
ផ្ទះពលរដ្ឋនៅតាមមាត់ស្ទឹងព្រែកត្នោតដែលប្រឈមនឹងការរុះរើ។ រូបថត FN
ភ្នំពេញៈ មន្ត្រីរដ្ឋបាលខណ្ឌដង្កោព្រមានថា អាជ្ញាធរនឹងចាត់វិធានការរុះរើសំណង់របស់ប្រជាពលរដ្ឋដែលសាងសង់សំណង់ផ្ទះល្វែង និងតូបខុសច្បាប់ចូលចំណីស្ទឹងព្រែកត្នោតក្នុងសង្កាត់ក្រាំងពង្រ ប្រសិនបើពួកគេមិនអនុវត្ដតាមការណែនាំរបស់រដ្ឋបាលខណ្ឌប្រាប់ឲ្យរុះរើនោះ។
លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាសាងសង់ផ្ទះល្វែងតូបលក់ដូរ ហាងកាហ្វេ ហាងបាយជាដើម ដោយខុសច្បាប់នៅលើដីចំណីស្ទឹងព្រែកត្នោតដែលនាំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ទឹកស្ទឹងព្រែកត្នោត និងកកស្ទះចរាចរណ៍ថែមទៀត។
លោកថា៖ «កន្លងមកទីតាំងនៅតំបន់មាត់ស្ទឹងព្រែកត្នោតនេះមិនមានប្រជាពលរដ្ឋរស់នៅទេ ទើបតែមានរោងចក្រមកបង្កើតនៅទីនេះបានមានប្រជាពលរដ្ឋមកសាងសង់ច្រើនឡើងៗ»។
លោកបន្ថែមថា៖ «រួមទាំងរោងចក្រនៅទល់មុខស្ទឹងព្រែកត្នោតនោះផងដែលបានសាងសង់សំយាបរំលោភយកចំណីផ្លូវផងដែរ។ អ៊ីចឹងបើយើងមិនទប់ស្កាត់ពួកគាត់នឹងមកសាងសង់រំលោភច្រើនឡើងៗបន្ដទៀតនៅតំបន់នេះ»។
ទោះបីជាប្រជាពលរដ្ឋមួយចំនួនអះអាងថា ពួកគេបានមករស់នៅក្នុងតំបន់ស្ទឹងព្រែកត្នោតនេះជាយូរមកហើយក្តី ប៉ុន្តែលោក ម៉ុក ពុទ្ធា ឲ្យដឹងថាបើតាមការស្រាវជ្រាវរបស់សាលាខណ្ឌដង្កោ តាមរយៈរបាយការណ៍សារាចរស្ថិតិពលរដ្ឋលេខ ០៣ ឆ្នាំ ២០១៣ គឺមិនមានប្រជាពលរដ្ឋរស់នៅក្នុងតំបន់ចំណីស្ទឹងព្រែកត្នោតនេះទេ។
លោកថា៖ «យើងបានធ្វើកិច្ចសន្យាជាមួយពួកគាត់ចំពោះការរុះរើសំណង់ចេញវិញ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះអះអាងថាបានសាងសង់នៅទីនេះយូរហើយ។ ប៉ុន្ដែតាមការស្រាវជ្រាវនៃសារាចរលេខ ០៣ គឺអត់មានឈ្មោះពួកគាត់ទេ។ អ៊ីចឹងពួកគាត់ទើបតែមកតាំងលំនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលដែលរោងចក្រមកបង្កើតថ្មីនេះប៉ុណ្ណោះ»។
បើតាមលោក ពុទ្ធា បើប្រជាពលរដ្ឋមានឈ្មោះនៅក្នុងសារាចរលេខ ០៣ គឺមានន័យថាគាត់ពិតជាបានរស់នៅក្នុងតំបន់ស្ទឹងព្រែកត្នោតនេះតាំងពីយូរមែន។
លោកបានបញ្ជាក់ថា៖ «ការជូនដំណឹងលើកទី ១ នេះគឺយើងឲ្យគាត់អនុវត្ដរុះរើ ប៉ុន្ដែបើគាត់មិនព្រមយើងនឹងជូនដំណឹងឲ្យគ្រប់ ៣ លើក។ ប៉ុន្ដែបើគាត់នៅតែមិនរុះរើ យើងនឹងសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីចុះអនុវត្ដវិធានការ»។
លោក ម៉ៅ សុផុន ចៅសង្កាត់ ក្រាំងពង្រ ឲ្យដឹងថាពេលនេះមិនទាន់មានវិធានការអ្វីទេ ព្រោះរង់ចាំវិធានការពីថ្នាក់ខណ្ឌ។
លោកបន្ដ៖ «យើងជូនដំណឹងដល់ពួកគាត់ចំពោះការរុះរើនេះ។ ពួកគាត់អត់មានប្រកែកអីជាមួយយើងទេ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះនៅតែលួចសាងសង់បន្ថែមនៅពេលយប់។ ពេលនេះយើងកំពុងពិនិត្យមើលចំនួនប្រជាពលរដ្ឋដែលរស់នៅទីនេះតាមសារាចរស្ថិតិលេខ ០៣ និងស្រង់ស្ថិតិពួកគាត់ឡើងវិញ»។
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានចេញលិខិតជូនដំណឹងមួយទៅពលរដ្ឋដែលបានសាងសង់សំណង់ផ្ទះល្វែង តូបលក់ដូរដែលរំលោភចូលចំណីស្ទឹងព្រែកត្នោតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ឲ្យរុះរើជាបន្ទាន់ក្នុងរយៈពេល ៧ ថ្ងៃចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ការសាងសង់របស់ លោក-លោកស្រី នៅទីតាំងខាងលើពុំមានលិខិតអនុញ្ញាតសាងសង់នោះទេ ហើយបានសាងសង់ចូលចំណីស្ទឹងព្រែកត្នោត។ ដូច្នេះរដ្ឋបាលខណ្ឌតម្រូវឲ្យលោក លោកស្រីបញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ និងត្រូវរុះរើចេញជាបន្ទាន់។ ករណីមិនអនុវត្ដតាមការណែនាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរុះរើសំណង់ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់អ្វីឡើយ។ ករណីរឹងរូសនឹងសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី»។
ទោះបីមិនទាន់មានទិន្នន័យជាក់លាក់ ប៉ុន្ដែលោក ម៉ុក ពុទ្ធា បង្ហាញថាប្រជាពលរដ្ឋដែលកំពុងសាងសង់ផ្ទះល្វែង និងតូបនៅទីនោះមានចំនួនប្រមាណជាង ៣០ គ្រួសារប៉ុណ្ណោះ។
លោក ខៀវ និត មេភូមិទឹកថ្លាក៏សម្តែងក្តីបារម្ភចំពោះចំណាត់ការនេះដែរ ដោយថាពួកគេភាគច្រើនសុទ្ធតែជនក្រីក្រធ្វើការងាររោងចក្រចិញ្ចឹមជីវិត។ លោកបន្ដ៖ «មិនមានអ្នកថ្មីមកនៅទេ ភាគច្រើនគឺកូនចៅគាត់ដែលនៅយូរហើយ។ ពេលគាត់រស់នៅយូរៗទៅកូនចៅគាត់ក៏ចែកគ្រួសារ ក៏ធ្វើផ្ទះថ្មី ប៉ុន្ដែធ្វើនៅតែកន្លែងចាស់ពួកគាត់ទេ។ ខ្ញុំក៏អត់ដឹងជាជួយប្រជាពលរដ្ឋយ៉ាងម៉េចដែរ បានតែបារម្ភជាមួយពួកគាត់ ព្រោះវាជាការអនុវត្ដរបស់ថ្នាក់លើ»។
លោក កេត វុធ ពលរដ្ឋរស់នៅតំបន់មាត់ស្ទឹងព្រែកត្នោត ព្រួយបារម្ភចំពោះការចាត់វិធានការរុះរើផ្ទះសំបែងពួកគាត់នេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំជាអតីតយោធាទទួលបានប្រាក់អាត្រែត (រ៉ឺត្រែត) ជាង១០ ម៉ឺនដែរក្នុង ១ ខែសព្វថ្ងៃខ្ញុំរត់រ៉ឺម៉កកង់៣។ ខ្ញុំមានកូន ៦ នាក់កំពុងរស់នៅជាមួយ។ ខ្ញុំមកស្នាក់នៅតំបន់នេះតាំងពីអំឡុងឆ្នាំ ១៩៨០ ជាងមកម្ល៉េះ។ បើអាជ្ញាធរឲ្យខ្ញុំរុះរើចេញ ខ្ញុំមិនដឹងរើទៅណាទេ»៕