ភ្នំពេញៈ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធខួប ២៥ ឆ្នាំ នៃថ្ងៃបង្កើតអាជ្ញាធរជាតិមួយនេះ ដោយនឹងរៀបចំស្តង់ផ្ដល់ព័ត៌មានបង្ហាញពីសមិទ្ធផលការងារដែលនឹងបើកឲ្យសាធារណជនសិស្សនិស្សិតសាកសួរពីបញ្ហាប្រឈម និងទិសដៅអនាគតរយៈពេល ១ សប្ដាហ៍ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែកុម្ភៈ នៅបរិវេណប្រាសាទអង្គរវត្ដ និងក្រុងអង្គរធំ។
ការផ្សព្វផ្សាយព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃអង្គារបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែកុម្ភៈ ខាងមុខគឺមានរយៈពេល ២៥ ឆ្នាំហើយដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង ៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អាជ្ញាធរអប្សរាបញ្ជាក់ថា៖ «ដើម្បីរំឭកព្រមទាំងផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំនេះក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរានឹងរៀបចំស្តង់ផ្តល់ព័ត៌មានដើម្បីបង្ហាញ និងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈមនិងទិសដៅការងាររយៈពេលពេញ ១ សប្ដាហ៍»។
តាមការផ្សព្វផ្សាយព័ត៌មានដដែលបង្ហាញថាក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះអាជ្ញាធរជាតិអប្សរាសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះរួមមាន ការងារអភិរក្សជួសជុលប្រាង្គប្រាសាទការអភិវឌ្ឍវិស័យទេសចរណ៍ការស្តារនិងដាក់ឲ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង ៥ នៃរមណីយដ្ឋានអង្គរដែលទាំងអស់នេះបាននិងកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋក្នុងតំបន់មានការប្រែប្រួល និងរីកចម្រើនគួរឲ្យកត់សម្គាល់។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖ «(ក្នុងខួបអាជ្ញាធរអប្សរានេះ) នឹងបើកទ្វារស្វាគមន៍ដល់សាធារណជនព្រមទាំងសិស្ស-និស្សិត ដើម្បីសិក្សាស្វែងយល់ពីការងាររបស់ស្ថាប័ន ដោយផ្ទាល់នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាក៏ដូចជាបើកឲ្យទស្សនាដោយសេរី មិនគិតថ្លៃ សារមន្ទីរនានាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ»។
អាជ្ញាធរអប្សរាបានឲ្យដឹងថា ការប្រារព្ធខួប ២៥ ឆ្នាំនេះនឹងរៀបចំពិធីសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្តដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន ២២៥ អង្គ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៧ កន្លះព្រឹកផងដែរ។
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញការរៀបចំប្រារព្ធខួប ២៥ ឆ្នាំនេះបានទេកាលពីម្សិលមិញដោយទូរស័ព្ទមិនមានអ្នកទទួល៕