បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង​បាននិង​កំពុង​សិក្សា​លទ្ធភាព​លើដី​គម្រប​ព្រៃឈើ​ទំហំ​ជាង​ ៩០០ ​ហិកតា​​ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់ល្ពៅ​ ស្រុក​សំឡូត ខេត្តបាត់ដំបង ដើម្បី​ប្រែក្លាយ​ឱ្យ​ជា​ដីសម្បទាន​សង្គមកិច្ច ស្រប​តាម​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​សម្រាប់​ផ្តល់ជូន​ដល់​ជនក្រីក្រ​ទូទៅ និង​យោធិន​ចូលនិវត្តន៍​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ដី​ដែល​រដ្ឋបាលខេត្ត​កំពុង​​តែ​សិក្សា​នេះ​ស្ថិត​នៅក្នុង​គម្រប​ព្រៃឈើ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​ដែនជម្រក​សត្វព្រៃ ភ្នំ​សំកុះ នៅក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក សឿម ប៊ុនរិទ្ធ ថ្លែងថា ការសិក្សា​ពី​លទ្ធភាព​នេះ​ គឺ​យោង​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ឱ្យ​បណ្តា​រាជធានី-ខេត្ត​នីមួយៗ​រក​លទ្ធភាព​ស្វែងរក​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ និង​អតីត​កងកម្លាំង​ប្រដាប់អាវុធ​។

បើតាម​លោក សៀម ប៊ុនរិទ្ធ រដ្ឋបាល​ខេត្ត​សិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន​ដី​សម្រាប់ធ្វើ​កសិកម្ម​ និង​ប្រភពទឹក​សម្រាប់​ទទួលទាន និង​ស្រោចស្រព​ដំណាំ​ផ្សេងៗ​ព្រោះនេះ​ជា​តម្រូវ​ការមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​គិតគូរ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ដែល​រស់នៅ​ទីនេះ​មាន​លទ្ធភាព​ក្នុង​ការរស់នៅ និង​អាស្រ័យផល​បាន​សមរម្យ​។

លោក​បញ្ជាក់ថា ទំហំ​ដី​ដែល​បាន​​និង​កំពុង​សិក្សា​នៅក្នុង​តំបន់​នេះ​មាន​ជាង​ ៩០០ ​ហិកតា​ សម្រាប់​បម្រុង​ទុក​ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ចែកជូន​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​បច្ចុប្បន្ន​នៅ​មិនទាន់​បញ្ចប់​ការសិក្សា​ទេ តែ​អាច​ថា​នឹង​ចប់​នៅពេល​ឆាប់ៗ​នេះ​។

លោក សៀម ប៊ុនរិទ្ធ បានឱ្យដឹង​ដែរ​ថា នៅពេល​សិក្សា​ចប់​នឹងដាក់​ជូនទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួងបរិស្ថាន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​អ្នក​សម្របសម្រួល​ និង​ដាក់ជូន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​សម្រេច​ដើម្បី​ទុក​ផ្តល់ជូន​ពលរដ្ឋ​ខ្វះខាត​ និង​ក្រីក្រ​ទូទៅ​រួម​ជាមួយ​នឹង​កម្លាំង​ប្រដាប់អាវុធ​ដែល​ចូលនិវត្តន៍​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ និង​យោធិន​ចូលនិវត្តន៍​​នេះ​មិនមែន​ជា​សមត្ថកិច្ច​របស់​ខេត្ត​ទេ​គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​អ្នកកំណត់​មុខសញ្ញា​លើ​ពលរដ្ឋ​ប្រភេទ​ណា​ដែល​ត្រូវបាន​ផ្តល់ជូន​។

ខេត្ត​គ្រាន់តែ​ស្វែងរក​ដីជូ​ន​ទេ​ហើយ​នីតិវិធី​បន្ត​គឺ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​»​។

លោក​ ហេង សាយហុង មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្តបាត់ដំបង​ថ្លែងថា ការផ្តល់​ ឬ​ការរៀបចំ​ឱ្យមាន​ដី​សង្គមកិច្ច​ពី​អាជ្ញាធរខេត្ត​បាត់ដំបង​នេះ គឺជា​តម្រូវការ​ និង​ជា​កិច្ចការ​មួយ​ដ៏ល្អ ពីព្រោះ​​ពលរដ្ឋ​មួយចំនួន​មាន​ការខ្វះខាត​ដី​សម្រាប់​រស់នៅ និង​ធ្វើ​កសិកម្ម​ដោយសារ​មានការ​បំបែក​គ្រួសារ​កាន់តែច្រើន​។

លោក​ ហេង សាយហុង ថ្លែងថា​៖ «​រដ្ឋាភិបាល​ ឬ​អាជ្ញាធរខេត្ត​គួរតែ​ស្វែងរក​ដី​រដ្ឋ​ដើម្បី​បំប្លែង​ទៅជា​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ផ្តល់ជូន​ពលរដ្ឋ​ដែលមាន​ការខ្វះខាត​ ឬ​មិនមាន​ដី​ពិតប្រាកដ​គឺជា​ការល្អ​បំផុត​»​។

លោក​ ហេង សាយហុង បាន​បន្តថា កន្លង​មក​នេះ​ឃើញថា អាជ្ញាធរខេត្ត​បានរៀបចំ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ និង​លំនៅឋាន​ជូន​ដល់​ពលរដ្ឋ​ដែលមាន​ស្ថានភាព​ខ្វះខាត​បាន​មួយចំនួន​ហើយ​។ ​ក៏ប៉ុន្តែ​នៅក្នុង​ខេត្ត​បាត់បង់​នេះ​មាន​ដី​នៅសល់​ច្រើន ទាំង​នៅ​ស្រុក​សំឡូត និង​ស្រុក​មួយចំនួនទៀត ដែល​អាច​ប្រែក្លាយ​ដី​ទាំងនោះ​ជា​ដីសម្បទាន​សង្គមកិច្ច ព្រោះ​បើ​ទុកចោល​ក៏​គ្មាន​បាន​ផល​អ្វី​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដី​រដ្ឋ​មួយ​ចំនួន​នៅក្នុង​ខេត្ត​នេះ គ្មាន​ព្រៃឈើ​សម្រាប់​រក្សាទុក​ទេ​យើង​គួរតែ​ប្រែក្លាយ​ដី​ទាំងនោះ​ជា​ដីសម្បទាន​សង្គមកិច្ច​ជូន​ដល់​ពលរដ្ឋ​ខ្វះខាត​។ ទោះជា​យ៉ាងណា អាជ្ញាធរ​គួរតែ​ផ្តល់​ដល់​អ្នក​ដែល​អត់​មាន​ដី​ពិតប្រាកដ​ និង​ធ្វើឱ្យ​មាន​តម្លាភាព​ដែល​នេះ​គឺ​ល្អ​មែនទែន​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បង្ហាញថា​ដែនជម្រក​សត្វព្រៃ ភ្នំ​សំ​កុះ​ស្ថិត​នៅ​ក្នុងស្រុក​សំឡូត ខេត្ត​​បាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្ត​កោះកុង​មាន​ផ្ទៃដី​ ៣៣៥ ៧៥០ ​ហិកតា​៕