ភ្នំពេញ: សមត្ថកិច្ចចម្រុះខណ្ឌឫស្សីកែវ កាលពីម្សិលមិញ បានប្រឈមមុខគ្នាជាមួយប្រជាពលរដ្ឋប្រមាណជាង១០នាក់ នៅភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ពលរដ្ឋចោទប្រកាន់អាជ្ញាធរថា បានចាប់ខ្លួនក្មេងប្រុសម្នាក់អាយុ ១០ឆ្នាំ ដែលបានជិះម៉ូតូឆ្លងកាត់ដីកំពុងមានទំនាស់។
ពលរដ្ឋម្នាក់ក្នុងចំណោមអ្នកតវ៉ាសុំមិនបញ្ចេញឈ្មោះបានអះអាងថា កាលពីម្សិលមិញ មានករណីសមត្ថកិច្ចបានចាប់ខ្លួនក្មេងប្រុសម្នាក់ ដោយមិនដឹងមូលហេតុច្បាស់លាស់ ខណៈដែលក្មេងប្រុសនោះបានជិះម៉ូតូមួយគ្រឿងឆ្លងកាត់ដីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន។
ប្រភពដដែលថ្លែងបន្តថា ក្រោយពីឃើញអាជ្ញាធរបានចាប់ក្មេងបែបនេះ ពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាមកសុំក្មេងនោះមកវិញ ប៉ុន្ដែសមត្ថកិច្ចមិនព្រមប្រគល់ក្មេងនោះទេ ខណៈនោះក៏មានប្រជាពលរដ្ឋផ្សេងទៀតចេញមកសុំអង្វរដែរ ក៏នៅតែមិនព្រមប្រគល់ឲ្យដែរ។ ភ្លាមៗនោះ ពួកគាត់ក៏បាននាំគ្នាយកកាំបិត ដំបង ពូថៅ ដើម្បីតតាំងនឹងអាជ្ញាធរទាំងនោះ។
ប្រភពនេះអះអាងថា៖«ក្មេងនោះគ្មានកំហុសទេ ហេតុអ្វីចាំបាច់ចាប់គ្នាធ្វើអ្វី? បើដីធ្លីនៅទីនោះ កំពុងមានទំនាស់ ហេតុអ្វីក៏មិននាំគ្នាដោះស្រាយតាមច្បាប់?»។
លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា គណៈបញ្ជាការឯកភាព និងព្រះរាជអាជ្ញារបានចុះដឹកនាំសម្របសម្រួលលើសកម្មភាពពលរដ្ឋមួយក្រុមកំពុងមានវិវាទដីធ្លី។
លោក ថ្លែងថា៖«ក្នុងនាមអាជ្ញាធរ យើងចុះមក ដើម្បីរារាំងកុំឲ្យមានករណីអំពើហិង្សាកើតឡើង ហើយកិច្ចការនេះ សួរទៅគណៈបញ្ជាការឯកភាព ព្រោះខ្ញុំគ្រាន់តែសហការទេ ហើយទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើងទេ។ រហូតមកដល់ពេលនេះមិនទាន់មានអំពើហិង្សាអ្វីកើតឡើងទេ ហើយយើងកំពុងធ្វើការណែនាំពួកគាត់ ដើម្បីពួកគាត់ផ្អាកសកម្មភាព និងចរចាគ្នាតាមផ្លូវច្បាប់»។
លោក កែវ ពិសី អភិបាលខណ្ឌឫស្សីកែវ កាលពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះ៕