សៀមរាបៈ អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានដាក់ឱសានវាទ ១ សប្ដាហ៍ ឲ្យពលរដ្ឋចំនួន ៩៤៨ គ្រួសារ ដែលបានសាងសង់រោងដោយខុសច្បាប់លើដីរដ្ឋនៅក្បែរជើងភ្នំគូលែន ចំណុចភូមិត្បែងលិច និងភូមិស្រះខ្វាវ ក្នុងឃុំត្បែង ត្រូវរុះរើចេញដោយខ្លួនឯងមុនពេលអាជ្ញាធរចុះបង្ក្រាប។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងកាលពីម្សិលមិញថា បញ្ហាដីធ្លីស្ថិតនៅតំបន់ក្បែរជើងភ្នំគូលែន កើតឡើងមកជាយូរមកហើយ ប៉ុន្ដែក្នុងអំឡុងពេល ២-៣ ខែចុងក្រោយនេះ ពលរដ្ឋបាននាំគ្នាទន្ទ្រានថែមដោយនាំគ្នាទៅធ្វើរោងដូចរោងអ្នកតារាប់រយរោងជាប្រភេទរោងដែលមនុស្សមិនអាចរស់នៅបាន ព្រោះរោងដែលសង់នោះមានតែជើងសសរ ៤ ប្រក់ដំបូលស័ង្កសី ២-៣ សន្លឹកពីលើប៉ុណ្ណោះ ដោយហេតុទម្រង់រោងដែលពលរដ្ឋសង់ទន្ទ្រានលើដីរដ្ឋនេះ គឺជាទម្រង់នៃការទន្ទ្រានយកដីរដ្ឋតែម្ដង។
លោក ហ្វីណង់ បានបញ្ជាក់ថា ជាគោលការណ៍រដ្ឋបាលស្រុកបន្ទាយស្រី គឺមិនឲ្យមានការសាងសង់រោងបែបនេះលើដីជាសម្បត្ដិសាធារណៈរបស់រដ្ឋបានឡើយ ដូច្នេះរដ្ឋបាលស្រុកត្រូវតែឲ្យពលរដ្ឋទាំងនោះរុះរើចេញវិញ។
លោក ហ្វីណង់ ថ្លែងថា៖ «អ្វីដែលរដ្ឋបាលស្រុកយើងចង់បានគឺចង់ឲ្យពលរដ្ឋរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល ៧ ថ្ងៃ កុំរង់ចាំរហូតទាល់តែអាជ្ញាធរប្រើកម្លាំងចុះទៅរុះរើ ប៉ុន្ដែដោយសារការបញ្ជូនលិខិតជូនដំណឹងទៅពលរដ្ឋមានភាពយឺតយ៉ាវទើបពលរដ្ឋខ្លះទទួលបានសេចក្ដីជូនដំណឹងយឺត ដូច្នេះរដ្ឋបាលស្រុកសម្រេចពន្យារពេល ៣-៤ ថ្ងៃបន្ថែមទៀត ដើម្បីទុកពេលឲ្យបានគ្រប់រយៈ ៧ ថ្ងៃ ឲ្យពលរដ្ឋរុះរើទើបអាជ្ញាធរសម្រេចចុះធ្វើការរុះរើដោយខ្លួនឯង»។
លោកបន្ដថា៖ «អាជ្ញាធរចង់រកដំណោះស្រាយណាមួយដោយសន្ដិវិធី មិនចង់ទៅរុះរើដោយខ្លួនឯងទេ។ ការចុះរើនេះមិនមែនជាការដកហូតដីធ្លីឡើងវិញទេ ប៉ុន្ដែជាការទប់ស្កាត់មិនឲ្យមានការទន្ទ្រានលើសពីស្ថានភាពដើម»។
លោក ហ្វីណង់ បញ្ជាក់ថាដីដែលពលរដ្ឋទៅទន្ទ្រាននោះគឺជាដីគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងដីមួយចំនួនទៀតជាដីរបស់ឧទ្យានជាតិ ភ្នំគូលែន គឺជាដីរបស់រដ្ឋដែលរដ្ឋបាលស្រុកដាច់ខាតគឺមិនឲ្យមានការទន្ទ្រានអនាធិបតេយ្យបែបនេះទេ ហើយបើមិនទប់ស្កាត់សកម្មភាពនេះនឹងកើតឡើងទ្វេដង។
លោកបញ្ជាក់ថា៖ «ភ្នំគូលែនជាបេតិកភណ្ឌពិភពលោក ឥឡូវនេះយើងស្ទើរតែអស់ផ្លូវ ចូលឡើងទៅភ្នំគូលែនទៅហើយ ប្រសិនបើយើងមិនហាមឃាត់ទេ យើងគិតថាប្រហែលជា ២-៣ ខែទៀត ពួកគាត់នឹងទន្ទ្រានយកដីវាតទីដល់ផ្លូវឡើងទៅភ្នំគូលែនតែម្ដង»។
លោក ហ្វីណង់ បានឲ្យដឹងថា ពលរដ្ឋដែលមកទន្ទ្រានដីរដ្ឋនេះមានមួយចំនួនជាពលរដ្ឋនៅមូលដ្ឋាន និងមានពលរដ្ឋមួយចំនួនទៀតជាសកម្មជនដីធ្លីដែលមកពីតំបន់ផ្សេង។
លោក ចាន់ ចំរើន មន្ដ្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាបបានឲ្យដឹងថា មន្ត្រីស៊ើបអង្កេតរបស់សមាគមកំពុងស៊ើបអង្កេតចំពោះករណីពលរដ្ឋទៅទន្ទ្រានដីរដ្ឋនេះដោយមិនទាន់មានលទ្ធផលអ្វីច្រើនជុំវិញរឿងនេះទេ។
លោកថ្លែងថា៖ «ខ្ញុំទើបតែទទួលបានព័ត៌មានចំពោះការរុះរើនេះដែរទេ ឥឡូវយើងកំពុងតែស៊ើបអង្កេត»។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានឲ្យដឹងថា ការទន្ទ្រានរុករានកាន់កាប់ដីដោយខុសច្បាប់របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លីដែលពួកគេបានញុះញង់ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន រំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិក្រោមរូបភាពជាច្រើនដូចជា ការដាំដំណាំចេក ស្វាយ ខ្នុរ ដើមអាកាស្យា ជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ ជាងនេះទៀតមានដូចជា ការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។
លោកបន្តថា ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសដូចបានរៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន៕