ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​ចាត់ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ប្រឡាយ​មេ ​និង​ប្រឡាយ​មេរង ​ដើម្បី​ស្តារ​បន្ថែម​ចំនួន ១២ ​ខ្សែ​ទៀត​ក្នុង​ឆ្នាំនេះ ​សម្រាប់​ត្រៀម​ការពារ ​ឬ​ បញ្ចៀស​ទឹក​ជំនន់។ ​ប្រឡាយ​ទំាងនោះ ​ស្ថិត​នៅភាគ​ខាង​ជើង​ នៃ​រាជធានី​ភ្នំពេញ ​មាន​ ២ ខ្សែ​ និង​ភាគ​ខាងលិច​រាជធានី​មាន​ ១០ ខ្សែ។​

អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួង ស្រេង ​បានឲ្យដឹង​ថា​ ប្រឡាយ​២ខ្សែ​នៅ​ភាគខាង​ជើង​រាជធានី​ភ្នំពេញ ​គឺ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះឈ្នះ ​និង​ប្រឡាយ​ទំនប់​កប់​ស្រូវ។ ចំណែក​១០ខ្សែ​ទៀត​នៅ​តំបន់​ប៉ែក​ខាង​លិច​រាជធានី​ភ្នំពេញ ​ដែល​ស្ថិតក្នុង​ខណ្ឌ​កំបូល ​ពោធិ៍​សែនជ័យ ​ដង្កោ ​និង​ខណ្ឌ​មានជ័យ។

លោក​ឃួង ស្រេង ​ថ្លែងថា​៖«យើង​ត្រូវ​ស្តារ​ប្រឡាយ​ហ្នឹង ​ដើម្បី​បើក​មុខទឹក​ នៅពេល​ដែលមាន​ទឹកជំនន់​ធ្ងន់ធ្ងរ ​ងាយ​ស្រួល​បង្ហូរ​ទឹក​ដើម្បី​ធានា​និរន្តរភាព ​យ៉ាងហោច​ណាស់ ​ក៏ជួយ​បាន​៨០ភាគរយ ​កុំឲ្យ​មានការ​លិចលង់​ដូច​វស្សា​មិញ។ បើ​វា​ទទួល​ព្យុះ​អី ​យើង​អាច​សង្គ្រោះ​បាន​ច្រើន​ជាង​នេះ»។

ទោះ​យ៉ាងណា ​លោក​អភិបាល​រាជធានី ​មិនបាន​បញ្ជាក់ថា ​ប្រឡាយ​ទាំងអស់​នោះ​មាន​ប្រវែង​ប៉ុនណា ​ហើយ​ត្រូវ​ជីក​ស្តារ​ក្នុង​ជម្រៅ​ប៉ុន្មាន ​ពង្រីក​បន្ថែម​ប៉ុនណា​នោះ​ទេ ​ដោយសារ​តែ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​បន្ថែម។ ប៉ុន្តែ​លោក​បញ្ជាក់ថា ​យ៉ាង​ហោច​ណាស់​ប្រឡាយ ​ដែលត្រូវ​ស្តារ​នេះ ​ត្រូវ​ពង្រីក​ឲ្យ​បានធំ​តាម​ទំហំ​របស់​ប្រឡាយ។

លោក​ឃួង​ ស្រេង ថ្លែងថា​៖«យើង​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​បណ្តើរៗ​ហើយ ​ភាគ​ខាងជើង​យើង​ជីក​ហើយ​ពី​វស្សា​មិញ​ យើង​ជីករហូត​ដល់​ឥឡូវ​យើង​មិនទាន់​ឈប់​ជីក​ទេ។ ប៉ុន្តែ​យើង​ត្រូវ​សិក្សាថា ​តភ្ជាប់​ពី​កន្លែង​ណា​ ទៅ​កន្លែង​ណា ​ហើយ​ត្រូវ​ថែម​ស្ថានីយ​ឬ​ថែម​ម៉ាស៊ីន​បូមទឹក​ប៉ុន្មាន​ទៀត»។

បើ​តាម​លោក​ឃួង ស្រេង ​ក្នុង​ដំណាក់កាល​កំពុង​សិក្សា​បន្ថែម​នេះ ​មានការ​ចូលរួម​ជួយ​ផ្តល់​បច្ចេកទេស​ពី​ខាង​មន្ទីរ​សាធារ​ណការ​រាជធានី​ភ្នំពេញ ​មន្ទីរ​ធនធាន​ទឹក​ មន្ទីរ​ដែនដី ​ជាពិសេស​គឺ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​កម្ពុជា​ ដែល​នឹង​ផ្តល់​ជំនាញ​សិក្សា​ក្នុង​ការស្តារ​ប្រឡាយ​ទាំងនោះ​ផង​ដែរ។

លោក​អភិបាល​មាន​ប្រសាសន៍ថា​៖«យើង​ក៏ត្រូវ​សុំ​យោបល់​ពី​ខាង​អង្គការ​ JICA ​ដើម្បី​ពិគ្រោះ​យោបល់​ថា​តើ ​យើង​ធ្វើនេះ​ គាត់​មាន​យោបល់​យ៉ាង​ណា ​ព្រោះ​គាត់​កំពុងតែ​ជួយ​យើង​ជុំវិញ​បញ្ហា​ទឹក​ជំនន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ»។

តាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន ​កាលពី​ថ្ងៃទី២៤ ​ខែធ្នូ ​ឲ្យដឹងថា ​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានស្តារ​ប្រឡាយ​ចំនួន​ ១២ ខ្សែ ​ដែលបាន​ជួយ​រំដោះ​ការជន់​លិច​ជំនន់​ទឹកភ្លៀង​បានច្រើន​ក្នុង​ឆ្នាំ២០២០។​ នៅ​ឆ្នាំ២០២១ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​មាន​ផែនការ​ស្តារ​ប្រឡាយ​មេ​ជាច្រើន​ទៀត​នៅ​ភាគ​ខាង​ជើង ​និង​ភាគខាង​លិច​បន្ត​ទៀត​ ដើម្បី​ធានា​ការពារ​កុំឱ្យ​ជន់​លិច​រាជ​ធានី​ភ្នំពេញ​នារដូវ​វស្សា។

រាជធានី​ភ្នំពេញ ​មាន​ស្ថានីយ​បូម​ទឹក​ចំនួន​ ១៤ កន្លែង​ ក្នុង​នោះ ​រួមមាន​ ស្ថានីយ​បូមទឹក​បឹង​ត្របែក ​ស្ថានីយ​បូមទឹក​បឹង​ទំពុន​ ស្ថានីយ​បូមទឹក​លូ​ប្រាំ ​ស្ថានីយ​បូមទឹក​បុរី ​១០០ខ្នង​ ស្ថានីយ​បូមទឹក​ទួល​សំពៅ ​ស្ថានីយ​បូមទឹក​កប់ស្រូវ​ ស្ថានីយ​បូមទឹក​ស្វាយ​ប៉ាក ​ស្ថានីយ​បូមទឹក​ព្រះ​ពន្លា ​ស្ថានីយ​បូមទឹក​ទួលគោក​ទី១ ​ស្ថានីយ​បូមទឹក​ទួលគោក​ទី២ ​និង​ស្ថានីយ​៤កន្លែង​ទៀត ​នៅមុខ​រាជវាំង ​និង​ព្រះ​គម្លង់។​

លោក​សឿន សារ៉ន ​នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត ​យល់ឃើញ​ថា ​ការយក​ចិត្ត​ទុកដាក់​ក្នុងការ​ស្តារ​ប្រឡាយ​ទឹក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​គឺជា​រឿង​ល្អ។ ព្រោះ​ការស្តារ​ប្រព័ន្ធ​ប្រឡាយ​អាច​នាំឲ្យ​ល្បឿន​នៃ​ទឹក​ហូរ​ចេញពី​រាជធានី​ភ្នំពេញ​បាន​លឿន ​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិត​បន្ថែម​នោះ ​គឺ​ទិសដៅ​នៃ​ការហូរ​ចេញ​របស់​ទឹក។

លោក​សារ៉ន​ថ្លែងថា​៖«ទិសដៅ​នៃ​ទឹក​ហូរ​ចេញពី​រាជធានី​ភ្នំពេញ​ហ្នឹង​ តើ​ចេញពី​លំនៅឋាន ​ឬ​ក៏​ពី​ជំនន់​ទឹកភ្លៀង​ហ្នឹង ​វា​នឹង​ហូរ​ទៅ​ទី​ណា។ ហើយ​អ្វី​ដែល​យើង​ត្រូវ​គិត​ហ្នឹង​ត្រូវ​ធ្វើឲ្យ​ប្រាកដថា ​ទី​ដែល​ជាអាង​ស្តុក​ទឹក ​ឬ​អាង​រំដោះ​ទឹកចេញ​ពី​រាជធានី​ភ្នំ​ពេញ​ហ្នឹង ​មានការ​រួម​តូច​ ឬ​មាន​ទំហំ​គ្រប់គ្រាន់​ក្នុង​ការទទួល​ទឹក​បាន»។

​បើ​តាម​លោក​សារ៉ន ​ការបន្ត​លុប​បឹង​សំខាន់ៗ ​ដែល​មាន​ដូចជា​បឹង​ទំពុន​បឹង​ជើងឯក ​និង​បឹង​តាមោក​ រាជធានី​ភ្នំពេញ​អាច​ប្រឈម​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់ ​ដែលបង្ក​ឲ្យ​មាន​ការលំបាក​កាន់តែ​ខ្លាំង​ជាង​មុន។ ហេតុ​នេះ​ លោក​សង្ឃឹមថា​ រដ្ឋាភិ​បាល​បន្ត​ការការពារ​នូវ​ផ្ទៃ​បឹង​ទាំង​នោះ​ដូចការ​កំណត់​ កុំឲ្យ​មាន​ការរួម​តូច​ថែម​ទៀត។ ជាមួយ​គ្នានោះ ​គួរតែ​បន្ត​ស្តារ​អាង​ស្តុក​ទឹក ​ក៏ដូច​ជា​ប្រឡាយ​ក្នុង​ការរំដោះ​ទឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត៕​