ព្រះសីហនុៈ រដ្ឋបាលខេត្ដព្រះសីហនុបានប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋអនាធិបតេយ្យចូលទៅទន្ទ្រានយកដីកម្មសិទ្ធិឯកជន និងដីរបស់រដ្ឋ ក្រោយពីថ្មីៗនេះសកម្មភាពបានកម្រើកឡើងវិញ ដោយពលរដ្ឋអនាធិបតេយ្យមួយចំនួនបានចូលទៅទន្ទ្រានយកដីជាសម្បត្ដិឯកជន និងដីរដ្ឋក្នុងភូមិសាស្ដ្រស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងទីតាំងមួយចំនួនទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃទី ២៦ កក្កដា ថាបច្ចុប្បន្នសកម្មភាពកាប់រុករានទន្ទ្រានយកដីរបស់រដ្ឋពីសំណាក់ពលរដ្ឋអនាធិបតេយ្យមួយចំនួនកំពុងកម្រើកឡើងខ្លាំង ពិសេសក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ និងស្រុកស្ទឹងហាវផងដែរ។
លោកបញ្ជាក់ថា៖ «រាល់ទង្វើដែលធ្វើខុសច្បាប់បែបនេះ រដ្ឋបាលខេត្តមិនគាំទ្រទេ។ ដូច្នេះស្នើសុំបងប្អូនប្រជាពលរដ្ឋ ឬមេខ្យល់ដែលនៅពីក្រោយខ្នង សូមឱ្យដកខ្លួនជាបន្ទាន់។ បើមិនដកខ្លួនទេ នៅពេលយើងចាត់វិធានការក្ដៅ គឺយើងមិនដោះលែងទេ»។
លោក ភារម្យ ឱ្យដឹងថា សកម្មភាពកម្រើកឡើងចំពោះការកាប់រុករានទន្ទ្រានដីរដ្ឋ និងឯកជនបែបនេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលពិតប្រាកដលើដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម។ ដូច្នេះក៏មានជនឆ្លៀតឱកាសដែលជាក្រុមអនាធិបតេយ្យបាននាំគ្នាចូលមកកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋតែម្ដង។
លោកសង្កត់ធ្ងន់ថា៖ «ជាវិធានការរបស់អាជ្ញាធរ គឺយើងការពារដាច់ខាតនូវដីធ្លីរបស់រដ្ឋ និងទប់ស្កាត់ឱ្យបានក្រុមអនាធិបតេយ្យ»។
លោក ភារម្យ ឱ្យដឹងថាកាលពីថ្ងៃទី ២៤ កក្កដា សមត្ថកិច្ចខេត្ដព្រះសីហនុ បានឃាត់ខ្លួនមនុស្ស ២ នាក់យកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំនិងណែនាំ ក្រោយពីធ្វើសកម្មភាពកាប់រុករានយកដីរដ្ឋក្នុងភូមិសាស្ដ្រស្រុកព្រៃនប់។ តាមការសាកសួរនៅស្នងការដ្ឋាន ខេត្ដ ពលរដ្ឋទាំង ២ នាក់មិនមែនជាមេខ្លោង សមត្ថកិច្ចក៏ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរួចដោះលែងវិញ។
មន្ទីរបរិស្ថានខេត្ដព្រះសីហនុកាលពីថ្ងៃទី ២៤ កក្កដា បានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពីការកម្រើកឡើងវិញនៃសកម្មភាពកាប់រុករាន ទន្ទ្រានយកដីរបស់រដ្ឋក្នុងភូមិសាស្ដ្រ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលបង្កឡើងដោយប្រជាពលរដ្ឋអនាធិបតេយ្យ និងបានបង្កើតចលនាតវ៉ារារាំងសមត្ថកិច្ចអនុវត្តការងារថែមទៀត។
សេចក្ដីប្រកាសរបស់មន្ទីរបរិស្ថានបញ្ជាក់ថា៖ «ក្នុងពេលចុះអនុវត្តវិធានការ ទប់ស្កាត់ការទន្ទ្រានយកដីរដ្ឋកាលពីថ្ងៃទី ២៤ ខែកក្កដា សមត្ថកិច្ចបានជួបប្រទះជាមួយពលរដ្ឋមួយក្រុមមានគ្នាប្រហែល ៣០ នាក់បានធ្វើសកម្មភាពបទល្មើសដោយរួមមានការកាប់ទន្ទ្រាន ឆ្ការព្រៃ ដាំដំណាំថ្មីៗ សង់ខ្ទម ទិញ-លក់ និងបោះបង្គោលហ៊ុមព័ទ្ធយកដីរដ្ឋធ្វើជាកម្មសិទិ្ធយ៉ាងអនាធិបតេយ្យ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានឱ្យដឹងថា សកម្មភាពទន្ទ្រានយកដីរដ្ឋក្នុងទីតាំងស្រុកស្ទឹងហាវនេះ កើតមានឡើងច្រើនឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានការអនុវត្ដវិធានការច្បាប់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
លោកថ្លែងថា៖ «ឃើញអាជ្ញាធរបានអនុវត្ដវិធានការដែរនាពេលកន្លងមក ប៉ុន្ដែសកម្មភាពកាប់រុករាន ទន្ទ្រានយកដីរដ្ឋនៅតំបន់ការពារស្រុកស្ទឹងហាវនេះគឺនៅតែកើតមាន»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងកាលពីថ្ងៃទី ២៦ កក្កដា ថាបច្ចុប្បន្នក្រុមការងាររបស់ក្រសួងបរិស្ថាន កំពុងសហការជាមួយក្រុមការងាររដ្ឋបាលខេត្ដព្រះសីហនុ និងខេត្ដផ្សេងទៀត ដើម្បីពិនិត្យស្រាវជ្រាវ កំណត់អត្តសញ្ញាណពលរដ្ឋដែលកំពុងកាន់កាប់អាស្រ័យផលជាក់ស្ដែងក្នុងទីតាំងដីរដ្ឋដែលក្រសួងបរិស្ថានការពារ។
លោកថ្លែងថា៖ «ក្រសួងបានបង្កើតក្រុមការងារ ដើម្បីសិក្សាស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធជាមួយដីធ្លី ដែលពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលនៅតំបន់ការពារធម្មជាតិគ្រប់ខេត្ដ ដែលមានតំបន់ការពារធម្មជាតិទាំងអស់រាប់ទាំងខេត្ដព្រះសីហនុផងដែរ។ បច្ចុប្បន្នក្រុមការងារកំពុងសហការជាមួយអាជ្ញាធរខេត្ដផ្សេងៗធ្វើការងារនេះដើម្បីកំណត់ឱ្យបានច្បាស់នូវទិន្នន័យពលរដ្ឋនេះ»៕