ភ្នំពេញៈ អាជ្ញាធរ​បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​កន្លែង​ផលិត ជួញដូរ និង​ប្រើប្រាស់​គ្រឿង ញៀន​ចំនួន ១ ២៩៣ ទីតាំង ក្នុង នោះ ក្លិប ខារ៉ាអូខេ និង​បារ៍​កម្សាន្ត​ជនបរទេស ​មាន​ចំនួន ២៩៧ កន្លែង និង​ផ្ទះ​ជួល ផ្ទះ​សំណាក់ សណ្ឋាគារ និង​កន្លែង​ផ្សេងៗ មាន​ចំនួន ៩៩៦ ទីតាំង។ នេះ​បើ​តាមស្ថិតិ​ប្រកាស​នៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៨ ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ចុះផ្សាយ​ដោយ​ស្រង់​ប្រភព​ពី​ការិយាល័យ​គ្រឿង​ញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ក្លិប ខារ៉ាអូខេ និង​បារ៍​បរទេស​ចំនួន ២៩៧ ទីតាំង មិន​បាន​គោរព​តាម​កិច្ច​សន្យា និង​បណ្ដោយ​ឱ្យ​មាន​ករណី​ចែក​ចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា៖ «បាន​បង្ក​ការ​លំបាក​ស្មុគ​ស្មាញ​មួយ​ចំនួន បើ​ទោះ​យើង​ឱ្យ​ធ្វើ​កិច្ច​សន្យា​រួច​ហើយ​ក្ដី ក៏​ម្ចាស់​ទីតាំង​មួយ​ចំនួន​នៅ​តែ​ឃុប​ឃិត​គ្នា​ផ្ដល់​ទីតាំង និង​សម្រួល​ឱ្យមាន​ការ​លក់ ចែក​ចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​ជាដើម ជាក់​ស្ដែង​ដូចជា​ករណី​ថ្មីៗ​នេះ យើង​បាន​បង្ក្រាប​ទីតាំង​កម្សាន្ត​មួយ​ចំនួន គឺ​ខារ៉ាអូខេ​ប្រូ ឃាត់​ខ្លួន​មនុស្ស ៨ នាក់ និង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០ នាក់ នេះ​មិន​ទាន់​គិត​ដល់​ទីតាំង​ក្លិប​ផ្សេងៗ​ដែល​កើត​មាន​ករណី​ដូចគ្នា»។

គេហទំព័រ​អគ្គស្នងការ​បន្តថា តំបន់​មិន​រៀបរយ​ចំនួន ៤៥ គោល​ដៅ​កំពុង​ក្លាយជា​កន្លែង​មាន​សកម្មភាព​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​យ៉ាង​សកម្ម តែ​មិន​ធំដុំ​ឡើយ ហើយ​ភាគ​ច្រើន​ជន​ល្មើស​បាន​ប្រើប្រាស់​កុមារ​តូចៗ​អាយុ​ក្រោម ១២ ឬ ១៣ ឆ្នាំ​ឈរ​កាន់​ថ្នាំ និង​លក់​ថ្នាំ​ទៅ​ឱ្យ​អ្នក​មក​រក​ទិញ។ គេហទំព័រ​របស់​ប៉ូលិស​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ ២០១៨ ទីតាំង​ផ្ទះ​ជួល ផ្ទះ​សំណាក់ សណ្ឋាគារ និង​ទីតាំង​ផ្សេងៗ​ចំនួន ៩៩៦ ទីតាំង ត្រូវ​ជន​ល្មើស​ប្រើប្រាស់​ជា​កន្លែង​កែច្នៃ និង​រក្សាទុក​គ្រឿង​ញៀន «ជា​កន្លែង​ប្រមូល​ផ្ដុំ​ទី​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​របស់​ពួក​ជន​ល្មើស​សម្រាប់​ធ្វើការ​ជួញដូរ ផលិត​កែច្នៃ និង​ស្ដុក​ទុក​គ្រឿង​ញៀន»។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់បន្ថែម​ពី​លោក ស ថេត អគ្គស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​បាន​ទេ​ពី​ម្សិលមិញ។

លោក ជួប សុខ​ចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខា​ណាយល់​ឃើញ​ថា បញ្ហា​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន គឺជា​បញ្ហា​ដ៏​ស្មុគ​ស្មាញ​មួយ ព្រោះ​អ្នក​ជួញ​ដូរ​តែង​រក​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ចែក​ចាយ​គ្រឿង​ញៀន ហើយ​ជាទូទៅ​គេ​តែង​សង្កេត​ឃើញ​មាន​ការ​ចែក​ចាយ​គ្រឿង​ញៀន​ដែល​សកម្ម​ជាង​គេ គឺ​នៅ​ទីតាំង​ផ្ដល់​សេវា​កម្សាន្ត និង​កន្លែង​មាន​មនុស្ស​រស់​នៅ​ប្រមូល​ផ្ដុំគ្នា ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​តាមរយៈ​ផ្ដល់​កិច្ច​សហការ​ដោយ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ឱ្យ​ចុះ​មក​បង្ក្រាប។

លោក ចំរើន ថ្លែងថា៖ «ប្រសិនបើ​ទីតាំង​ទាំងនោះ​បែរ​មិន​ផ្ដល់​កិច្ច​សហការ​ជាមួយ​ទេ គឺ​មានន័យ​ថា​ពួកគេ​បាន​នាំ​គ្នា​ប្រឆាំង​ច្បាប់​ស្ដី​គ្រឿង​ញៀន ដែល​ហាម​មិន​ឱ្យ​មាន​ការ​ចរាចរ ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន»។

តាម​របាយការណ៍​អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ចំនួន ២០២៤ ករណី និង​ឃាត់​ខ្លួន​ជន​ល្មើស​បាន​ចំនួន ៣៦៧០ នាក់​បញ្ជូន​ទៅ​តុលាការ។

លោក សុង លី ស្នងការរង​ទទួលបន្ទុក​ផែនការ​ព្រហ្មទណ្ឌ​ក៏បាន​លើក​ឡើង​នៅ​ក្នុង​សន្និបាត​ដែរ​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​រួម​ទាំង​បញ្ហា​ល្បែង​ស៊ី​សង បាន​ជំរុញ​ឱ្យ​មាន​ករណី​ឆក់​ផង​ដែរ ហើយ​បទ​ល្មើស​ឆក់​ជាក់​ស្ដែង​ភាគ​ច្រើន គឺ​ពលរដ្ឋ​ជា​អ្នក​ចាប់ ហើយ​តិច​តួច​ប៉ុណ្ណោះ​ដែល​បង្ក្រាប​បាន​ដោយ​សមត្ថកិច្ច។

លោក​ថ្លែងថា៖ «ការទប់ស្កាត់​នៅ​មិនទាន់​បទល្មើស​ឆក់។ សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បទ​ល្មើស (ឆក់) ដែល​ស្រាវជ្រាវ ហើយ​ករណី​ជាក់​ស្ដែង​បង្ក្រាប​បាន​តិចតួច ភាគ​ច្រើន​ប្រជាពលរដ្ឋ​ជា​អ្នក​ចាប់​ជន​សង្ស័យ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ទៅ​វិញ ឬ​ជន​សង្ស័យ​ខ្លួន​ឯង​រត់​គេច​ខ្លួន​ហើយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍»៕