សៀមរាបៈ អភិបាលស្រុកបន្ទាយស្រីនៃខេត្ដសៀមរាប លោក ឃឹម ហ្វីណង់ ប្រើប្រាស់រូបមន្ត «សហគមន៍ស្វ័យគ្រប់គ្រង» ដើម្បីឱ្យពលរដ្ឋម្ចាស់ការអនុវត្ដការគ្រប់គ្រងសំរាមក្នុងមូលដ្ឋាននៃភូមិព្រះដាក់ ដោយជោគជ័យ បន្ទាប់ពីបានអនុវត្ដរយៈពេល ៥ ខែកន្លងមក និងឈានមកដល់ខែឧសភានេះ។
លោក ឃឹម ហ្វីណង់ ថ្លែងពីម្សិលមិញថា ការខិតខំប្រឹងប្រែងបង្កើតសេវាប្រមូលសំរាមនៅតាមភូមិ ក្រោមរូបមន្ត «សហគមន៍ស្វ័យគ្រប់គ្រង» ក្នុងរយៈពេលកន្លងមកបានផ្តល់ផ្លែផ្កាឱ្យជាវិជ្ជមានដែលក្នុងនោះសូចនាករសំខាន់ៗដូចជា ភាពស្អាតស្ថិតស្ថេរជាប្រចាំនៅក្នុងភូមិ និងការបង់កម្រៃសេវាបានទៀងទាត់ពីសំណាក់អ្នកភូមិបានស្តែងចេញពីភាពជោគជ័យបឋមក្នុងជំហានដំបូងៗនេះ។
លោកអភិបាលស្រុកថ្លែងថា៖ «ទីបំផុតអ្នកភូមិព្រះដាក់អាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងផ្ទាល់បានទាំងស្រុងហើយ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានយ៉ាងរលូនអស់រយៈពេល ៥ ខែរួចមក»។
បើតាមលោកអភិបាលស្រុក «សហគមន៍ស្វ័យគ្រប់គ្រង» គឺជាទម្រង់ប្រមូលសំរាមមិនមែន ដើម្បីប្រាក់ចំណេញមួយ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានព្យាយាម ជំរុញលើកទឹកចិត្ត។ រដ្ឋបាលស្រុកជឿជាក់ថា តាមរយៈរូបមន្តនេះ នឹងអាចមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវច្បាស់លាស់ប្រកបដោយនិរន្តរភាពយូរអង្វែងជំនួសឱ្យការប្រមូល ដោយក្រុមហ៊ុនឯកជន ដែលពិបាកនឹងអនុវត្តបានសម្រាប់ស្រុកបន្ទាយស្រី។ ដោយហេតុតែការប្រមូលសំរាមនៅតាមទីជនបទនៅមានទំហំតូចពេក មិនងាយនឹងរកក្រុមហ៊ុនដែលចាប់អារម្មណ៍ចង់មកដាក់ទុនវិនិយោគបានឡើយ។
លោកថ្លែងថា៖ «សហគមន៍ត្រូវបានផ្តល់ស្វ័យភាពក្នុងការគ្រប់គ្រង និងប្រមូលថ្លៃសេវាក្នុងអត្រាទាបសមរម្យ តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានដដែល។ តំណាងសហគមន៍បានប្រមូលថ្លៃសេវាប្រមូលសំរាមពីពលរដ្ឋសម្រាប់គ្រួសារធម្មតា ក្នុង ១ គ្រួសារ ៤ ពាន់រៀល។ ចំណែកពលរដ្ឋជាអាជីវកម្ម ឬអ្នកលក់ដូរខ្នាតធំ ថ្លៃសេវាចាប់ពី ១ ម៉ឺនរៀល ទៅ ៣ ម៉ឺនរៀល»។
លោក ហ្វីណង់ បញ្ជាក់ថាប្រតិបត្តិការរបស់សហគមន៍ត្រូវធ្វើឡើងក្នុងគោលដៅមិនមែន ដើម្បីប្រាក់ចំណេញ។ នៅពេលអនាគតប្រាក់ចំណូលដែលនៅសេសសល់នឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រឹងប្រសិទ្ធភាព និងយន្តការនៃការប្រមូលសំរាម ដូចជាការដាក់ពង្រាយធុងសំរាមបន្ថែម ទិញឧបករណ៍សម្ភារប្រមូល ពង្រីកកម្លាំងអ្នកប្រមូលសំរាម និងរៀបចំឯកសណ្ឋានសម្រាប់កម្មកររបស់សហគមន៍ជាដើម។
លោកអភិបាលស្រុកឱ្យដឹងទៀតថា សហគមន៍មានកាតព្វកិច្ច បន្ថែមខ្លះទៀត ដូចជាធ្វើការញែកសំរាម ដើម្បីកែច្នៃបោសសម្អាតថ្នល់ និងរើសសំរាមគ្មានម្ចាស់ដែលរាយប៉ាយពាសវាលពាសកាល។ ចំណែកអាជ្ញាធរមូលដ្ឋានបន្តដើរតួនាទីសំខាន់ក្នុងការត្រួតពិនិត្យវាយតម្លៃ កៀរគរការចូលរួម និងលើកទឹកចិត្តផងដែរ។
លោកអភិបាលស្រុករំពឹងថា នឹងអាចពង្រីកវិសាលភាពនៃការប្រមូលសំរាមក្រោមទម្រង់បែបនេះទៅកាន់ភូមិចំនួន ៦ ទៀតនៅក្នុងឃុំព្រះដាក់ និងជំហានបន្ទាប់ គឺបន្តធ្វើនៅក្នុងភូមិនានានៃឃុំបន្ទាយស្រី ខណៈគោលដៅក្នុងការពង្រីកនេះធ្វើចំពោះភូមិដែលមានពលរដ្ឋនៅច្រើន និងជាទីប្រជុំជន។ បើតាមលោកអភិបាលស្រុក ស្រុកបន្ទាយស្រីមានឃុំចំនួន ៦ ឃុំ និងភូមិចំនួន ៣៦ ភូមិ មានប្រជាពលរដ្ឋសរុបជាង ៥ ម៉ឺននាក់។
លោក ឡឹក វន់ មេភូមិព្រះដាក់ឱ្យដឹងថា អាជ្ញាធរភូមិបានរៀបចំតំណាងសហគមន៍សម្រាប់ធ្វើការ បណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋចំពោះការទុកដាក់ និងការបែងចែកសំរាម មុនពេលរៀបចំទុកដាក់ឱ្យអ្នកប្រមូលសំរាមយកទៅដុតចោលនៅឡដុតសំរាម។
លោកប្រាប់ថា៖ «បច្ចុប្បន្ន យើងមានពលរដ្ឋ ៤ នាក់ ដែលជាអ្នកប្រមូលសំរាម។ យើងបានផ្ដល់កម្រៃសេវាប្រមូលសំរាមដល់ពួកគាត់ ដែលជាថវិកាបានពីប្រជាពលរដ្ឋផ្ដល់ឱ្យលើសេវាប្រមូលសំរាមនេះ គឺក្នុង ១ នាក់ ១ លានរៀល»។
ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមនៅមូលដ្ឋាននេះ ក្រសួងបរិស្ថានកំពុងអនុវត្ដ និងគាំទ្រលើសកម្មភាពនេះតាមរយៈការផ្ដល់រថយន្ត និងម៉ូតូដឹកសំរាមរួមនឹងសម្ភារទុកដាក់សំរាមជាច្រើនទៀតដល់រដ្ឋបាលរាជធានី-ខេត្ដនៅទូទាំងប្រទេស ដើម្បីគាំទ្រលើការផ្ដល់សេវាប្រមូលសម្អាត និងដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមមូលដ្ឋានឱ្យទាន់ពេលវេលា។ ធានានិរន្តរភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំណល់សំរាម ដើម្បីឱ្យមានសោភណភាពស្អាត និងបរិស្ថានល្អ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកថ្លែងថា៖ «តាមរយៈគម្រោងនេះនឹងចូលរួមគាំទ្រផ្តល់សេវាប្រមូលសម្អាត ដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងមូលដ្ឋាននៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីពង្រីកសេវាប្រមូលដោយខ្លួនឯងឱ្យស្អាតឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូលសម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម»។
លោកបញ្ជាក់ថា៖ «គម្រោងនេះ យើងក៏បានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ»។
លោក ហែម ឧត្តម អ្នកជំនាញផ្នែកបរិស្ថាន បានលើកឡើងថា កិច្ចការងារគ្រប់គ្រងសំរាមនេះ ដើម្បីធ្វើទៅទទួលបានប្រសិទ្ធភាព គឺត្រូវធ្វើពីថ្នាក់ក្រោម ថ្នាក់មូលដ្ឋានឡើងមក ហើយរាជរដ្ឋាភិបាលត្រូវមានផែនការទម្លាក់ថវិកាសម្រាប់អនុវត្ដកិច្ចការងារនេះ។
លោកថ្លែងថា៖ «ពលរដ្ឋនៅតែត្រូវឱ្យមានការពន្យល់ណែនាំ ឬដាក់ចេញជាកម្មវិធីអប់រំ តាមរយៈក្រសួងអប់រំ ក្រសួងបរិស្ថាន ឬតាមរយៈមន្ដ្រីមូលដ្ឋាន គឺវាជាការចាំបាច់។ យើងមិនអាចទម្លាក់កិច្ចការងារនេះទៅឱ្យតែក្រុមហ៊ុនប្រមូលសំរាម ឬអ្នកដែលទទួលបន្ទុកលើកិច្ចការងារនេះទេ។ ប៉ុន្ដែយើងជាប្រជាពលរដ្ឋទាំងអស់គ្នាគឺត្រូវតែចូលរួមទាំងអស់គ្នា»៕
វីដេអូ៖