ភ្នំពេញៈ សាលារាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​សុក្រ ​បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត នូវ​សំណើ​របស់​សហជីព​ដែល​ស្នើ​សុំ​ហែ​ក្បួន​ឆ្លង​កាត់​ទីក្រុង ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ។

លោក​ អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​ថ្លែង​ថា​ មន្ត្រី​សាលាក្រុង​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​នៃ​បញ្ហា​ចរាចរណ៍​និង​សុវត្ថិភាព​សាធារណៈ​ក្នុង​ការ​ច្រានចោល​សំណើ​របស់​សហជីព​ដែល​ស្នើ​សុំ​ដើរ​ហែ​ក្បួន​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​នៅ​ជិត​វត្ត​ភ្នំ​ទៅ​កាន់​សភា​ជាតិ។

យោង​តាម​លោក​ ធន់​ បាន​ឲ្យ​ដឹងថា​ មន្ត្រី​សាលាក្រុង​ នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ពាក្យ ​ដែល​មាន​សរសេរ​ថា « បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ច្បាប់​សហជីព» ក្នុង​ការ​ប្រារព្ធ​ពិធី​នោះ​ដែរ មិន​អនុ​ញ្ញាតឲ្យ​ធ្វើ​នៅ​មុខ​រដ្ឋសភា​​ទេ​ដោយ​ឲ្យ​ក្រុម​នេះ​ធ្វី​នៅ​ទីលាន​ប្រជាធិតេយ្យ​ឆ្ងាយ​ពី​កណ្តាល​ទីក្រុង។

លោក​ ធន់ ​ថ្លែង​ថា៖ «វា​ជា​ការ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ​បន្តិច​បន្តួច។​ ពួកគេ​បាន​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ប៉ុន្តែ​យើង​មិន​យល់​ស្រប​ពី​ព្រោះ​វា​នៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក»។

ការ​អនុញ្ញាតពី​មន្ត្រី​រដ្ឋាភិបាល​គឺ​មិន​ត្រូវ​ឲ្យ​មាន​ទេ​នៅ​ក្រោម​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​គឺ​គ្រាន់​តែ​ផ្តល់​ការ​ជូន​ដំណឹង​ជា​មុន​ប៉ុណ្ណោះ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ហាម​ឃាត់​របស់​សាលាក្រុង​នេះ​ បាន​ក្លាយ​ទៅ​ជា​ការ​ហាម​ឃាត់​ជា​ប្រចាំ​ឆ្នាំ​ទៅ​ហើយ។

លោក​ អាត់​ ធន់ ​បាន​ថ្លែង​ថា​ កាល​ពី​ឆ្នាំ​មុនៗ សហជីព​បាន​ជំទាស់​ទៅ​នឹង​បម្រាម​នេះ ហើយ​បាន​ដើរ​ហែ​ក្បួន​ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ ពួកគេ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​សាលា​ក្រុង​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​នៅមុខ​ការិយាល័យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) វិញ។

លោក​ ធន់ ​បញ្ជាក់​ថា៖ «ដោយ​សារ តែ​ស្ថានការណ៍​នយោបាយ​និង​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​ យើង​មិន​ចង់​ប្រឈម​ជាមួយ នឹង​រដ្ឋាភិបាល​ទេ។ ដូច្នេះ​ហើយ​យើង​ទទួល​យក​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​នៅ​ឯ​សួន​ច្បារ​ខាង​មុខ​ការិយា​ល័យ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)»។

លោក​បន្ថែមថា​ សាលា​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា​ នឹង​ផ្ញើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ ស្នើសុំ​​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​រួម​ចំនួន ២០០០ នាក់។

កាលពី​ថ្ងៃអាទិត្យ​ លោក​ខៀវ​ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​ ក្រសួង​មិនបាន​ទទួល​លិខិត​នោះ​ទេ។

លោក​ស្រី Naly Pilorge មន្ត្រី​អង្គការ​សិទិ្ធ​មនុស្ស​ លីកាដូ ​បាន​ពណ៌នា​ការ​សម្រេច​ចិត្ត​របស់​សាលាក្រុង​ថា​ ជា​រឿង «អកុសល»។

លោកស្រី Pilorge ថ្លែង​នៅក្នុង​សារ​មួយ​ថា៖«ខ្ញុំ​សង្ឃឹមថា​ អ្នក​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​ នឹង​សាកសួរ​ទៅ​សាលាក្រុង​ និង​ក្រសួង​មហាផ្ទៃ​ថា​តើ​ការ​ដើរ​ហែ​ក្បួន​របស់​កម្មករ​ដោយ​សន្តិវិធី​អាច​ប៉ះពាល់​ដល់ «សន្តិសុខ​ជាតិ» ឬ ​បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​យ៉ាង​ដូចម្តេច។

ទិវា​ពលកម្ម​អន្តរជាតិ​ត្រូវបាន គេ​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​គឺ​នៅ​ថ្ងៃទី ១ ​ខែ​ឧសភា។ សហជីព​ដទៃទៀត​ក៏​គ្រោង​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ដែរ​ ប៉ុន្តែ​ប្រារព្ធ​ធ្វើ​នៅ​កន្លែង​ឯកជន។

លោក ​រ៉ុង​ ឈុន ​អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​ថ្លែងថា ​ពួកគេ​រំពឹង​ថា​ នឹង​មាន​អ្នក​ចូលរួម​ប្រហែល​ ២០០ ​នាក់។ លោក​ថ្លែង​ថា៖​«ចំនួន​មាន​តិច​ ខណៈដែល​យើង​មិន​មាន កន្លែងធំ​ឲ្យ​អ្នក​ចូលរួម​បាន​ច្រើន​ពីព្រោះ​ធ្វើ​នៅ​កន្លែង​ឯកជន»។

លោក​បាន​បន្ថែមថា​ ពួកគេ​ក៏ត្រូវ​បាន​ហាម​មិនឱ្យ​ដើរ​ហែ​ក្បួន​ផងដែរ៕ NS