ភ្នំពេញ: យ៉ាងហោចណាស់សំរាមជិត ១០០ តោនត្រូវបានដឹកចេញពីប្រឡាយបឹងត្របែកដែលជាតំបន់លូជ្រៅជាងគេ ក្រោយពេលអាជ្ញាធរខណ្ឌចំការមនបានបើកយុទ្ធនាការស្ដារសំរាមចេញពីប្រឡាយទឹកបឹងត្របែកកាលពីចុងសប្ដាហ៍មុនឲ្យបានមុនរដូវភ្លៀង ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញដែលបណ្ដាលមកពីស្ទះលូ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានឲ្យដឹងកាលពីម្សិលមិញថា យុទ្ធនាការស្ដារសំរាមចេញពីប្រឡាយបឹងត្របែកនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ ខែមីនា ដោយគ្រោងបញ្ចប់យុទ្ធនាការនៅថ្ងៃទី ១៥ ខែមីនា។
លោក សុថុល ថ្លែងថា៖ «ក្នុង ១ ថ្ងៃក្រុមការងារយើងកាយសំរាមចេញពីប្រឡាយ និងធ្វើការដឹកជញ្ជូនសំរាមបានចំនួន ១៨ រថយន្តដែលក្នុង ១ រថយន្តមានបរិមាណសំរាមប្រហែល ៥ តោនចេញពីប្រឡាយយកទៅចាក់នៅទីលានចាក់សំរាម។ ក្រុមការងារកំពុងប្រជុំដោះស្រាយបញ្ហាសំរាមនេះបន្ថែមទៀត ដើម្បីរកវិធីផ្សព្វផ្សាយដល់ពលរដ្ឋកុំឲ្យមានការចោលសំរាមផ្ដេសផ្ដាស»។
លោក សុថុល បានឲ្យដឹងទៀតថា ប្រឡាយបឹងត្របែកនេះជាទីតាំងជ្រៅជាងគេ ដូច្នេះពេលមានទឹកភ្លៀងម្ដងៗគឺវាហូរពីគ្រប់ទិសទីសំដៅមកចូលប្រឡាយបឹងត្របែកនេះ ក្រៅពីហូរទឹក ក៏មានសំរាមលាយឡំគ្នាមកបណ្ដាលឲ្យមានការកកស្ទះទាំងទឹក ទាំងសំរាម ដូច្នេះប្រជាពលរដ្ឋទាំងអស់គួរតែកែប្រែទម្លាប់ចោលសំរាមផ្ដេសផ្ដាស ព្រោះធ្វើឲ្យគ្មានសោភណភាពទីក្រុង និងតំបន់មូលដ្ឋាន ជាពិសេសបង្កការកកស្ទះលូដែលមិនអាចហូរទឹកបាន។
លោក អភិបាលខណ្ឌចំការមនបានថ្លែងឲ្យដឹងថា៖ «ការស្ដារប្រឡាយបឹងត្របែកនេះត្រូវតែធ្វើឲ្យបានរួចរាល់មុនរដូវភ្លៀងមកដល់ ដោយសារកុំឲ្យមានការកកស្ទះលូ ប្រឡាយ និងប្រព័ន្ធបង្ហូរទឹកនានានៅក្នុងរាជធានីភ្នំពេញនៅពេលរដូវវស្សាមកដល់នឹងមានទឹកភ្លៀងច្រើនហើយទឹកនឹងហូរលាយឡំជាមួយសំរាមដែរ»។
លោក អភិបាលខណ្ឌក៏បានអំពាវនាវផងដែរដោយសុំឲ្យពលរដ្ឋទុកដាក់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចោលផ្តេសផ្តាស ជាហេតុនាំឲ្យហូរចូល ប្រឡាយ លូ បង្កការកកស្ទះសំរាមមិនអាចហូរទឹកបាន។
លោក សាន ដារ៉ាវីត អ្នកផ្តើមគំនិតដឹកនាំក្រុមយុវជនប្រមូលសំរាមនៅប្រឡាយទឹកស្អុយបឹងត្របែកបានថ្លែង ដោយសាទរចំពោះចំណាត់ការអាជ្ញាធរខណ្ឌចំការមន ព្រោះទីតាំងនេះជាកន្លែងប្រមូលផ្ដុំដោយសំរាម។ សំរាមទាំងនេះបានហូរតាមទឹកពីតំបន់ផ្សេង និងមានពលរដ្ឋមូលដ្ឋាននោះបោះចោលមួយចំនួនទៀតធ្វើឲ្យមានការកកស្ទះសំរាមយ៉ាងច្រើនបែបនេះ។
លោក ដារ៉ាវីត បានឲ្យដឹងថា ទីតាំងនោះត្រូវបានក្រុមយុវជនធ្លាប់បានស្នើទៅអាជ្ញាធរខណ្ឌ ដើម្បីនាំគ្នាចូលកាយ និងប្រមូលចេញពីទឹកប្រឡាយនោះ ប៉ុន្ដែអាជ្ញាធរមិនបានអនុញ្ញាតឲ្យចូលទៅកាយសំរាមទាំងនោះទេ ដោយអះអាងថា ខ្លាចមានគ្រោះថ្នាក់ ព្រោះទីនោះមានទឹកជ្រៅ ដូច្នេះក្រុមយុវជនគ្រាន់តែធ្វើការប្រមូលសំរាមនៅកន្លែងទឹករាក់ៗប៉ុណ្ណោះ។
លោក ដារ៉ាវីត បានថ្លែងថា៖ «ខ្ញុំគាំទ្រ ព្រោះសកម្មភាពរបស់អាជ្ញាធរនេះវាក៏ដូចគោលបំណងរបស់ក្រុមយុវជនខ្ញុំ ក៏ដូចជាពលរដ្ឋដទៃទៀតដែរ។ ការងារនេះមិនអាចឲ្យនរណាម្នាក់ធ្វើម្នាក់ឯងបានទេ គឺយើងត្រូវតែធ្វើទាំងអស់គ្នាចូលរួមទាំងអស់គ្នាបំផុសបំផុលសកម្មភាពអនាម័យ ការចោលសំរាម និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវទើបទីក្រុង ឬប្រទេសយើងមានសោភណភាពល្អ»។
ទាក់ទងករណីសំរាមនេះដែរសាលារាជធានីភ្នំពេញបានជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជនទាំងអស់ធ្វើការបង្វែរសេវាបង់ថ្លៃប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញពីក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) មកបង់ជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញវិញ។
តាមលិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ១០ ខែមីនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញបន្តពីក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចសន្យា។
ដើម្បីគ្រប់គ្រងរាល់ចំណូលចំណាយស្របតាមនីតិវិធីហិរញ្ញវត្ថុសូមគ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជនទាំងអស់ដែលធ្លាប់បានទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងបង្វែរត្រង់ជូនក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) ដោយបង្វែរត្រង់មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ។ ចំពោះក្រសួង ស្ថាប័ន អង្គភាពរដ្ឋដែលទូទាត់ការបង្វែរតាមរយៈរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបង់តាមរតនាគាររាជធានីភ្នំពេញ។ ចំណែកវិស័យឯកជន ទូទាត់ត្រង់មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ និងតាមរយៈធនាគារអេស៊ីលីដា។
លោក កែវ ចាន់ណារិទ្ធ អភិបាលរងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញបានថ្លែងថា៖ «យើងចាប់បង់តាមនីតិវិធីថ្មីនេះរយៈពេល ២ ខែហើយ ហើយមានប្រជាពលរដ្ឋ ម្ចាស់ស្ថាប័ននានាភាគច្រើន (អត់មានភាគរយច្បាស់) គាត់បានយល់ពីនីតិវិធីថ្មីនេះដោយគាត់បានបង់ជាហូរហែរ ប៉ុន្ដែមានម្ចាស់អាជីវកម្ម ឬស្ថាប័នមួយចំនួនតូចទៀត គាត់នៅស្រពេចស្រពិលពីនីតិវិធីនេះ។ ដូច្នេះយើងបានចេញលិខិតជូនដំណឹងនេះ គឺចង់ពន្យល់ពួកគាត់ដែលមិនទាន់បានយល់ពីនីតិវិធីថ្មីនេះបន្ថែម»៕
វីដេអូ៖