ព្រះសីហនុៈ ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានបញ្ឈប់លែងឲ្យមានការសាងសង់សំណង់នៅជុំវិញបរិវេណអាកាសយានដ្ឋានមួយនេះទៀតហើយ ខណៈពលរដ្ឋ ៦២ គ្រួសារ ដែលរស់នៅក្បែរនោះនឹងត្រូវសម្រួលឲ្យចាកចេញផងដែរ ។
លោក ជា អូន រដ្ឋលេខាប្រចាំការនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលដែលនៅក្នុងក្រុមការងារនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា បម្រាមនេះដោយសារមិនចង់ឲ្យមានភាពអនាធិបតេយ្យ និងអសន្ដិសុខនៅជុំវិញបរិវេណអាកាសយានដ្ឋានដើម្បីបង្កើតទំនុកចិត្តដល់ទេសចរ និងអ្នកដំណើរព្រោះទិដ្ឋភាពជុំវិញព្រលានយន្ដហោះគឺជាមុខមាត់របស់ប្រទេសជាតិ។
លោកបានថ្លែងថា៖ «ព្រលានយន្តហោះនៅស្រុកគេដទៃមិនមានសំណង់នៅជាប់បែបនេះទេអ៊ីចឹងសូមយើងទាំងអស់គ្នាចូលរួមម្នាក់បន្តិចៗ។ រាជរដ្ឋាភិបាលក៏មិនមែនឃើញសំណង់នៅជាប់ព្រលានបែបនេះហើយទៅដេញចេញដែរ តែក៏មានដំណោះស្រាយជូនដែរ»។
លោក ជា អូន បានឲ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានមួយនេះកំពុងមានការពង្រីកបន្ថែម ៣ ៣០០ ម៉ែត្រ ដើម្បីឲ្យមានការហោះហើរផ្ទាល់ទៅកាន់ប្រទេស បារាំង និងអឺរ៉ុប ជាដើម ។
លោកបន្ថែមថា៖«នេះជារឿងសំខាន់ដែលយើងចង់បានដើម្បីកុំឲ្យអ្នកធ្វើអាជីវកម្មផ្នែកទេសចរណ៍ និងអ្នកទេសចរដែលចង់មកលេងប្រទេសយើងមានការចុះជើងហោះច្រើនដងដែលនាំឲ្យខាតបង់ការចំណាយផ្សេងៗលើជើងហោះហើរ»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានក្រុមការងារអន្តរក្រសួងដោះស្រាយបញ្ហានេះកាលពីទី១៦ខែកក្កដាកន្លងទៅ ក៏បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងការរៀបចំសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទនៅអាកាសយានដ្ឋាននេះផងដែរ ដោយមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសមាជិកក្រុមការងារអន្តរក្រសួងពាក់ព័ន្ធសរុប ៣០ រូបទៀត។
មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំនេះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រកាសលទ្ធផលដោយសម្រេចប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋានសហការជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់រាល់ការសាងសង់សំណង់ក្បែរជាប់របងសំណង់មុខផ្លូវរត់ RWY21 និង RWY03 និងការសាងសង់សំណង់ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ។
សេចក្ដីប្រកាសបានបញ្ជាក់ថា៖ «ក្រុមការងារត្រូវបន្តពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ៦២ គ្រួសារ ដែលបាននិងកំពុងរស់នៅជាប់របងកែងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ»។
បើតាមលោក ជា អូន បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិកម្ពុជាទាំង ៣ គឺ ភ្នំពេញ សៀមរាប និងព្រះសហីហនុ អាចទទួលអ្នកដំណើរបានរហូតដល់ ១០ លាននាក់។ ប៉ុន្ដែគម្រោងដែលរាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍគឺចង់ឲ្យព្រលាននីមួយៗអាចទទួលអ្នកដំណើរបាន ១០ លាននាក់តែម្ដង ។
ទាក់ទងនឹងការរកដំណោះស្រាយជូនពលដ្ឋទាំង៦២គ្រួសារដែលនៅជាប់របងព្រលានយន្តហោះនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានឲ្យដឹងថាការងារនេះត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានសហការគ្នាជាមួយអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុដើម្បីដោះស្រាយនិងចាត់វិធានការទប់ស្កាត់លែងឲ្យមានសំណង់តទៅទៀត ។
លោកថា៖ «ចំពោះដំណោះស្រាយយ៉ាងណានោះរដ្ឋបាលខេត្ដព្រះសីហនុនឹងជម្រាបជូននៅពេលបន្ដបន្ទាប់ទៀត ក្រោយពេលប្រជុំដាក់ផែនការច្បាស់លាស់»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលធ្លាប់បានចូលរួមសម្របសម្រួលរកដំណោះស្រាយជាមួយពលរដ្ឋរស់នៅជាប់របងព្រលានយន្តព្រះសីហនុនេះបានឲ្យដឹងថា កន្លងមកអាជ្ញាធរធ្លាប់បានចរចាជាមួយពលដ្ឋទាំងនោះតាមរយៈការផ្ដល់សំណង់ និងផ្ដល់លំនៅឋានថ្មីឲ្យពួកគាត់ ប៉ុន្ដែពលរដ្ឋមិនទាន់យល់ព្រមនៅឡើយទេ។
លោកថា៖ «ប្រជាពលរដ្ឋទាំងនេះគាត់រស់នៅជាប់នឹងរបងខាងមុខព្រលានយន្ដហោះតាំងពីយូរមកហើយ។ ខ្ញុំយល់ថា អាជ្ញាធរគួរតែពន្លឿនការដោះស្រាយជាគោលនយោបាយណាមួយដល់ពួកគាត់ ដើម្បីលើកស្ទួយព្រលានយន្តហោះយើង និងអាចឲ្យពលរដ្ឋមានលំនៅដ្ឋានសមរម្យណាមួយ» ។
លោក សុខុម បានលើកឡើងប្រជាពលរដ្ឋគួរតែទទួលយកនូវសំណង់ណាមួយដែលឈានទៅដល់ការព្រមព្រៀងគ្នាតាមលក្ខខណ្ឌសមស្របណាមួយដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍព្រលានយន្តហោះព្រះសីហនុឲ្យក្លាយជាព្រលានអន្តជាតិលើមុខមាត់ខេត្ដព្រះសីហនុ ៕