ព្រះសីហនុ: ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខណៈ​ពួកគេ​បាន​នាំគ្នា​ផ្អើល​ទៅ​ជីក​យក​ដុំថ្ម​នៅ​ភ្នំ​មួយ​ដោយ​សង្ស័យ​ថា​ជា​រ៉ែ​មាស​ចាប់​តាំងពី​ថ្ងៃទី​ ១២ និង​ ១៣ ខែមិថុនា​។

លោក យស មុន្នីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​អ្នកជំនាញ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ដែល​ពលរដ្ឋ​សង្ស័យ​ជា​រ៉ែ​មាស​នោះ​។ «​យើង​បាន​ពិនិត្យមើល​ជាក់ស្ដែង ដុំថ្ម​ទាំងនោះ​គឺ​មាន​លាយ​ជាមួយ​បណ្ដុំ​រ៉ែ​ដែក ទង់ដែង និង​ស្ពាន់​ធម៌​ដែល​វា​កើតឡើង​ជា​ដុំៗ​គ្រាប់ ដូច​ថ្ម​អ៊ីចឹង ហើយ​ពេល​យើង​មើលទៅ​គឺ​ឃើញ​ផ្លេកៗ​ចាំង​ដូច​មាស​អ៊ីចឹង​ដែរ​។ ​ក្រោយពី​អ្នកជំនាញ​ពិនិត្យ​ហើយ​យើង​បាន​យក​ទៅ​ពិសោធ​បន្ថែម​តាមរយៈ​ម៉ាស៊ីន​ទំនើប ប៉ុន្ដែ​រយៈពេល ៣ ​ថ្ងៃ​ទៀត ទើប​ចេញ​លទ្ធផល​»​។

លោក​បន្ថែមថា រ៉ែ​ប្រភេទ​នេះ​មិន​សូវ​មាន​ច្រើន​ទេ ដោយ​មាន​បន្ដិចបន្ដួច​តាម​តំបន់ភ្នំ និង​មិនអាច​ទាញ​យក​មកប្រើប្រាស់​ជា​ប្រយោជន៍ ឬ​លក្ខណៈ​អាជីវកម្ម​ធំដុំ​បាន​ទេ​។ បើទោះបី​ជា​អាជ្ញាធរ​ពន្យល់​បែបណា​ក៏​ពលរដ្ឋ មិនជឿ​លើ​មន្ត្រី​ជំនាញ​ឡើយ ហើយ​ពួកគាត់​នៅ​តែ​នាំគ្នា​ទៅ​ជីក​យក​ទៀត​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដូចជា​បាក់​ដី​ជាដើម​។

លោក​ ប្រាក់ សមប្រាថ្នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​មន្ទីររ៉ែ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃនប់​បាន​ចុះទៅ​ហាមឃាត់ និង​ទប់ស្កាត់​សកម្មភាព​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ​ដែល​ផ្អើល​តៗ​គ្នា​ទៅ​ជីក​យក​ដុំថ្ម​ថា ជា​រ៉ែ​មាស​នោះ​។

លោក​បន្តថា ពលរដ្ឋ​ទាំងចាស់ ទាំង​ក្មេង​បាន​កាន់​ចបកាប់ ចបជីក និង​បង្គី​ទៅ​ជីកកកាយ​ថ្មភ្នំ​នោះ យក​មក​ទុក​នៅក្នុង​ផ្ទះ ប៉ុន្ដែ​គ្មាន​ឈ្មួញ​ណា​គេ​ទិញ​ទេ​។ «​យើង​បាន​ហាមឃាត់​តាំងពី​ពេល​ភ្លាមៗ យើង​បាន​ចុះ​ទៅ​ណែនាំ​គាត់​ដល់​ទីតាំង កុំ​ឲ្យ​គាត់​ជីក​យក​អ៊ីចឹង​។ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចាត់​ក្រុម​ការងារ​មក​យក​សំណាក​ពី​ទីតាំង​ហ្នឹង ដើម្បី​យក​ទៅ​ពិសោធ​នៅ​ភ្នំពេញ​រួចរាល់​ហើយ​»​។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សកម្មភាព​ជីក​កកាយ​រក​រ៉ែ​មាស​នៅ​តំបន់ភ្នំ​នោះ​ត្រូវ​បាន​បញ្ឈប់​ហើយ​។ លោក​ឲ្យ​ដឹងថា ភ្នំ​ដែល​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ជីក​រក​រ៉ែ​មាស​នោះ គឺជា​ការដ្ឋាន​ដែល​អាជ្ញាធរ​បាន​កាយ​ដី​យក​មក​ធ្វើ​ផ្លូវ​ចំនួន ៣៧ ខ្សែ​នៅក្នុង​ក្រុងព្រះសីហនុ​តាម​គម្រោង​របស់​រាជរដ្ឋាភិបាល​។

លោក​បន្តថា នៅពេល​ត្រាក់ទ័រ​កាយ​ដីភ្នំ​នោះ​មាន​ពលរដ្ឋ​ខ្លះ​បាន​ផ្សព្វផ្សាយ​តៗ​គ្នា​ថា មាន​រ៉ែ​មាស​នៅក្នុង​ភ្នំ ទើប​ពួកគាត់​ផ្អើល​នាំគ្នា​មក​ជីក​កកាយ​យ៉ាង​អនាធិបតេយ្យ​។ អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ពួកគាត់ ម្យ៉ាង​ទៀត​ពួកគាត់​មិនអាច​ទៅ​ជីក​ទាំង​អនាធិបតេយ្យ​បែបនេះ​បាន​ទេ ពីព្រោះ​វា​ខុសច្បាប់​ស្ដីពី​ធនធាន​រ៉ែ និង​ថាមពល​។ «​ពួកគាត់​នាំគ្នា​មួយ​ប្រាវ​អ៊ីចឹង​ទៅ ហើយ​ក្រោយមក​ក៏​នាំគ្នា​ឈប់​ទៅវិញ ព្រោះ​មាន​អ្នក​រើស​ដុំថ្ម​ដែល​​សង្ស័យ​ថា មាស​ហ្នឹង​បាន​ហើយ​គាត់​យក​ទៅ​លក់​នៅ​ផ្សារ ហើយ​អ្នកទិញ​មាស​ក៏​មិន​ទិញ​ដែរ​ដោយសារ​គេ​មិនដឹង​ថ្ម​អ្វី​ឲ្យ​ប្រាកដ​»​។

លោក អ៊ឹង សារ៉ុម មេឃុំ​បិតត្រាំង ថ្លែង​ពី​ម្សិលមិញ​ថា៖ «​យើង​បាន​ហាមឃាត់ និង​ពន្យល់​ពួកគាត់​ថា ថ្ម​ហ្នឹង​មិនមែន​រ៉ែ​មាស​ទេ កុំ​នាំគ្នា​ទៅ​ជីក​ទៀត វា​ខុសច្បាប់​ផង ខ្លាច​គ្រោះថ្នាក់​បាក់​ដី បាក់​ថ្ម ត្រូវ​ពួកគាត់​ផង​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ប្រជាពលរដ្ឋ​ដែល​ទៅ​ជីក​កកាយ​យក​ថ្មភ្នំ​នេះ ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​ទេ​ពី​ម្សិលមិញ​៕