ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​បាន​បដិសេធ​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ដែល​អះអាង​ពី​ការរកឃើញ​ក្នុង​រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ​ថា នៅ​តែ​បន្ដ​មាន​ការបណ្តេញចេញ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ ទោះបី​ពួកគាត់​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ថ្ងៃ​ទី​ ២៩ ខែ​​មិថុនា​ បញ្ជាក់​ថា​៖ «​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​នៅតែ​បន្ត​មាន​ការបណ្តេញចេញ បើទោះ​ជា​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ស្ថិតក្នុង​ភាព​ងាយ​រងគ្រោះ​បំផុត​ដែល​បង្កឡើង​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ខ្លាំង​យ៉ាងណា​ក៏ដោយ​»​។

កាលពី​ខែ​មិថុនា​អង្គការ​សមាគម​ធាងត្នោត​បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ​ស្តីពី​ការបណ្តេញចេញ​ និង​ការតាំង​លំនៅ​ថ្មី​ដែល​មាន​កម្រាស់​​ ៥៦ ​ទំព័រ​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា របាយការណ៍​នេះ​ធ្វើការ​ពិនិត្យ​ទៅលើ​ដំណើរការ​នៃ​ការបណ្តេញចេញ និង​ការតាំង​លំនៅ​ថ្មី​ចន្លោះ​ពី​ឆ្នាំ​ ១៩៨២ ដល់​ឆ្នាំ​ ២០១៩ នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ផ្អែកលើ​គោលការណ៍​សិទ្ធិមនុស្ស​។

ចំពោះ​ដំណើរការ​បណ្តេញចេញ​ភាគច្រើន​មិន​ស្រប​តាម​គោលការណ៍​ណែនាំ និង​បទដ្ឋាន​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទេ​។ ​មាន​ករណី​ជាច្រើន​អាជ្ញាធរ​ពុំ​បាន​ជូនដំណឹង​ឱ្យ​សមហេតុផល​ដល់​សហគមន៍​មុនពេល​បណ្តេញចេញ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​។

សេចក្តី​ថ្លែងការណ៍​នេះ​បន្តថា ការបណ្តេញចេញ​ពេល​មាន​ជំងឺ​កូវីដ​ ១៩​ នេះ​ គឺ​វា​កំពុងតែ​បង្ហាញ​ឱ្យ​ឃើញ​ថា​រាជរដ្ឋាភិបាល​កំពុង​បន្ត​បណ្តេញ​គ្រួសារ​​ក្រីក្រ​ជាច្រើន​ដែល​ផ្ទុយ​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស និង​ផ្ទុយ​ពី​ការស្នើសុំ​របស់​ពលរដ្ឋ​ក្រីក្រ​នៅ​ទីក្រុង និង​ជនបទ​។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ​ ២០២០ អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ឈូសឆាយ​លំនៅឋាន​ពលរដ្ឋ​នៅ​សហគមន៍​បឹង​ឈូក (​អេ​)​។ ​ទោះបី​ពលរដ្ឋ​ខិតខំ​ស្វែងរក​ការពិគ្រោះ​យោបល់​ក៏ដោយ ក៏​មាន​ ១៣ ​គ្រួសារ​ពុំមាន​ការពិគ្រោះ​យោបល់​​ជាមួយ​អាជ្ញាធរ​មុន​ពេល​គ្រឿងចក្រ​មក​ដល់​សហគមន៍​ឡើយ​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្តថា នៅ​ថ្ងៃទី​ ១១ មិថុនា ឆ្នាំ​ ២០២០ ពលរដ្ឋ​ប្រមាណ​ ១០០ ​គ្រួសារ​ ត្រូវ​បាន​បណ្តេញចេញ​ដោយ​បង្ខំ​ពី​ទីជម្រក​របស់​ពួកគេ​នៅ​កណ្តាល​បឹងតាមោក​ដោយ​មន្ត្រីនគរបាល និង​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​។

រីឯ​នៅ​ថ្ងៃទី​ ២៤ ខែ មេសា ឆ្នាំ​ ២០២០ ​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ទៅ​កន្លែង​ ១ ​នៅ​មាត់បឹង​សំរោង​ដែល​មាន​ពលរដ្ឋ​ ១៨ ​គ្រួសារ​ ដែល​ពួកគេ​ថា​បាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​ ១៩៧៩ ​មក​។

យ៉ាងណាក្ដី​លោក​ សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៩ មិថុនា​ ថា បឹង​សំរោង​ គឺមាន​អនុក្រឹត្យ​តាំងពី​ឆ្នាំ​ ២០០៨ ហើយ​ឥឡូវ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការងារ​នេះ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​ខណ្ឌ​ព្រែកព្នៅ​ក្នុង​ការរក្សា​បឹង​នេះ​ឡើងវិញ ដោយ​កាយ​ផ្លូវ​ថ្មើរជើង គឺ​ក្រវាត់​បឹង​ដែល​មាន​ទំហំ​ជាង ៣០០ ​ហិកតា​។

លោក​ថា​៖ «​តែ​ឥឡូវ​បាន​ ៨០ ​ភាគរយ​​ហើយ​។ អត់​មាន​បណ្តេញចេញ​ទេ​។ ខ្ទម​អី​នៅ​ខាងក្នុង​ដែល​កន្លង​ទៅ​ធ្លាប់​ខ្ចី​ [​បឹង​] ​រដ្ឋ​អី​នេះ គេ​ទូទាត់​ជាមួយ​សំណង​ត្រី​ជាមួយ​អីហ្នឹង​។ ត្រី​ចិញ្ចឹម​ហ្នឹង​មាន​ប៉ុន្មាន​ក្បាល តម្លៃ​ប៉ុន្មាន គេ​ទូទាត់​អស់ហើយ​ហ្នឹង​បាន​ជិត​ ៩០ ​ភាគរយ​ហើយ​។ មាន​បណ្តេញ​នរណា​ចេញ​»​។

លោក ​សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​បាន​អះអាង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា មាន​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​មួយ​ចំនួន​ក៏​កំពុង​រង​នូវ​ផលវិបាក​ដោយសារ​ជំងឺ​កូវីដ​១៩​។

ពួកគាត់​ជាច្រើន​បាន​បាត់បង់​ការងារ​​ និង​ប្រាក់ចំណូល​។

លោក​បាន​បញ្ជាក់ថា​៖ «​អង្គការ​សមាគម​ធាងត្នោត​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​សូមមេត្តា​គិតគូរ​ជួយ​ស្រោចស្រង់ និង​បញ្ឈប់​ការបណ្តេញចេញ​គ្រប់​រូបភាព​រហូត​ជំងឺ​កូវីដ​១៩​ចប់​ទាំងស្រុង និង​ផលប៉ះពាល់​ដែល​បង្ក​មកពី​ការរីករាលដាល​នៃ​ជំងឺ​នេះ​ត្រូវ​បាន​ចូលរួម​ដោះស្រាយ​។ ​បន្ទាប់ពី​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​បានបញ្ចប់ យើង​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​របស់​ខ្លួន និង​ផ្តល់​ការប្រឹក្សា​យោបល់​មុនពេល​បណ្តេញចេញ​កើតឡើង​»៕