ត្បូងឃ្មុំៈ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ម្សិលមិញ​បាន​ដឹកនាំ​កម្លាំង​ជាង ១០០ នាក់ ​ចុះ​អនុវត្ត​សាលដីកា​រក្សា​ការពារ​របស់​តុលាការ​ ដោយ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ហាម៉ឹនី វីន អ៊ិនវេសមេន ស្ថិត​ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ប្រមាណ​ ២០ ​នាក់ និង​បាន​រុះរើរោង និង​តង់​ជាច្រើន​ខ្នង​។

លោក ម៉ៅ ឌុន នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​ថ្លែង​ថា នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​ ៣ ខែ​សីហា កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ឡាន​ដោយ​មាន​គ្នា​ប្រមាណ​ជាង ១០០ នាក់​បាន​ចុះ​អនុវត្ត​តាម​ដីកា​រក្សាការពារ​របស់​តុលាការ​នៅ​សហគមន៍​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង​។

លោក​ថា ​ក្នុង​ពេល​ចុះ​អនុវត្ត​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ប្រមាណ ២០ ​នាក់​ដែល​នៅ​រឹងទទឹង​មិន​ព្រម​ចាកចេញ​ពី​លើ​ដី​របស់​ក្រុមហ៊ុន​។ លោក​បន្តថា ពួកគេ​ទាំងនោះ​ត្រូវ​បាន​នាំខ្លួន​មក​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​រោង​ឈើ និង​តង់​ជាច្រើន​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​សាងសង់​នៅលើ​ដី​ក្រុមហ៊ុន ក៏​ត្រូវ​បាន​រុះរើ​ចេញ​ផងដែរ​។

«​មុននឹង​ឈានដល់​ដំណាក់កាល​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​នេះ អាជ្ញាធរ​បាន​ចុះ​អប់រំ ណែនាំ និង​បាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ជាច្រើន​លើក​ច្រើន​សា​រួចមកហើយ ព្រោះ​ពលរដ្ឋ​ទាំងនោះ​មក​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ឯកជន​ដែល​គេ​មាន​ប្លង់​ត្រឹមត្រូវ ហើយ​នាំ​ឲ្យ​មាន​ការប្តឹងផ្តល់​ជាច្រើន​ឆ្នាំ​។ យើង​នាំ​ពួកគាត់​មក​ស្នងការ​ប្រមាណ ២០ ​នាក់​យក​មក​​សួរនាំ​ទេ មិន​បាន​ធ្វើ​អ្វី​គាត់​ទេ​។ នៅពេល​គេ​សួរនាំ​ចប់ យើង​ដោះលែង​ពួកគាត់​វិញ​ទេ កុំ​បារម្ភ​អី យើង​មិន​បាន​យក​គាត់ មក​ធ្វើ​អ្វី​ទេ​»​។

បើ​តាម​លោក ម៉ៅ ឌុន ជម្លោះ​ដីធ្លី​នេះ​បានកើត​ឡើង​រុំារ៉ៃ​ជាយូរ​ឆ្នាំ​មកហើយ​តាំងពី​ឆ្នាំ ២០១៤ ដោយ​ពលរដ្ឋ​ទាំងនោះ​បាន​មក​រស់នៅ​កាន់កាប់​លើដី​របស់​ក្រុមហ៊ុន​។

ប៉ុន្តែ​យ៉ាងណា​លោក សែម ចំណាន ពលរដ្ឋ​ម្នាក់​នៃ​សហគមន៍​ស្រែប្រាំង អះអាង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ប្រមាណ ១២៩ ​គ្រួសារ​បាន​កាន់កាប់​អាស្រ័យផល​លើ​ដី​មាន​ជម្លោះ​ប្រមាណ​ជិត ១០០០ ហិកតា​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​។ លោក​បន្តថា ស្រាប់តែ​ខាង​ក្រុមហ៊ុន​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ដោយ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដី និង​បាន​ចោទប្រកាន់​ថា ពលរដ្ឋ​រស់នៅ​លើដី​ក្រុមហ៊ុន​ទៅវិញ​។

«​ការចុះ​មក​ឃាត់​ខ្លួន​ពលរដ្ឋ​នេះ គឺ​អាជ្ញាធរ បាន​មក​ហ៊ុមព័ទ្ធ​សហគមន៍​ក្នុង​ភូមិ​ស្រែប្រាំង​ក្នុង​ន័យ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន ប្រដាប់​ដោយ​ដំបងឆក់ និង​កាំភ្លើង​ដែល​ជា​ការគំរាមកំហែង​មក​លើ​ពលរដ្ឋ​។ ការពិត​ទៅ​ពួកយើង​មិន​បាន​ធ្វើ​អ្វី​ទេ ស្រាប់តែ​មក​ចាប់​ពួកយើង​តែម្តង​»​។

លោកស្រី​ ធីម ណារិន ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ត្បូងឃ្មុំ ថ្លែង​ថា អាជ្ញាធរ​គួរតែ​មាន​ដំណោះស្រាយ​ដែល​ល្អ​ជាង​នេះ​ជា​ជាង​ការចាប់ចង និង​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​។

លោកស្រី​បញ្ជាក់ថា​៖ «​ចំណុច​នេះ​បើ​ទោះ​ជា​គ្រាន់តែ​ការឃាត់​ខ្លួន ប្រជាពលរដ្ឋ ដើម្បី​សាកសួរ និង​កុំឲ្យ​មាន​ចលនា​ចូលទៅ​លើដី​មាន​ជម្លោះ​ក៏​ហាក់​ដូចជា មាន​ការបិទ​សិទ្ធិសេរីភាព​របស់​ពួកគាត់ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការតវ៉ា និង​ទៅលើ​ដី​ដែល​មាន​ជម្លោះ​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យផល​ហ្នឹង​»៕