បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចេញបម្រាមមិនឲ្យមានការសាងសង់ផ្នូរកប់សព ធ្វើចេតិយ ឬធ្វើម៉ុងនៅតាមជើងភ្នំស្វាយក្នុងក្រុងសិរីសោភ័ណទៀតឡើយ ដោយសារតែវាធ្វើឲ្យខូចដល់សោភណភាពភ្នំធម្មជាតិដែលជាទីទៅកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តកាលពីថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០១៨។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងកាលពីម្សិលមិញដោយអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសិរីសោភ័ណពិសេសតំបន់ភ្នំស្វាយត្រូវចូលរួមទប់ស្កាត់ការសាងសង់ផ្នូរ ម៉ុង ឬចេតិយនៅតាមតំបន់ជើងភ្នំ ឬចង្កេះភ្នំស្វាយ។ លោកថ្លែងថា៖ «អ្វីដែលមានហើយយើងរក្សាទុកសិន និងហាមមិនឲ្យបន្តការសាងសង់សំណង់ផ្សេងៗនៅនឹងជើងភ្នំជាដាច់ខាត។ មន្ទីរធម្មការ និងសាសនាត្រូវស្រង់ស្ថិតិចេតិយ ផ្នូរ ឬម៉ុង កប់សព ឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងខេត្តដើម្បីរៀបចំវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់»។
បើតាមលោក សារី ការទប់ស្កាត់នេះធ្វើឡើងទៅតាមការស្នើសុំពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភ្នំស្វាយ និងក្រុងសិរីសោភ័ណដែលបច្ចុប្បន្នមានមនុស្សមួយចំនួនតូចកំពុងសាងសង់ផ្នូរ និងម៉ុងសពជាបន្ដបន្ទាប់ ដោយមិនមានការអនុញ្ញាតច្បាស់លាស់។ លោកថា៖ «ការទប់ស្កាត់នេះយើងធ្វើឡើងដើម្បីថែរក្សាការពារបរិស្ថានឲ្យបានល្អបង្កើនសោភណភាពឲ្យមានពណ៌បៃតងស្រស់បំព្រង និងកាត់បន្ថយការសាងសង់ផ្នូរ ឬម៉ុងសពដែលធ្វើឲ្យប៉ះពាល់ដល់ជើងភ្នំដែលជារមណីយដ្ឋាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាកម្សាន្ត»។
លោក សារី សង្កត់ធ្ងន់ថាមន្ទីរធម្មការ និងសាសនាត្រូវធ្វើលិខិតសុំគោលការណ៍ទៅក្រសួងធម្មការ និងសាសនាជាបន្ទាន់ ហើយមន្ទីរត្រូវធ្វើការប្រជុំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពិសេសប្រជាពលរដ្ឋទូទៅ។ ចំណែកមន្ទីររ៉ែ និងថាមពលខេត្តត្រូវបង្កើតគណកម្មការមួយជាបន្ទាន់ ដើម្បីចុះត្រួតពិនិត្យទៅលើបញ្ហាដែលប្រឈមទាំងនេះ។
លោក ឱអួង សម្ភស មន្ដ្រីមន្ទីរធម្មការ និងសាសនាខេត្ដបន្ទាយមានជ័យបានឲ្យដឹងពីម្សិលមិញថា នៅជើងភ្នំស្វាយពិតជាមានព្រះសង្ឃដែលមានវត្ដនៅជិតនោះ និងគណៈកម្មការអាចារ្យមួយចំនួនបានសហការអនុញ្ញាតឲ្យមានការសាងសង់ផ្នូរ ឬម៉ុងកប់សព និងចេតិយមែន។ លោកអះអាងថា៖ «ទាក់ទងចំពោះច្បាប់ គតិយុត្ដអី ខាងក្រសួងបានមានសង្ឃប្រកាសជាយូរមកហើយ ចំពោះការសាងសង់ ចេតិយឬម៉ុងនៅតំបន់ភ្នំស្វាយនេះ។ ប៉ុន្ដែករណីដែលនៅតែមានការធ្វើនេះមកពីពុទ្ធបរិស័ទខ្លះគាត់មានការសហការជាមួយចៅអធិការ និងជាបរិស័ទដែលធ្លាប់មានគុណបំណាច់លើវត្ដអីទៅ ទើបចេះតែមានការសាងសង់»៕