សៀមរាប: អាជ្ញាធរ​ស្រុក​បន្ទាយស្រី​បាន​ប្រកាស​ធ្វើការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី ប្រញាប់​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ទៅ​ដាក់​នៅ​សាលាស្រុក ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​មូលដ្ឋាន​ធ្វើការ​ដោះស្រាយ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ដែល​ករណី​ខ្លះ​បាន​អូសបន្លាយ​អស់​ជា​យូរ​ឆ្នាំ​មកហើយ​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២៨ ខែ​កក្កដា​ ថា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពី​លទ្ធភាព​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ​នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ រដ្ឋបាល​ស្រុក​បន្ទាយស្រី ចាំបាច់​ត្រូវ​ប្រុងប្រៀប​ប្រមូល និង​គ្រប់គ្រង​រាល់​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ពី​ថ្នាក់មូលដ្ឋាន​ផ្ទាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន ដើម្បី​ចៀសវាង​ការឆ្លៀត​ឱកាស​ពី​ជនខិលខូច និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​យក​លេស​ទាមទារ​ចំណែក​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ដែរ​។

លោក​បន្តថា រដ្ឋបាល​ស្រុក​ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន​ក្នុង​ពេលនេះ គឺ​កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី​ដែល​ក្លែងបន្លំ​ជា​ជនក្រីក្រ ឬ​គ្រាន់តែ​សំអាង​មូលហេតុ​ផ្សេងៗ ហើយ​បាន​កាប់​រានទន្ទ្រាន​វាតទី​យក​ដី​រដ្ឋ រួច​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់ និង​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មីៗ​បន្ថែម​។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា​៖ «​ចំពោះ​ទិន្នន័យ ឬ​ចំនួន​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​នេះ​អាច​មាន​រហូត​ដល់​រាប់ពាន់​គ្រួសារ ប៉ុន្ដែ​យើង​នៅ​មិនទាន់​កំណត់​តួលេខ​ជាក់លាក់​នៅ​ឡើយ ព្រោះ​យើង​ទើប​តែ​ប្រកាស​ដំណឹង​នេះ ហើយ​ក៏​មិនទាន់​មាន​ពលរដ្ឋ​យក​លិខិត ឬ​ឯកសារ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​មក​ដាក់​នៅ​សាលាស្រុក​ទេ​។ ជារួម គឺ​ខ្ញុំ​មាន​ទិន្នន័យ​ក្នុង​ដៃ​ហើយ តែ​ខ្ញុំ​មិនទាន់​អាច​បង្ហាញ​បាន​ទេ គឺ​យើង​នៅ​រង់ចាំ​មើល​ពួកគាត់​យក​ឯកសារ​បន្ថែម​មក​ដាក់​ឲ្យ​យើង​មើល​សិន​»​។

លោក​បន្ថែម​ថា រដ្ឋបាល​ស្រុក​នឹង​បន្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង​បំផុត​ព្រមទាំង​នឹង​មាន​ចំណាត់ការ​ខាង​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​ទាំងនោះ ដើម្បី​ជា​ការត្រៀម​លក្ខណ​សម្បត្តិ​ទុកជាមុន ក៏ដូចជា​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​។ រដ្ឋបាល​ស្រុក​បាន​តម្រូវ​ឲ្យ​មេភូមិ មេឃុំ​ទាំងអស់​នៅក្នុង​ស្រុក​បន្ទាយស្រី រួសរាន់​សហការ​ជាមួយ​តំណាង​រដ្ឋបាល​ព្រៃឈើ និង​តំណាង​ក្រសួង​បរិស្ថាន​ចុះ​ស្រង់​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​ដែល​អាច​នឹង​ត្រូវ​បាន​កាត់ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ដី​ជូន​ពី​សំណាក់​រាជរដ្ឋាភិបាល​។

អ្នកស្រី ជឹម ម៉ាលី ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី​បាន​និយាយ​ពី​ថ្ងៃ​ទី​ ២៨ ​កក្កដា​ថា អ្នកស្រី​មិនមាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​អ្នកផ្សេង​ទេ​។

អ្នកស្រី​បន្តថា ចាប់​តាំងពី​អភិបាលស្រុក​ថ្មី​ចូល​កាន់​តំណែង​មក អ្នកស្រី​បាន​កត់សម្គាល់​ឃើញថា មាន​ការអភិវឌ្ឍ​ច្រើន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​។

អ្នកស្រី ជឹម ម៉ាលី បញ្ជាក់​ថា​៖ «​អភិបាលស្រុក​ថ្មី​នេះ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ច្រើន គឺ​ទាំង​ការងារ​ស្រែចម្ការ និង​ការងារ​សង្គម​នានា ហើយ​ឥឡូវ​ខ្ញុំ​ឮថា គាត់​ប្រកាស​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ទៀត អ៊ីចឹង​ខ្ញុំ​សាទរ​ចំពោះ​ចំណាត់ការ​នេះ ហើយ​បើ​បងប្អូន​មាន​បញ្ហា​នេះ គួរ​ប្រញាប់​ដាក់​ឯកសារ​ពាក់ព័ន្ធ​ទៅ​គាត់​ជួយ​ដោះស្រាយ​»​។

លោក ចាន់ ចំរើន មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​សៀមរាប​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា​ថា កន្លង​មក​លោក ឃឹម ហ្វីណង់ ក៏​ធ្លាប់បាន​សន្យា​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់​ចប់​ដែរ ប៉ុន្ដែ​នៅ​មិនទាន់​ដោះស្រាយ​បាន​ដាច់ស្រេច​ទេ​។ ទីតាំង​តំបន់​ស្រុក​បន្ទាយស្រី​នេះ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ច្រើន​ដែល​មាន​ករណីខ្លះ នៅ​បន្ត​អូសបន្លាយ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​ស្វាគមន៍​ចំពោះ​ការតាំង​ចិត្ត​របស់​លោក​អភិបាលស្រុក​នេះ ប៉ុន្ដែ​ខ្ញុំ​នៅតែ​ជំរុញ​ឲ្យ​មាន​ការដោះស្រាយ​តាមច្បាប់ ដែល​មាន​តម្លាភាព យុត្តិធម៌​ដែល​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​ដោយ​សន្ដិវិធី​។ លើសពីនេះ ធ្វើ​យ៉ាងណា​សម្របសម្រួល​បញ្ចប់ទំនាស់​ទាំង​នេះ​ឲ្យ​ចប់​ត្រឹមនេះ​តែម្ដង ព្រោះ​ករណី​ខ្លះ​នៅ​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​»៕