
នគរបាលហាមពលរដ្ឋ និងសហគមន៍មិនឲ្យរៀនរបៀបចិញ្ចឹមមាន់ក្នុងស្រុករមាសហែក។ រូបថត សហការី
ស្វាយរៀងៈ ប្រជាពលរដ្ឋប្រមាណ ៣០ នាក់ត្រូវបានបំបែកមិនឲ្យមានការប្រមូលផ្ដុំគ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជាដើម្បីសិក្សារួមគ្នាអំពីបច្ចេកទេសចិញ្ចឹមមាន់ដែលគ្រោងធ្វើរយៈពេល ៣ ថ្ងៃពីថ្ងៃទី ១៧-១៩ ខែកញ្ញានៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដោយអាជ្ញាធរមូលដ្ឋានបានចាត់ទុកសកម្មភាពបែបនេះជាការបំពានច្បាប់។
លោក សំ សំអ៊ុល អធិការស្រុករមាសហែកបានសរសេរនៅលើគេហទំព័រហ្វេសប៊ុកអធិការដ្ឋាននគរបាលស្រុករមាសហែកថា៖ «សហគមន៍សាមគ្គីរមាសហែកនេះមិនទាន់មានច្បាប់នៅឡើយ ហើយលោកអភិបាលស្រុកក៏មិនបានអនុញ្ញាតឲ្យធ្វើសកម្មភាពដែរ ប៉ុន្តែពួកគាត់នៅតែធ្វើទើបយើងឃាត់ ហើយណែនាំឲ្យពួកគាត់ទៅបំពេញលក្ខខណ្ឌច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន»។
លោកបានឲ្យដឹងទៀតថា៖ «ចំពោះសមាគមដែលមានច្បាប់រួចហើយ មុននឹងធ្វើសកម្មភាពរបស់ខ្លួនគឺត្រូវទៅសុំការអនុញ្ញាតច្បាប់ពីរដ្ឋបាលខេត្តដោយផ្តល់ដំណឹងយ៉ាងតិច ៣ ថ្ងៃនេះជាការជម្រាបមកអាជ្ញាធរ រាជធានី/ខេត្តរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៧»។
លោក ញ៉ាញ ផែន នាយប៉ុស្តិ៍នគរបាលឃុំអំពិលបានអះអាងប្រហាក់ប្រហែលគ្នាថាមូលហេតុដែលអាជ្ញាធរឃុំចុះហាមឃាត់នេះដោយសារតែប្រជាសហគមន៍ មិនបានសុំការអនុញ្ញាតដល់ថ្នាក់ខេត្ត និងមិនបានអញ្ជើញមន្ត្រីកសិកម្មខេត្តមកចូលរួម។
ប៉ុន្តែអ្នកស្រី ខៀវ សារ៉ុន តំណាងសហគមន៍សាមគ្គីរមាសហែកនៅឃុំអំពិល ស្រុករមាសហែក ខេត្ដស្វាយរៀងបានឲ្យដឹងថាពួកគាត់បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងការិយាល័យកសិកម្មស្រុកកាលពីថ្ងៃទី ១២ កញ្ញា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលដល់កសិករពីបច្ចេកទេសចិញ្ចឹមមាន់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា។
ដោយសារមានការយល់ព្រមទើបពួកគាត់អញ្ជើញសមាជិកសហគមន៍ប្រមាណជាង ៣០ នាក់មកចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបចិញ្ចឹមមាន់តាមបែបធម្មជាតិ និងបច្ចេកទេសឲ្យបានត្រឹមត្រូវ ប៉ុន្តែសកម្មភាពរបស់ពួកគាត់ត្រូវបានអាជ្ញាធរឃុំ និងសមត្ថកិច្ចប្រមាណ ៦ នាក់ចុះមកហាមឃាត់មិនឲ្យដំណើរការតទៅទៀតកាលពីថ្ងៃចន្ទកន្លងមកនេះក្រោមមូលហេតុថាមិនបានសុំការអនុញ្ញាតពីថ្នាក់ខេត្ដ។
អ្នកស្រី ខៀវ សារ៉ុន បានអះអាងថា៖ «ពួកខ្ញុំបានស្នើទៅដល់ ឃុំ និងការិយាល័យកសិកម្មស្រុកជាមុនរួចរាល់ហើយចំពោះសំណើដើម្បីសុំបង្រៀនប្រជាពលរដ្ឋចិញ្ចឹមមាន់នេះ ហើយពួកគាត់ក៏បានចុះហត្ថលេខាយល់ព្រមឲ្យខ្ញុំតាំងពីថ្ងៃទី ១២ កញ្ញា។ ប៉ុន្ដែដល់ពេលសមត្ថកិច្ចគាត់ចុះមកបែរជាថា ពួកខ្ញុំអត់បានជូនដំណឹងទៅដល់ថ្នាក់ខេត្ដ»។
អ្នកស្រី យស់ សុភ័ន្ដ និងប្រជាពលរដ្ឋ ៩ នាក់ផ្សេងទៀតមកពីស្រុកស្វាយជ្រំនៃខេត្ដស្វាយរៀងដែលបានចំណាយពេលជិត ៣ ម៉ោងដើម្បីជិះម៉ូតូលើចម្ងាយផ្លូវជិត ១០០ គីឡូម៉ែត្រ ដើម្បីស្កាត់មករៀនបច្ចេកទេសចិញ្ចឹមមាន់នេះបានខកចិត្ដយ៉ាងខ្លាំងចំពោះការហាមឃាត់របស់សមត្ថកិច្ចនេះមកលើពួកគាត់។
អ្នកស្រីថ្លែងថា៖ «ខ្ញុំជិះម៉ូតូមកពីស្រុកស្វាយជ្រំមករៀននៅស្រុករមាសហែកនេះគ្រាន់តែជិះម៉ូតូមកដល់កន្លែងរៀន ខ្ញុំចាក់សាំងអស់ ១៧០០០ រៀល ហើយជិះម៉ូតូជិត ១០០ គីឡូម៉ែត្រហត់ខ្លាំងណាស់ ប៉ុន្ដែមកដល់បែរជាគេមិនឲ្យពួកខ្ញុំរៀន»។
អ្នកស្រី ឥន្ទ សូត្រ ប្រជាកសិករមកពីស្រុកស្វាយជ្រំដែរបានលើកឡើងថា អ្នកស្រីបានមកចាំនៅកន្លែងរៀនវគ្គចិញ្ចឹមមាន់នេះតាំងពី ១ ថ្ងៃមុនថ្ងៃរៀនម្ល៉េះដើម្បីចេះបច្ចេកទេសចិញ្ចឹមមាន់។
អ្នកស្រីថា៖ «ខ្ញុំខកចិត្ដណាស់ចំពោះការហាមឃាត់នេះគឺពួកគាត់មិនជួយប្រជាពលរដ្ឋបែរជាមកឃាត់ពលរដ្ឋទៅវិញ។ ប្រហែលគេមិនចង់ឲ្យប្រជាពលរដ្ឋចេះដឹងទេ»។
អ្នកស្រីបានអះអាងថាពួកអ្នកស្រីខិតខំមកពីស្រុកឆ្ងាយៗរាប់រយគីឡូម៉ែត្រ មករៀនពីវិធីចិញ្ចឹមមាន់នេះ ព្រោះគិតថានឹងអាចចេះពីវិធីចិញ្ចឹមមាន់ឲ្យឆាប់ធំគ្រាន់នឹងបានដោះស្រាយជីវភាពខ្លះបន្ថែមក្រៅពីធ្វើស្រែចម្ការ៕