សៀមរាបៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​បាន​ព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ចំពោះ​អាជីវករ​ទាំងឡាយ​ណា​ដែល​បន្ត​ការធ្វើ​អាជីវកម្ម ទិញ លក់ និង​ពិឃាតសត្វ​ឆ្កែ ដោយ​គ្មាន​ការអនុញ្ញាត​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​ស្តីពី​ «​ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ លក់ និង​ពិឃាតសត្វ​សុនខ​ (​ឆ្កែ​)» ចុះ​ថ្ងៃទី​ ៦ ខែ ​កក្កដា ឆ្នាំ​ ២០២០ ​ដែល​​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នា​ថ្ងៃ​ពុធ​កន្លងមក លោក​ ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា តាំងពី​បុរាណ​មក​សត្វ​ឆ្កែ​ត្រូវបាន​​ប្រជាជន​ទូទាំង​ពិភពលោក ​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​សត្វ​ចិញ្ចឹម​ដ៏ស្មោះត្រង់ និង​មាន​គុណតម្លៃ​ខ្លាំងណាស់​សម្រាប់​មនុស្ស ព្រោះ​វា​អាច​ជួយ​ការពារ​ផ្ទះ ស្រែចម្ការ និង​ហ្វូង​សត្វ​ផ្សេងទៀត ហើយ​វា​ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជួយ​ក្នុង​វិស័យ​យោធា​បាន​យ៉ាង​ល្អ​ទៀតផង​។

លោក គឹមសុទ្ធ បាន​បន្តថា​៖ «[​ប៉ុន្តែ​] ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការធ្វើ​អាជីវកម្ម លក់ ទិញ និង​ពិឃាតសត្វ​សុនខ ឬ​សត្វ​ឆ្កែ ដើម្បី​ធ្វើជា​ម្ហូបអាហារ​មាន​ភាពអនាធិបតេយ្យ និង​កើនឡើង​គួរ​ឲ្យ​បារម្ភ​។ នេះ​ជា​សញ្ញា​មួយ​បង្ហាញថា មាន​ការធ្លាក់ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ ព្រមទាំង​ធ្វើឲ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ដែល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​»​។

ជាមួយ​គ្នា​នេះ​លោក គឹមសុទ្ធ ក៏បាន​ព្រមាន​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​នៅ​បន្ត​ការដើរ​ទាក់ លក់ ទិញ និង​ពិឃាតសត្វ​ឆ្កែ ដើម្បី​យក​មក​ធ្វើជា​ម្ហូបអាហារ ដោយ​គ្មាន​ការអនុញ្ញាត​ផ្ទុយ​នឹង​សេចក្ដី​ជូនដំណឹង​ដែល​បានចេញ​​ផ្សព្វផ្សាយ​នេះ​។

លោក គឹមសុទ្ធ បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ការដើរ​ទាក់ លក់ ទិញ និង​ពិឃាតសត្វ​អនាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់​នឹង​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់ធ្ងរ​តាម​បញ្ញតិ្ត​មាត្រា​ ១១២, ១១៣ និង​មាត្រា​ ១១៥ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​»​។

យោង​មាត្រា​ ១១២ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជន​ទាំងឡាយណា​ដែល​ធ្វើ​អាជីវកម្ម​ទិញ លក់ និង​ពិឃាតសត្វ​ដោយ​គ្មាន​ការអនុញ្ញាត​នឹង​ត្រូវ​រង​ការផាកពិន័យ​អន្តរកាល​ជា​ប្រាក់​ពី​ ៧ ​លាន​រៀល​។ រីឯ​មាត្រា​ ១១៣ ​នៃ​ច្បាប់​នេះ​បាន​កំណត់​ការផាកពិន័យ​អន្តរកាល​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល​ដល់​ ១៥ ​លាន​រៀល​។ ចំណែក​មាត្រា​ ១១៥ ​នៃ​ច្បាប់​ដដែល​នេះ បាន​តម្រូវ​ឲ្យ​មាន​ការផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ដល់ ៥០ ​លាន​រៀល​។

ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ លក់ និង​ពិឃាតសត្វ​សុនខ​ ឬ​សត្វ​ឆ្កែ ដោយ​គ្មាន​ការអនុញ្ញាត​នេះ​មិនមែន​ធ្វើ​ឡើង​តែ​នៅក្នុង​ខេត្ត​សៀមរាប​នោះទេ គឺត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពី​ថ្ងៃ​ពុធ​។

លោក ផាន់ណារ៉ា បាន​ថ្លែងថា​៖ «​នៅពេល​នេះ​យើង​កំពុង​សហការ​ជាមួយ​អង្គការ​សុខភាព​សត្វ​ពិភពលោក និង​អង្គការ​ជា​ដៃគូ​ផ្សេងទៀត ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ទប់ស្កាត់​ការទិញ លក់ និង​ពិឃាតសត្វ​ឆ្កែ ដើម្បី​យក​សាច់​ធ្វើជា​ម្ហូបអាហារ​នេះ​ឲ្យ​បាន​ជោគជ័យ​នៅ​ទូទាំង​ប្រទេស​»​។

ជុំវិញ​ករណី​នេះ​លោក ជុំ វណ្ណធី ម្ចាស់​ទីតាំង​លក់​សាច់​ពិសេស​ (​សាច់​ឆ្កែ​) មួយ​កន្លែង​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​អះអាង​ថា កំពុង​កាក់កប​លើ​មុខរបរ​លក់​សាច់​ឆ្កែ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា ការជ្រើសរើស​មុខរបរ​អាជីវកម្ម​សម្រាប់​ចិញ្ចឹមជីវិត មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​។

លោក វណ្ណធី ថ្លែងថា​៖ «​ខ្ញុំ​បាន​បង្កើត​មុខរបរ​លក់ដូរ​ជាច្រើន​មក​ហើយ​ដូចជា​លក់​ពងទា​កូន សាច់គោ​អាំង និង​លតឆា ប៉ុន្តែ​មិន​កាក់កប​ដូច​ការលក់​សាច់ឆ្កែ​នេះ​ទេ​។ មុខរបរ​លក់​សាច់ឆ្កែ​នេះ​គឺ​អាចជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ល្អ​ជាង​ដោយ​ក្នុង​ ១ ​ថ្ងៃ​អាច​រកប្រាក់​ចំណេញ​បាន​ចន្លោះ​ពី ៨ ​ទៅ​ ១០ ​ម៉ឺន​រៀល​»​។

លោក វណ្ណធី បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា សាច់​ឆ្កែ​ដែល​គាត់​ខ្វៃ​លក់​ជា​រៀងរាល់​ថ្ងៃ​ចាប់​តាំងពី​ចុង​ឆ្នាំ​ ២០១៩ ​មក​នោះ គឺ​ទិញ​ពី​អាជីវករ​ម្នាក់​នៅ​ស្អាង​ព្រែក​តូច ស្រុក​ស្អាង ខេត្ត​កណ្ដាល​ក្នុង​ ១ ​គីឡូក្រាម​ថ្លៃ​ ១០០០០ ​រៀល (​សាច់​ឆៅ​) ​ហើយ​គាត់​អាច​លក់​ចេញ​វិញ​បាន​ ១៦០០០ ​រៀល ទៅ​ ១៨០០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម​។ ប៉ុន្តែ​សម្រាប់​សាច់ខ្វៃ​ឆ្អិន​ហើយ គឺ​គាត់​អាច​លក់​បាន​ថ្លៃ​ជាង​ ៣ ​ដង​នៃ​តម្លៃ​សាច់​ឆៅ គឺ​ក្នុង​ ១ ​ចាន​ ៥០០០ ​រៀល​។ លោក​អាច​លក់​ចេញ​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​ ១០ ​គីឡូក្រាម​។

នៅពេល​និយាយ​ដល់​រឿង​អាជ្ញាធរ​ចេញ​បម្រាម​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ លក់ និង ពិឃាតសត្វ​ឆ្កែ ដើម្បី​យក​មក​ធ្វើ​ម្ហូបអាហារ​នេះ លោក វណ្ណធី បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អាច​បិទ​មុខរបរ​នេះ ទៅ​ចាប់​មុខរបរ​ចាស់​វិញ​បាន ប៉ុន្តែ​សូម​ឲ្យ​អាជ្ញាធរ​មាន​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​កុំ​ហាមឃាត់​តែ​ហាង​តូចតាច​ដូចជា​ពួក​ខ្ញុំ ហើយ​មិន​ចាត់ការ​លើ​ហាង​ធំៗ​»​។

យោងតាម​របាយការណ៍​អង្កេត​របស់​អង្គការ Four Paws ដែល​ត្រូវ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​តុលា ឆ្នាំ​ ២០១៩ បាន​បង្ហាញ​ថា ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​មាន​សត្វ​ឆ្កែ​ប្រមាណ​ ៣ ​លាន​ក្បាល រួមទាំង​សត្វ​ឆ្កែ​ចិញ្ចឹម ដែល​ត្រូវ​បាន​ចោរលួច​ត្រូវ​បាន​សម្លាប់​សម្រាប់​យក​សាច់​ធ្វើជា​ម្ហូបអាហារ​។

អង្គការ​នេះ​ក៏បាន​រកឃើញ​ផងដែរ​ថា អត្រា​នៃ​ជំងឺ​ឆ្កែឆ្កួត​របស់​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​ដោយសារ​តែ​កង្វះ​កម្មវិធី​ចាក់​វ៉ាក់សាំង​ឆ្កែ និង​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ដែល​ត្រូវបាន​ឆ្កែ​ខាំ​។ ជា​រៀងរាល់​ឆ្នាំ​ជំងឺ​នេះ​សម្លាប់​មនុស្ស​ជាង ៨០០ ​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​របស់​អង្គការ Four Paws បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ទាក់ទង​នឹង​ការធ្វើ​ពាណិជ្ជកម្ម​គឺ​ឃោរឃៅ​បំផុត​ចំពោះ​សត្វ និង​សកម្មភាព​ខុស​ច្បាប់​រួមទាំង​ការលួច​សត្វ​ចិញ្ចឹម​បន្ថែម​ពីលើ​ការគំរាម​កំហែង​ពិតប្រាកដ​នៃ​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​ទៅកាន់​សហគមន៍​ និង​ភ្ញៀវទេសចរ​។ ជាមួយ​នឹង​លក្ខខណ្ឌ​អនាម័យ​ដែល​ត្រូវបាន​រកឃើញ​នៅ​ភោជនីយដ្ឋាន និង​កន្លែង​សម្លាប់សត្វ​មានន័យថា មនុស្ស​កំពុង​ប្រឈម​នឹង​ជំងឺ​ដែល​អាច​បណ្តាល​ឱ្យស្លាប់​។ ប្រសិន​បើ​ប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការលុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​របស់​មនុស្ស​នោះ ការដោះដូរ​សាច់​ឆ្កែ​ក៏​មិនអាច​ត្រូវគេ​ព្រងើយ​កន្តើយ​បានដែរ​»​។ ពេលដែល​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ឆ្កែ​មាន​ភាព​លេចធ្លោ ការបរិភោគ​សាច់​ឆ្កែ​នៅតែ​ជា​ទម្លាប់​ក្នុង​​ចំណោម​ប្រជាជន​ខ្លះ​៕

វីដេអូ៖