
ទិដ្ឋភាពបាក់ច្រាំងទន្លេនៅស្រុកលើកដែកពីថ្ងៃ ២៣ ឧសភា។ រូបថត ហ្វេសប៊ុក
កណ្ដាល: អាជ្ញាធរស្រុកលើកដែកកាលពីម្សិលមិញបានចុះទៅពិនិត្យមើលផលប៉ះពាល់នៃការបាក់ច្រាំងទន្លេ ដើម្បីផ្តល់ជំនួយ បន្ទាប់ពីមានករណីបាក់ច្រាំងទន្លេកាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ នៅមុខវត្តព្រែកដាច់ ស្ថិតនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលដែលធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ គ្រួសារ។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា អាជ្ញាធរស្រុក និងកាកបាទក្រហមខេត្តកណ្តាលកំពុងចុះទៅពិនិត្យមើលផលប៉ះពាល់ ដើម្បីរៀបចំការជួយគាំទ្រដល់ពលរដ្ឋដែលបានរងគ្រោះដោយការបាក់ច្រាំងទន្ល នាំឱ្យខូចខាតផ្ទះសំបែងទាំងនោះ។
លោកថ្លែងថា៖ «នៅទីនោះមិនមានសំណង់រឹងមាំទេ គឺជាផ្ទះតូចៗ ប្រក់បាំងស័ង្កសីខ្លះ ឈើខ្លះ មានសំណង់ផ្ទះថ្មខ្លះដែរ តែគាត់ធ្វើអត់រឹងមាំទេសំណង់ហ្នឹងគាត់ធ្វើតាំងពីយូរឆ្នាំមកហើយ»។
បើតាមលោក ចាប ច័ន្ទវិទ្យា ការបាក់ច្រាំងទន្លេនេះ តែងកើតមានជារៀងរាល់ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆ្នាំនេះមានការប្រេះដីចូលច្រាំងទន្លេដល់ប្រមាណជាង ៣០ ម៉ែត្រ ចំណែកទទឹងដែលបានបាក់លើកនេះចូលជិត ៤ ម៉ែត្រផងដែរ។
លោក ហាំ ធូ អធិការនគរបាលស្រុកលើកដែកឱ្យដឹងថា ការបាក់ច្រាំងទន្លេនេះកើតឡើងនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក នៅវេលាម៉ោង ២ និង ៣០ នាទីរសៀល។ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែកបានចុះទៅជួយយកសម្ភារចេញពីកន្លែងប្រឈមការបាក់ដី និងជួយរុះរើផ្ទះដែលប្រឈមនឹងការបាក់ស្រុតនៅទីនោះទៅកាន់ទីមានសុវត្ថិភាពបានមុន ១ ថ្ងៃ ហេតុនេះមិនមានពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់នោះទេ។
លោកថ្លែងថា៖ «ការប៉ះពាល់នៅចំណុចហ្នឹងមាន ២៦ ខ្នងផ្ទះ ហើយយើងបានចុះទៅជួយអន្តរាគមន៍ប្រជាពលរដ្ឋនូវអ្វីដែលយើងអាចធ្វើបាន គឺយើងជួយពួកគាត់រុះរើផ្ទះ និងយករបស់របរសំខាន់ៗចេញពីទីនោះ។ យើងអាចជួយពួកគាត់បានទាន់ពេលវេលាដោយសារតែមុនពេលបាក់ ១ ថ្ងៃ ពលរដ្ឋប្រាប់ថា មានការប្រេះដី ពេលយើងដឹងហេតុអ៊ីចឹង ក៏ប្រាប់ឱ្យពលរដ្ឋចេញពីទីនោះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់»។
បើតាមលោក ហាំ ធូ ការបាក់ច្រាំងទន្លេនេះបានបណ្តាលឱ្យមានការខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋដែលរុះរើមិនទាន់។ ករណីនេះកន្លងមកសមត្ថកិច្ចមូលដ្ឋានក៏ធ្លាប់បានក្រើនរំឭកពលរដ្ឋនៅទីនោះឱ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ច្រាំងទន្លេផងដែរ។
លោកថ្លែងថា៖ «មូលហេតុបាក់ច្រាំងហ្នឹងគឺកន្លែងហ្នឹងវាធ្លាប់បាក់កាលពីប៉ុន្មានឆ្នាំមុនម្តងហើយ។ មួយទៀតគឺចំណុចហ្នឹងនៅចំផ្លូវទឹកហូរដែលខ្សែទឹកបុកចំ អ៊ីចឹងកន្លែងហ្នឹងវាចេះតែបាក់បន្តបន្ទាប់អ៊ីចឹងទៅ ហើយយើងអត់ដឹងពេលវេលាវាបាក់នៅពេលណាម៉ោងណាប្រាកដនោះទេ»៕
វីដេអូ៖