ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានហាមឃាត់ការដង្ហែក្បួនរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសហជីពកម្មករដើម្បីអបអរសាទរខួបលើកទី ៧០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃចន្ទនេះ ប៉ុន្តែក្រុមមេដឹកនាំក្រុមយុវជនបាននិយាយថា ពួកគេនឹងនៅតែធ្វើការដង្ហែក្បួន។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជាសហភាពអឺរ៉ុប និងស្ថានទូតជាច្រើនបានប្រារព្ធពិធីដ៏សំខាន់មួយនេះនៅឯកីឡដ្ឋានជាតិអូឡាំពិកពីថ្ងៃសៅរ៍។
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងសហជីពគ្រោងប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃចន្ទនេះដោយរំពឹងថានឹងមានប្រជាពលរដ្ឋចូលរួមប្រមាណមួយពាន់នាក់។ ចំណែកឯអាជ្ញាធរមូលដ្ឋានបានបដិសេធផ្តល់ការអនុញ្ញាតសម្រាប់ការដង្ហែក្បួនពីទីលានប្រជាធិបតេយ្យចាស់ទៅកាន់ទីតាំងថ្មីដោយបានលើកឡើងថា ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែបានអនុញ្ញាតឲ្យជួបជុំ និងរៀបចំនៅទីលានប្រជាធិបតេយ្យដោយពុំមានការដង្ហែក្បួនតាមផ្លូវសាធារណៈនោះទេ។
នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ពួកគេអាចប្រារព្ធពិធីរំឭកខួបនៃទិវាសិទ្ធិមនុស្សនេះនៅទីលានប្រជាធិបតេយ្យបាន ប៉ុន្តែការដង្ហែក្បួនត្រូវបានហាមឃាត់។
លោក មាន ចាន់យ៉ាដា ថ្លែងថា៖ «ក្នុងករណីនៅតែធ្វើការជួបជុំខុសពីទីតាំងដែលបានអនុញ្ញាតជូន ហើយមានការដង្ហែក្បួនតាមផ្លូវសាធារណៈដែលបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនោះលោក តំណាង ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។
លោក ស ម៉ូរី អនុប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) ដែលបានទទួលយកសំណើនៃការដង្ហែក្បួននេះបានឲ្យដឹងកាលពីថ្ងៃអាទិត្យថាលោកមានការព្រួយបារម្ភថា សារសំខាន់ៗអាចនឹងមិនបានទៅដល់សាធារណជនប្រសិនបើពួកគេប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិដោយគ្មានការដើរដង្ហែក្បួននោះ។
លោក ម៉ូរី ថ្លែងថា៖ « ហេតុផលដែលយើងចង់ដង្ហែក្បួនគឺថាយើងចង់ឲ្យគេឮសាររបស់យើងហើយអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះស្រាយបញ្ហានានាដែលពួកគេកំពុងជួបប្រទះ»។
លោក ស ម៉ូរី បានថ្លែងដោយអះអាងបន្ថែមថាការហាមឃាត់ការដង្ហែក្បួននេះគឺវាមិនសមស្របនោះទេហើយវាផ្ទុយទៅនឹងការប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីខែវិច្ឆិកាកន្លងទៅដែលបានអនុញ្ញាតឱ្យអង្គការក្រៅរដ្ឋាភិបាលអាចធ្វើសកម្មភាពរបស់ពួកគេបានដោយមិនចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរយៈពេល ៣ ថ្ងៃមុនពេលចាប់ផ្តើមធ្វើសកម្មភាពរបស់ពួកគេ៕ NS