សៀមរាបៈ អាជ្ញាធរ​អប្សរា​នឹង​ចុះ​រុះរើ​សំណង់​ចំនួន​ ២ ​កន្លែង ដែល​សង់​រំលោភ​លើ​ខ្នង​ទំនប់​ត្រពាំង​ហែផ្កា​នៅ​ផ្នែក​ខាងត្បូង និង​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ​ដោយសារ​ម្ចាស់​សំណង់​នេះ​មិន​ព្រម​ចូលរួម​សហការ​រុះរើ ដោយ​ខ្លួនឯង​តាម​ការកំណត់​របស់​អាជ្ញាធរ​អប្សរា ខណៈ​ម្ចាស់​សំណង់​ម្នាក់​យល់ព្រម​រុះរើ​តាម​ការបង្គាប់​របស់​អាជ្ញាធរ​។

កាលពីដើម​ខែតុលា លោក ហង់ ពៅ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្ញើលិខិត​ជា​បន្តបន្ទាប់​ទៅ​បុគ្គល​ ៣ ​រូប​ ដែលមាន​ឈ្មោះ​ ឈិត សុឌាំង យន់ សុខន និង ពុម សុគន្ធា ដើម្បី​ឲ្យ​រុះរើ​សំណង់ ដែល​សង់​រំលោភ​ដោយ​ខុសច្បាប់​លើ​ខ្នង​ទំនប់​ត្រពាំង​ហែ​ផ្កា​ផ្នែក​ខាងត្បូង​ស្ថិត​ក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង និង​ខេត្ត​សៀមរាប​។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​អប្សរា​ក៏បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល​រួមទាំង​កសាង​សំណុំរឿង​ទៅ​តុលាការ​ផងដែរ បើ​ករណី​ពលរដ្ឋ​មិន​ចូលរួម​សហការ​។

លោក​ ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ជួបចរចា​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ​មាន​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​ បាន​យល់ព្រម​រុះរើ​សំណង់​ដែល​រំលោភ​នោះ​ដោយ​ខ្លួនឯង​ហើយ​។ ចំណែក​ ២ ​នាក់​ផ្សេងទៀត ពួកគាត់​មិនបាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នោះទេ ដោយ​ពួកគេ​មិន​ព្រម​រុះរើ​សំណង់​ដោយ​ខ្លួនឯង ដូច្នេះ​អាជ្ញាធរ​អប្សរា​នឹង​ចុះ​ធ្វើ​ការរុះរើ​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​ កុសល ​បញ្ជាក់ថា អាជ្ញាធរ​អប្សរា​នឹង​បន្ត​នីតិវិធី​ប្តឹងទៅ​តុលាការ​ចំពោះ​ពលរដ្ឋ​ទាំង​ ២ ​នាក់​នេះ ដើម្បី​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ជាមួយ​នឹង​ទង្វើ​ដែល​បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​សំណង់​ខុសច្បាប់​នៅ​ទីនោះ​នឹង​ត្រូវ​ធ្វើការ​រុះរើ ប៉ុន្តែ​យើង​មិនទាន់​អាច​កំណត់​ពេលវេលា​បានទេ ហើយ​បុគ្គល​ដែល​មិន​ព្រម​រុះរើ​ខ្លួនឯង ក៏​នឹង​ប្រឈម​ការប្តឹង​ផ្តល់នៅ​តុលាការ​ដែរ​។ គាត់​បានបញ្ជាក់​ហើយ អ្នក​ដែល​បាន​ជួប​កន្លងមក​ហ្នឹង គឺ​មាន​លោក ឈិត សុឌាំង គាត់​ព្រម​រុះរើ​ខ្លួនឯង ប៉ុន្តែ​អ្នក​មិន​ព្រម​រុះរើ​ខ្លួនឯង គឺ​លោក​ យន់ សុខន ហ្នឹង​។ ចំណែក​ម្នាក់ទៀត យើង​មិនទាន់​បាន​ជួប​ទេ ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​បន្ត​ការរំលោភ​បែបនេះ​បន្តទៀត​ទេ​»​។

អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ក៏​នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ចំពោះ​សំណង់​ផ្សេងៗ​ទៀតផង​ដែរ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់ថា​នឹង​ត្រូវ​អនុវត្ត​ទៅលើ​សំណង់​ផ្សេងៗ​ទៀត​នោះ​នៅពេលណា​ទេ​។

តាម​លោក​ ស៊ន់ សុជាតិ មេធាវី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​បាន​អះអាងថា ក្នុងករណី​ដែល​អាជ្ញាធរ​អប្សរា​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ពលរដ្ឋ​ទាំងនោះ នឹង​ប្រឈម​នឹង​ការដាក់ទោស​ទណ្ឌ រហូត​ដល់​ទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ក្នុងករណី​ដែល​ពួកគេ​បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ដោយ​តាម​មាត្រា​ច្បាប់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ភូមិបាល និង​ច្បាប់​ការពារ​បេតិកភណ្ឌ​។

លោក​ យន់ សុខន ជា​ម្ចាស់​ដី និង​សំណង់​ដែល​មិន​ព្រម​រុះរើ​សំណង់​ដោយ​ខ្លួនឯង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​ជំទាស់​នឹង​អាជ្ញាធរ​អប្សរា ដែល​ចង់​រុះរើ​សំណង់​របស់​លោក​នោះទេ​។ ប៉ុន្តែ​លោក​ស្នើឲ្យ​អាជ្ញាធរ​មួយ​នេះ​ពិចារណា​ជាថ្មី និង​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​ច្បាប់​នេះ​មាន​ភាពស្មើគ្នា​។ លោក​អះអាង​ថា មាន​សំណង់​ជាច្រើន​ទៀត​នៅក្នុង​តំបន់​នេះ​ប៉ុន្តែ​មិន​ត្រូវបាន​អាជ្ញាធរ​អប្សរា​តម្រូវ​ឲ្យ​រុះរើ​នោះ​ទេ​។

លោក​និយាយថា​៖ «​ចំពោះ​សំណង់​របស់ខ្ញុំ​នេះ អាជ្ញាធរ​អប្សរា​ចង់​រុះរើ ឲ្យ​គេ​ទៅ​រុះរើ​ខ្លួនគេ​ទៅ ហើយ​ការរុះរើ​នេះ​សូម​ឲ្យ​មាន​តម្លាភាព​ទាំងអស់​គ្នា​ទៅ ដូចជា​ ២០ ​គ្រួសារ​ជាង​ឲ្យ​រុះរើ​ទាំងអស់​គ្នា​ទៅ​។ មិនមាន​ច្បាប់​ណា​ដែល​មក​វ៉ៃ​កម្ទេច​ (​ទ្រព្យសម្បត្តិ​) ​របស់​គេ​ហើយ មក​ប្តឹងផ្តល់​ធ្វើបាប​ម្ចាស់​គេ​ទៀត​ទេ​។ រឿង​ហ្នឹង​គឺជា​រឿង​អយុត្តិធម៌ និង​ជា​ពាក្យ​គំរាមកំហែង​មកលើ​ប្រជាពលរដ្ឋ​ហើយ​»​។

ជាមួយ​នឹង​ការមិន​សុខចិត្ត​នេះ​លោក យន់ សុខន ក៏បាន​អះអាង​ដែរ​ថា​លោក​នឹង​ដាក់​លិខិត​ទៅ​អភិបាលខេត្ត និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​នេះ​ក្នុងពេល​ខាងមុខ​។

លោក ភាច ផង់ មេភូមិ​បុស្ស​ក្រឡាញ់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៤ តុលា​ ថា​ ក្នុង​តំបន់​នោះ​មាន​ប្រជាពលរដ្ឋ​ជាង​ ២០ ​គ្រួសារ ដែល​ពួកគេ​សុទ្ធសឹង​តែ​ជា​ពលរដ្ឋ​ដើម​។ ពួកគេ​បាន​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ​តាំងពី​ឆ្នាំ​ ១៩៧៩ ខណៈ​ដែល​តំបន់​នោះ​ទើបតែ​ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​បុរាណ​ស្ថាន​អំឡុង​ឆ្នាំ​ ២០១៥ ​ប៉ុណ្ណោះ​។

លោក​បន្តថា បើ​អាជ្ញាធរ​អប្សរា​ចង់​បណ្តេញ​ពលរដ្ឋ និង​ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​នោះ គួរតែ​មាន​វិធានការ​សមស្រប​ណាមួយ មិន​គួរណា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នោះ​ទេ ព្រោះ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​តាំងពី​មិន​ទាន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​អប្សរា​ទៅទៀត​។

លោក​បញ្ជាក់ថា​៖ «​គាត់​ធ្វើ​ប្រញាប់ៗ​ដែរ សម្រាប់​សំណើ​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា សុំ​ពន្យារពេល យើង​ពិនិត្យមើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សិន​មុន​នឹង​ធ្វើការ​អនុវត្ត​ច្បាប់​។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ពាក់ព័ន្ធ​នឹង​ប៉ុន្មាន​គ្រួសារ​នេះ​គឺ​មាន​តែ​ ៣ ​នាក់​ ដែល​ឲ្យ​រុះរើ​។ យើង​គួរតែ​ពន្យារពេល​ដើម្បី​ពិភាក្សា​គ្នា យើង​គួរ​ធ្វើ​យ៉ាងម៉េច​នៅ​តំបន់​នោះ ព្រោះ​ពួកគាត់​មិនមែន​ទើប​តែ​រស់នៅ​ទេ​»​។

ត្រពាំង​ហែ​ផ្កា​ត្រូវ​បាន​កំណត់​ជា​បុរាណ​ស្ថាន​ ១ ​ក្នុង​ចំណោម​បុរាណ​ស្ថាន​ជាច្រើន​ក្នុង​ខេត្ត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កាតព្វកិច្ច​ថែរក្សា​ការពារ និង​អភិរក្ស​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ហើយ​រាល់​សកម្មភាព​រុករាន សាងសង់​សំណង់​ថ្មី ជីក​គាស់កកាយ បំផ្លិចបំផ្លាញ កែប្រែ​រូបរាង​នៅតាម​បុរាណ​ស្ថាន​ទាំងនោះ​ដោយ​គ្មាន​ការអនុញ្ញាត​គឺជា​បទល្មើស​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​៕