្មោះ​ ហួត ឃៀន និង​ឈ្មោះ ហួត ង៉ែត ឈ្មោះ​ ឈឹម ចាន់ឌី​ (​ប្តី​ប្រពន្ធ​)​។

លោក​បន្តថា​៖ «​ពាក់ព័ន្ធ​នឹង​ករណីនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដី​ដែល​ចាក់​រំលោភ​ចូល​ចំណី​សមុទ្រ​ដើម្បីឱ្យ​សាមីខ្លួន​កាយ​អាចម៍ដី​នោះ​ឡើងវិញ​ដោយ​ប្រើ​រយៈពេល​យ៉ាងយូរ​ ១ ​ខែ​ (៣០ ​ថ្ងៃ​) [​គិតពី​ថ្ងៃ​កិច្ចសន្យា​] ​ត្រូវ​កាយ​អាចម៍ដី​នោះ​ឡើង​វិញ​ឱ្យអស់​»​។

បើតាម​លោក សុទ្ធី សាមីខ្លួន​ទាំង​ ៣ ​នាក់​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​ផងដែរ ព្រមទាំង​​បានទទួល​ស្គាល់​កំហុស​របស់ខ្លួន​ដែល​បាន​​ចាក់​អាចម៍ដី​រំលោភ​ចូល​ចំណី​សមុទ្រ និង​បាន​ស្ម័គ្រចិត្ត​កាយ​អាចម៍ដី​ដែល​ខ្លួន​បាន​ចាក់​នោះ​ចេញពី​ចំណី​សមុទ្រ​វិញ​។

លោក​បាន​បញ្ជាក់ថា ក្រោយ​ទទួល​បាន​ដំណឹង អាជ្ញាធរ​មាន​ចំណាត់ការ​ភ្លាមៗ​ពុំ​ដូច​មតិ​មួយចំនួន​ដែល​បាន​លើកឡើង​ថា ការចាក់ដី​ចូល​សមុទ្រ​បានកើត​ឡើង​យូរ​នោះទេ​។ ​លោក​ថា​៖ «​អត់​មាន​ចាក់ដី​យូរហើយ​ទេ គេ​ចាក់​តែ​ប៉ុន្មាន​ថ្ងៃ​ពេល​ចាក់​ភ្លាម ឃាត់​ភ្លាម​»​។

យ៉ាងណា​ក៏ដោយ លោក​ ថោង ច័ន្ទដារ៉ា អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក​ប្រចាំ​ខេត្តកោះកុង​បាន​ថ្លែងថា ករណីនេះ​អាច​ជា​ការឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដោយសារ​​ការចាក់ដី​ចូល​សមុទ្រ​នោះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មិនមែន​ជា​ករណី​តូចតាច​ឡើយ​។

លោក​ថា​៖ «​ជា​ការឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ព្រោះ​ដំណើរការ​ចាក់ដី​ទ្រង់ទ្រាយ​ធំ​ចាក់ដី​អស់​ច្រើន​ហើយ​ដល់ពេល​បែកធ្លាយ​ព័ត៌មាន​ទើប​ខេត្ត​មាន​ចំណាត់ការ​...​សំខាន់​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​មាន​បាតុភាព​បែបនេះ គួរ​​រាយការណ៍​ទៅ​ស្រុក​ ឬ​ខេត្ត​ទាក់ទង​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ពេលខ្លះ​អាជ្ញាធរ​ខេត្ត​សមត្ថកិច្ច​គាត់​មិន​ដែល​រកឃើញ​អ្នក​នៅ​ពី​ក្រោយខ្នង​ទេ គ្រាន់តែ​ធ្វើ​ចំណាត់ការ ធ្វើ​បែប​នេះ​អត់​មាន​តម្លាភាព​ក្នុង​ការស្វែងរក​ជនល្មើស​នៅ​ពី​ក្រោយខ្នង​»​។

លោក​ចាត់ទុក​ថា ការចាក់ដី​ចូល​សមុទ្រ​បែបនេះ​ជាការ​បំផ្លាញ​ដល់​ជីវចម្រុះ​​ធនធាន​ធម្មជាតិ និង​ប៉ះពាល់​ការប្រកបរបរ​នេសាទ​របស់​ពលរដ្ឋ​ជាដើម​។ ​លោក​ថា​៖ «​ព្រោះថា សហគមន៍​ធ្លាប់​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បំផ្លាញ​ព្រៃកោងកាង ធនធានធម្មជាតិ វា​ប៉ះពាល់​ច្រើន​ទាក់ទង​ជីវិត​ជីវសាស្ត្រ​»​។

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ លោក សែម ធី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការចាក់ដី​ចូល​សមុទ្រ​បែបនេះ ធ្វើ​ប៉ះពាល់​ព្រៃ​កោងកាង និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដែល​អាស្រ័យ​លើ​ការនេសាទ​។

លោក​ថា​៖ «​ការចាក់ដី​នេះ​ប៉ះពាល់​ដល់​ព្រៃកោងកាង​ខ្លាំង​បំផុត​ពួកខ្ញុំ​ធ្លាប់​រើស​ខ្យង-ងាវ ឥឡូវ​មិនសូវ​មាន​ទេ​»​។

កាលពី​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០១៩ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ណែនាំ​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​ ៤ ​មាន​ខេត្តកោះកុង កំពត កែប និង​ខេត្ត​ព្រះសីហនុ​ដោយ​ធ្វើយ៉ាងណា ការពារ​តំបន់ឆ្នេរ​ឱ្យបាន​ពី​ការរំលោភបំពាន​៕