ភ្នំពេញៈ ដោយ​លើក​ហេតុផល​ពី​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​​ចេញ​មុខ​ទៅ​ទទួល​យក​ញត្តិ​ពី​ក្រុម​ស្រ្ដី​ដែល​មាន​គ្នា​ប្រមាណ​​ ៤០០ នាក់​មក​ពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​បញ្ជូន​បន្ត​ទៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី នៅ​ពេល​ដែល​កង​កម្លាំង​របស់​សាលា​រាជធានី​បាន​រារាំង​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​ស្ដាត​អូឡាំពិក​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា​កាល​ពី​ថ្ងៃ​សុក្រ​។

ក្រុម​កង​កម្លាំង​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ស៊ីវិល និង​សន្តិសុខ​​ប្រហែល​ ២០០ នាក់ បាន​នាំ​គ្នា​ឈរ​ពាំង​ទប់ស្កាត់​ក្រុម​ស្រ្ដី​ដែល​មាន​បំណង​ដើរ​ដង្ហែ​ញត្តិ​ចេញ​ពី​ក្នុង​ស្ដាត​អូឡាំពិក យក​ទៅ​កាន់​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី ដើម្បី​ស្នើសុំ​ដំណោះ​ស្រាយ​មួយ​ចំនួន​ពី​រដ្ឋាភិបាល ជុំវិញ​បញ្ហា​នានា ដែល​​ស្រ្ដី​កំពុង​ជួប​​ប្រទះ​សព្វ​ថ្ងៃ​។ ការ​រារាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​​សំអាង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​ដែល​​រាជធានី​​ភ្នំពេញ​បច្ចុប្បន្ន​កំពុង​តែ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ស្រាប់​ផង​នោះ​។

លោក​ស្រី អ៊ូ ទេព​ផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​ថ្លែង​​ថា ភាគ​ច្រើន​នៃ​អ្នក​ចូលរួម​ហែ​ញត្តិ​នេះ គឺ​ជា​ស្រ្ដី​​មាន​គ្នា​ជាង ៤០០ នាក់ មាន​ទាំង​យុវជន អ្នក​​ប្រកប​របរ​ផ្លូវ​ភេទ អ្នក​បម្រើ​ការងារ​ផ្នែក​​សេវាកម្ម​កម្សាន្ត កម្មករ​​កាត់​ដេរ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អ្នក​ធ្វើ​ការងារ​តាម​​ផ្ទះ កសិករ និង​ស្រ្ដី​មាន​បញ្ហា​ដីធ្លី។ លោក​ស្រី​បន្ត​ថា នៅ​ពេល​ចាប់​ផ្ដើម​នាំ​គ្នា​ដើរ​ចេញ​ពី​ស្ដាត​អូឡាំពិក ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ និង​ព្យាយាម​បំបែក​ក្រុម​អ្នក​ចូលរួម​ជា ​២ ផ្នែក ហើយ​ក្រោយ​មក​អាជ្ញាធរ​ក៏​បាន​សម្រុះ​សម្រួល​ទទួល​ញត្តិ​ដោយ​សន្យា​យក​ទៅ​ប្រគល់​ឱ្យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​ជំនួស​វិញ។

លោក​ស្រី​ថា​៖ «យើង​គិត​ថា យើង​សោក​ស្ដាយ​ចំពោះ​ការ​រារាំង​ហ្នឹង ព្រោះ​ប្រទេស​យើង គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ មាន​សេរី​ភាព ក្នុង​ការ​ជួបជុំ សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ដែល​គួរ​តែ​ត្រូវ​បាន​ការពារ​និង​ធានា។ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត ហើយ​ក្រោម​រូបភាព​នៃ​ការ​រឹត​បន្តឹង​ទៅ​ទៀត»។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី​នោះ​ គឺ​ក្រុម​ស្រ្ដី​បាន​ស្នើសុំ​ចំនួន ​៧ ចំណុច​ទៅ​កាន់​រដ្ឋាភិបាល​ ដូច​ជា ការ​បង្កើត​មត្តេយ្យ​ទារកដ្ឋាន ឬ​សហគមន៍ ការ​បង្កើត​ជម្រក​សុវត្ថិភាព​ សម្រាប់​ស្រ្ដី​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ស្រ្ដី​បម្រើ​ការងារ​តាម​ផ្ទះ ការ​បញ្ឈប់​ការ​បៀតបៀន និង​ហិង្សា​ផ្លូវ​ភេទ លើ​ស្រ្ដី​នៅ​កន្លែង​ការងារ និង​ដោយ​មិន​ត្រូវ​លើកលែង​ ការ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្ដី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស កំណែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​តាម​ដង​ផ្លូវ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​យន្តការ​ការពារ​ស្រ្ដី​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ និង​ការ​ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ស្ដី​ពី​ការ​កេង​ប្រវ័ញ្ច​ការងារ​ ការ​ជួញដូរ​ និង​ទាស​ភាព​សម័យ​ទំនើប។

លោក​ស្រី អ៊ូ ទេព​ផល្លីន ​ថ្លែង​ទៀត​ថា៖ «យើង​ទាមទារ​ចំណុច​ទី១ ដោយ​​សារ​កម្មករ​ធ្វើ​ការងារ ឬ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពួក​គាត់​​​អត់​មាន​អ្នក​មើល​កូន​ឱ្យ អ៊ី​ចឹង​គាត់​ត្រូវ​បង្ខំ​ចិត្ត​ដាក់​កូន​នៅ​រទះ​អីហ្នឹង ហើយ​ទារកដ្ឋាន​យោង​តាម​ច្បាប់​ស្ដីពី​ការងារ​ មាន​ហើយ គឺ​តម្រូវ​ឱ្យ​និយោជក​អនុវត្ត​តាម​ច្បាប់​ការងារ។ ដូច​មាត្រា​ទី៧ ជំរុញ​យន្ត​ការ​គឺ​គាត់ (​រដ្ឋាភិបាល) ត្រូវ​ធានា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ ហើយ​ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធទ​ទួល​បន្ទុក​​ផ្នែក​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅ ត្រូវចុះ​ទៅ​តាម​ដាន​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា តើពួក​គាត់​ធ្វើ​ការ​នៅ​ទីនោះ​មាន​ផាសុកភាព​ឬអត់? មាន​ប្រព័ន្ធ​ការពារ​សុខ​ភាព និង​សុវត្ថិភាព​ត្រឹមត្រូវ​អត់? ប្រាក់​ឈ្នួល​ត្រឹមត្រូវ និង​ថៅ​កែ​មាន​ឥរិយាបថ​ម៉េច​ដែរ»?

លោក ម៉េត មាស​ភក្ដី អ្នក​​នាំពាក្យ​សាលា​រាជធានី​ថ្លែង​ថា អាជ្ញាធរ​សាទរ ចំពោះ​ការ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ប៉ុន្តែ​ការ​ហាមឃាត់​ដើរ​ដង្ហែ​ក្បួន​នេះ ដោយសារ​តែ​ពួក​គេ​មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​ក្នុង​កិច្ច​ប្រជុំ​រវាង​ភាគី​ទាំង ​២ ថា ឱ្យ​​អនុវត្ត​ប្រារព្ធ​ទិវា​សិទ្ធិ​នារី នៅ​តាម​ទីតាំង​របស់​ខ្លួន​​និង​មិន​អនុញ្ញាត​ឱ្យ​ហែក្បួន​ឡើយ​។

លោក​បន្ត​ថា៖ «ទាំង​អស់​ហ្នឹង​បាន​ជម្រាប​ជូន​ហើយ​ទាំង​បញ្ហា​សណ្ដាប់​ធ្នាប់​សាធារណៈ សណ្ដាប់​ធ្នាប់​ចរាចរណ៍ រួម​ទាំង​បញ្ហា​សុវត្ថិភាព​ទាំង​អស់​ដែល​​អាជ្ញាធរ​យើង​គិត​គូរ​ហើយ​នៅ​ក្នុង​ន័យ​ហ្នឹង​​ដែល​យើង​មិន​អនុញ្ញាត​ជូន​ហើយ​ជាក់ស្ដែង សូម្បី​សព្វ​ថ្ងៃ​នេះ ទោះ​មិន​មាន​សកម្មភាព​ដើរ​ប្រមូល​ផ្ដុំ​ផ្សេងៗ ក៏​សង្កេត​ឃើញ​មាន​ការ​កកស្ទះ​ដែរ»​។

ប៉ុន្តែ លោក ស៊ឹង សែន​ករុណា មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក បាន​ថ្លែង​ថា ការ​លើក​ឡើង​អំពី​បញ្ហា​ចរាចរណ៍​ដើម្បី​រារាំង​មិន​ឱ្យ​ក្រុម​ស្រ្ដី​ទាំង​នោះ​ដើរ​ដង្ហែ​ក្បួន គឺ​ជា​លេស​មួយ​ប៉ុណ្ណោះ​ ហើយ​កន្លង​មក​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ក៏​ធ្លាប់​​​ណែនាំ​ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ជួប​ជុំ ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ដែរ ប្រសិន​បើ​ការ​ជួបជុំ​នោះ​មិន​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូច​ជា​គ្រោះថ្នាក់ ឬ​ចលាចល​នៅ​ក្នុង​សង្គម។

លោក​ថា៖​ «យើង​ទៅ​មើល​បាតុកម្ម​នៅ​ក្នុង​ប្រទេស​លោក​សេរី​យើង​ឃើញ​ហើយ ក្រុម​ប៉ូលិស​របស់​ពួក​គេ​ជួយ​រៀបចំ​សម្រួល​ចរាចរណ៍ ដើម្បី​ឱ្យ​ពលរដ្ឋ​គេ​ហ្នឹង បាន​ធ្វើ​បាតុកម្ម​ដាក់​ញត្តិ​តាម​ស្ថាប័ន​ទៅ​ទៀត។ ពេល​ខ្លះ​ពលករ​ខ្មែរ​ នៅ​ប្រទេស ​កូរ៉េ មិនមែន​ជា​ជនជាតិ​គេ​ផង ប៉ុន្តែ​គេ​ជួយ​សម្រួល​ឱ្យ​ពួ​ក​គាត់​ដាក់​ញត្តិ អ៊ី​ចឹង​យើង​ឃើញ​ថា វា​​ជា​តួនាទី​របស់​សមត្ថកិច្ច​ដើម្បី​សម្រួល​ឱ្យ​ពួក​គាត់​បាន​ដាក់​ញត្តិ ដើម្បី​ឱ្យ​ដល់​ស្ថាប័ន​ទាំង​នោះ​បាន​ដឹង​ពី​រឿងរ៉ាវ ដែល​ពួក​គេ​ចង់​បាន​ផង​»។

យ៉ាង​ណា​ក្តី លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា យល់​ឃើញ​ថា បើ​ក្រុម​ស្ត្រី​ទាំង​នោះ​គ្រាន់​តែ​ចង់​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី មិន​ចាំបាច់​ហែក្បួន​​រំខាន​ពលរដ្ឋ​ដទៃ​ទៀត​ក៏​បាន​ដែរ ដោយ​គ្រាន់​តែ​ចាត់​តំណាង​របស់​ខ្លួន​យក​ទៅ​ដាក់​ទៅ​ជា​ការ​ស្រេច។ ប៉ុន្តែ​លោក​លើក​ឡើង​ថា ក្នុង​ន័យ​នេះ​ដែរ​ប្រសិន​បើ​ពួក​គាត់​ចង់​ដាក់​ញត្តិ ​និង​សម្ដែង​មតិ​ គឺ​ជា​​សិទ្ធិ​របស់​​ពួក​គាត់​ហើយ​អាជ្ញាធរ​គួរ​តែ​ជួយ​សម្រួល​ចរាចរណ៍​ជូន​គាត់ ព្រោះ​រដ្ឋាភិបាល​ក៏​ចង់​ឃើញ​ឲ្យ​មាន​សង្គម​ស៊ីវិល​រស់​រវើក​ ដើម្បី​ជា​ភ្នែក​ជា​ច្រមុះ​ឲ្យ​រដ្ឋាភិបាល​ដែរ​ អាជ្ញាធរ​កុំ​យក​ហេតុផល​តែ​រឿង​សន្ដិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ ​ហើយ​ចេះ​តែ​បិទបាំង​ចុះ​ឡើង នាំ​ឲ្យ​សង្គម​ស៊ីវិល​ទាំង​អស់​ហ្នឹង​បាន​លេស​យក​ទៅ​បរិហារកេរិ៍្ដ​រដ្ឋាភិបាល​ខ្លួន​ឯង ទៅ​ប្រាប់​បរទេស​ថា សង្គម​ខ្មែរ​ផ្ដាច់ការ បិទ​សេរីភាព​ផ្សេងៗ​ជា​ដើម។

លោក​ថា​៖ «យើង​គួរ​តែ​មាន​ការ​សម្របសម្រួល​គ្នា ហើយ​សង្គម​ស៊ីវិល​ខ្លួន​ឯង​ហ្នឹង​ ត្រូវ​បង្ហាញ​ពី​គោល​ដៅ​ឲ្យ​​បាន​ច្បាស់ មិនមែន​យក​លេស​ដាក់​ញត្តិ ហើយ​ខ្លួន​នាំគ្នា​ទៅ​ប្រព្រឹត្ត​អ្វី​ផ្ទុយ​ពី​នេះ ព្រោះ​​​អាជ្ញាធរ​ក៏​ទទួល​បាន​ពិសោធ​ច្រើន​ ជុំវិញ​ការ​ហែ​ញត្តិ​នេះ ហើយ​ក៏​ក្លាយ​ជា​បាតុកម្មត​វ៉ាអ្វី​ផ្សេង​ទៀត»។​​

អង្គការ​សហ​ប្រជាជាតិ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ​៨ ​មីនា ​ក្នុង​ឆ្នាំ ២០១៩ នេះ ក្រោម​ប្រធាន​បទ ​«គិត​ស្មើភាព​គ្នា បង្កើត​ភាព​វៃឆ្លាត និង​ច្នៃ​ប្រឌិត​សម្រាប់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ»​។ លើស​ពី​នេះ ត្រូវ​ចូលរួម​គាំទ្រ​ចំពោះ​ស្រ្ដី​ដែល​កំពុង​ព្យាយាម​យក​ឈ្នះ​ឧបសគ្គដើម្បី​បង្កើត​ឱ្យ​មាន​ពិភព​លោក​កាន់​តែ​ប្រសើរ​មួយ សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​៕

រាយការណ៍​បន្ថែមៈ សុទ្ធ គឹម​សឿន