សៀមរាប៖ អភិបាល​ស្រុក​បន្ទាយ​ស្រី​លោក ឃឹម ហ្វីណង់ ឱ្យ​ដឹង​ថា «ដំណើរការ​សាកល្បង​ឡ​ដុត​សំរាម​រួម​របស់​ស្រុក​ជា​លើក​ដំបូង» ត្រូវ​បាន​ដាក់​ដំណើរការ ដោយ​ក្នុង​នោះ​សំរាម​ជាង ១០ តោន ត្រូវ​បាន​ប្រមូល​​មក​ពី​គ្រប់​ទិស​ទី ដើម្បី​ដុត​កម្ទេច​ចោល​ក្រោយ​ពី​​សំរាម​ទាំង​នោះ ត្រូវ​បាន​គេ​​ទុក​ចោល​​នៅ​តាម​ទី​សាធារណៈ​ជា​យូរ​មក​ហើយ​។

លោក ឃឹម ហ្វីណង់ បាន​ឱ្យ​ភ្នំពេញ ​ប៉ុស្តិ៍ ​ដឹង​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដំណើរការ​សាកល្បង​ឡ​ដុត​សំរាម​រួម​របស់​ស្រុក​បន្ទាយ​ស្រី ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​រំចេក បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ កញ្ញា​ហើ​យ​​សំរាម​ទាំង​ជាង ១០ តោន​នេះ​ ត្រូវ​បាន​ហាល​សម្ងួត និង​ញែក​យក​សំរាម​ដែល​អាច​លក់​អេតចាយ និង​អាច​កែច្នៃ​បាន​មុន​នឹង​យក​ទៅ​ដុត​កម្ទេច​ចោល​។

សំរាម​ដែល​​ត្រូវ​ដុត​មាន​ចំនួន​ច្រើន​ដោយ​ត្រូវ​ប្រមូល​មក​​ពី​តាម​ភូមិ និង​តាម​ដង​ផ្លូវ​នានា ជាពិសេស​សំរាម​ថ្មី ដែល​បាន​បន្សល់​ទុក​ក្រោយ​ថ្ងៃ​សម្រាក​នៃ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ក្នុង​មួយ​ថ្ងៃ សំរាម​ប្រមាណ​ពី ​៣ ទៅ ៤ តោន ​​​ត្រូវ​បាន​ប្រមូល​ពី​​ទូទាំង​ស្រុក។

លោក ​ហ្វីណង់​ បញ្ជាក់​ថា​៖ «​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ប្រជាពលរដ្ឋ​​នៅ​គ្រប់​ភូមិ​ទាំង​អស់​ នៅ​ក្នុង​​ស្រុក​បន្ទាយស្រី​អាច​ដឹក​ជញ្ជូន​យក​សំរាម​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ទៅ​​ដាក់​ដោយ​ខ្លួន​ឯង​នៅ កន្លែង​​រក្សា​ទុក​សំរាម​បណ្តោះអាសន្ន ដែល​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច​​ជា​ច្រើន​កន្លែង​នៅ​តាម​ភូមិ​នីមួយៗ​»។

នៅ​ស្រុក​បន្ទាយ​ស្រី សេវា​សំរាម​នេះ ​​គឺ​ជា​សេវា​មិន​​គិត​ថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ តែ​តម្រូវ​ឱ្យ​មាន​ការ​ញែក​សំរាម ​និង​វេច​ខ្ចប់​ត្រឹមត្រូវ​មុន​នឹង​យក​ទៅ​​រក្សា​ទុក​រង់ចាំ​ក្រុម​ការងារ​របស់​ឃុំ ​និង​ស្រុក​ធ្វើ​ការ​ប្រមូល​បន្ត​យក​ទៅ​កាន់​ទីលាន​ឡ​ដុត​សំរាម​ជា​ប្រចាំ។ ជាមួយ​នឹង​យន្តការ​ថ្មី​នេះ លោក ហ្វីណង់ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដុត​សំរាម​ដែល​មិន​ចាំបាច់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ទៀត ​ឬ​ដឹក​​យក​ទៅ​ចាក់​ចោល​តាម​ដី​ទំនេរ​បែប​​អនាធិបតេយ្យ​។

នៅ​ក្រោយ​ពេល​ដែល​យន្តការ​ថ្មី​នេះ​ដំណើរការ​ទៅ​បាន​រលូន រដ្ឋបាល​ស្រុក​នឹង​រៀបចំ​ឱ្យ​មាន​ការ​ផាក​ពិន័យ​ចំពោះ​ការ​ចោល​​​សំរាម​រាយ​ប៉ាយ​នៅ​តាម​ទីសាធារណៈ ក៏​ដូចជា​ការ​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ដុត​សំរាម​នៅ​តាម​​ផ្ទះ​រៀងៗ​ខ្លួន​ជា​បន្ត​ទៅ​ទៀត​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​គុណភាព​ខ្យល់​ដក​ដង្ហើម​នៅ​ក្នុង​ភូមិ​ផង​ដែរ។

អ្នកស្រី វី ងិក ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ខ្នារ​សណ្តាយ ក្នុង​ស្រុក​បន្ទាយស្រី បាន​លើក​ឡើង​ថា ការ​ទុក​ដាក់​សំរាម នៅ​ក្នុង​ស្រុក​​​របស់​អ្នកស្រី នៅ​តែ​មាន​បញ្ហា​ចោទ ព្រោះ​តែ​មិន​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​មួយ​ចំនួន ដែល​ធ្វើ​​ឱ្យ​បញ្ហា​សំរាម​នៅ​តែ​ជា​បញ្ហា​ប្រឈម​។

ពលរដ្ឋ​​រូប​នេះ​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋបាល​ស្រុក​បន្ទាយស្រី​ អាច​អនុវត្ត​យន្តការ​នេះ​បាន​​ដោយ​ជោគជ័យ​នោះ ​គឺ​ជា​ការ​ប្រសើរ ខណៈ​នៅ​តំបន់​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​របៀប​រៀបរយ​នៅ​ឡើយ ចំពោះ​ការ​ទុក​ដាក់​សំរាម​នេះ។

អ្នកស្រី​និយាយ​ថា៖ ‌​«កន្លែង​ខ្ញុំ​នេះ គឺ​ល្ងាច​ឡើង ខ្ញុំ​តែងតែ​យក​សំរាម​ទៅ​ដាក់​មួយ​រ៉ឺម៉កៗ នៅ​កន្លែង​​គេ​ដាក់​សំរាម​រួម​ហ្នឹង ហើយ​បើ​បាន​ស្រុក​គេ​រៀបចំ​អ៊ីចុះ ខ្ញុំ​ជួយ​អរ​ដែរ កុំ​ឱ្យ​លំបាក​ពេល​យក​សំរាម​ទៅ​ដាក់​គ្មាន​អ្នក​មក​យក​ទុក​ឱ្យ​​សំរាម​ស្អុយ​រលួយ​ពេញ​ហ្នឹង។ បើ​យើង​ទាំង​អស់​គ្នា​ចេះ​ជួយ​សម្អាត​គ្នា គឺ​នឹង​ស្អាត​ហើយ​»។

ដោយសារ​តែ​ស្រុក​បន្ទាយ​ស្រី​ជា​តំបន់​ទេសចរណ៍ លោក ឃឹម ហ្វី​ណង់ បាន​សំណូមពរ​​ទៅ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំង​អស់ គួរ​តែ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​លើក​កម្ពស់​ការ​រក្សា​អនាម័យ និង​បរិស្ថាន​​នៅ​តាម​ទីសាធារណៈ​ ​និង​នៅ​តាម​ផ្លូវ​ខាង​មុខ​ផ្ទះ​ឱ្យ​បាន​គ្រប់ៗ​គ្នា​។

បើ​តាម​លោក ហ្វីណង់ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយ​ស្រី នៅ​មិនទាន់​ចេះ​បែងចែក​សំរាម​ដែល​អាច​ប្រើប្រាស់​បាន​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​អាជ្ញាធរ​​ត្រូវ​ចំណាយ​ពេល​ញែក​សំរាម​ទាំង​នេះ មុន​យក​ទៅ​ដុត​នៅ​ក្នុង​ឡ។ ​ដើម្បី​សម្រួល​ដល់​បញ្ហា​នេះ អាជ្ញាធរ​​នឹង​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី៕