
អាជ្ញាធរចុះអប់រំពលរដ្ឋកុំឱ្យកាយអាចម៍ដីពីទំបន់ប្រវត្តិសាស្ត្រព្រែកស្រមោច កាលពីពេលថ្មីៗនេះ។ រូបថត អាជ្ញាធរអប្សរា
សៀមរាបៈ អាជ្ញាធរស្រុកសូទ្រនិគម និងអាជ្ញាធរជាតិអប្សរានៅតែបន្តធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យចូលរួមថែរក្សាបុរាណដ្ឋានទំនប់ព្រែកស្រមោច ខណៈនៅតែមានពលរដ្ឋខ្លះបានលួចកាយយកអាចម៍ដីពីទំនប់ប្រវត្តិសាស្ត្រ ដែលជាកេរដំណែលរបស់ដូនតា និងជាសម្បត្តិបេតិកភណ្ឌជាតិនេះ យកទៅដុតធ្វើឥដ្ឋ។
លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាថ្លែងពីម្សិលមិញថា អាជ្ញាធរបានណែនាំពលរដ្ឋ សូមកុំឱ្យបន្តយកអាចម៍ដីពីទំនប់ព្រែកស្រមោចព្រោះវាបណ្តាលឱ្យបាត់បង់សំណល់បុរាណដែលមាននៅទីនោះ។ ពលរដ្ឋបានចូលទៅកាយយកអាចម៍ដីពីទំនប់ព្រែកស្រមោចជាច្រើនដងមកហើយក្នុងពេលកន្លងទៅប៉ុន្តែបញ្ហានេះ អាជ្ញាធរបានធ្វើការអប់រំដោយមិនចង់ប្រើវិធានការក្តៅឡើយ។
លោក ឡុង កុសល ថ្លែងថា៖ «យើងចង់ឱ្យពលរដ្ឋយកដីកន្លែងផ្សេង ដោយសារកន្លែងហ្នឹងវាជាទីសំណល់បុរាណដែលជាមរតករបស់បុព្វបុរសខ្មែរយើង ដែលវាមានតម្លៃជាលក្ខណៈបេតិកភណ្ឌ ហើយយើងត្រូវតែការពារព្រោះវាជាសំណល់ដែលស្តែងចេញពីអារ្យធម៌មួយស្តែងចេញអំពីភាពរុងរឿងនៃសម័យកាលមួយ»។
បើតាមលោក កុសល ទំនប់ព្រែកស្រមោច ឬហៅថា ផ្លូវសំពៅជាទំនប់បុរាណមានប្រភពពីជើងភ្នំគូលែនដល់បឹងទន្លេសាប។ កាលពីថ្ងៃទី ៤ ដើមខែមីនានេះ មន្ត្រីអាជ្ញាធរជាតិអប្សរាបានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ ព្រោះពលរដ្ឋនៅទីនោះ ខ្លះប្រកបអាជីវកម្មដុតឥដ្ឋពេលខ្លះលួចធ្វើការជីកកាយយកអាចម៍ដីពីខ្នងទំនប់នោះ។
លោក កុសល ស្នើសុំឱ្យបងប្អូនអាជីវករដែលផលិតឥដ្ឋ និងក្បឿងត្រូវយកអាចម៍ដីពីកន្លែងផ្សេងមកធ្វើ ចៀសវាងការខូចខាត ឬធ្វើឱ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្ត្រ។ កាលពីសម័យបុរាណ ព្រែកស្រមោចនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្មដល់សហគមន៍ជុំវិញគឺជាផ្លូវដឹកជញ្ជូនថ្មពីភ្នំគូលែន មកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផងដែរ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមថ្លែងថា ពលរដ្ឋដែលចូលទៅយកដីទីនោះគឺជាអ្នកប្រកបរបរ ដុតឥដ្ឋលក្ខណៈគ្រួសារមានប្រមាណជាង ៥០ ឡឥដ្ឋ។
លោកថា អាជ្ញាធរនៅតែបន្តផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង និងយកចិត្តទុកដាក់ចូលរួមថែរក្សាបុរាណដ្ឋាននោះ។ «វិធានការបន្តយើងត្រូវតែពង្រឹងកម្លាំងអាជ្ញាធរមូលដ្ឋានជាមួយការិយាល័យជំនាញឱ្យគាត់ល្បាតហើយយើង និងបន្តផ្សព្វផ្សាយជូនពួកគាត់ពាក់ព័ន្ធលិខិតបទដ្ឋានផ្សេងៗ ប៉ុន្តែអ្នកធ្វើឡដុតឥដ្ឋធំៗអត់មានប៉ះពាល់ទេ ច្រើនតែអ្នកនៅក្នុងបឹងក្នុងទំនប់ហ្នឹងតែម្តង»៕