សៀមរាបៈ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​បម្រាម​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រាល​កន្ទេល​ ដាក់​អង្រឹង​ និង​សម្ភារ​ផ្សេងៗ​នៅ​ជុំវិញ​ត្រពាំង​សេស​ មុខ​ប្រាសាទ​ព្រហ្មកិល​ និង​លើ​វាលស្មៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត​ ហើយ​បាន​ព្រមាន​ថា ​នឹង​ចាត់​វិធាន​ការ​រឹបអូស ប្រសិន​បើ​ពួក​គេ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ទេ​នោះ​។

ការ​ដាក់​បម្រាម​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​សេចក្តី​ជូន​ដំណឹង​មួយ​របស់​លោក ហង់​ ពៅ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ចុះ​ថ្ងៃទី ​១៣ ​សីហា ​ម្សិលមិញ​ដោយ​បាន​អះអាង​ថា​ សកម្មភាព​ក្រាល​កន្ទេល​ ដាក់​អង្រឹង ​និង​សម្ភារ​ផ្សេងៗ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​វប្បធម៌​ បរិស្ថាន​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​រមណីយដ្ឋាន​អង្គរ​​។

សេចក្តី​ជូន​ដំណឹង​បាន​បន្ត​ថា៖ ​«កន្លង​មក ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ ​ប៉ុន្តែ​នៅ​តែ​មាន​បងប្អូន​អាជីវករ​ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ទេ​ ដោយ​យក​តែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង»​។

បើ​តាម​សេចក្តី​ជូន​ដំណឹង​នេះ ដើម្បី​លើក​កម្ពស់​ និង​តម្លៃ​លេច​ធ្លោ​ជា​សកល​នៃ​រមណីយដ្ឋាន​​អង្គរ ក៏​ដូច​ជា​កិត្តិយស​ជាតិ​ អាជ្ញាធរ​ជាតិ​អប្សរា​សូម​ឱ្យ​មាន​ការ​រួម​សហការ​គ្នា​បញ្ឈប់​សកម្មភាព​អវិជ្ជមាន​ទាំង​នេះ ​ដោយ​ទុក​រយៈពេល ​៤៥ ​ថ្ងៃ (សែ​សិប​ប្រាំ​ថ្ងៃ) គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ​។ ជាមួយ​គ្នា​នេះ អា​ជ្ញាធរ​អប្សរា​ក៏​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​ផង​ដែរ​ដោយ​ត្រូវ​រឹបអូស​សម្ភារ​ទាំង​នោះ ​ប្រសិន​បើ​នៅ​តែ​មាន​អ្នក​មិន​គោរព​តា​ម ការ​ណែនាំ​នោះ​។​​

«ករណី​បងប្អូន​ អាជីវករ ​និង​ភ្ញៀវ​ទេសចរ នៅ​តែ​បន្ត​សកម្មភាព​ទាំង​នេះ​ គណៈកម្មការ​ដឹកនាំ​ និង​សម្របសម្រួល​រៀបចំ​សណ្តាប់​ធ្នាប់​អ្នក​លក់​ដូរ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​រឹបអូស​សម្ភារ​ទាំង​នោះ ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូចខាត​​ណា​មួយ​ឡើយ»។​

កញ្ញា ​ផេង ​ស្រីស​ ជា​សកម្មជន​ការពារ​បរិស្ថាន​បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នេះ ​និង​បាន​ស្នើ​ឲ្យ​ចាត់​វិធាន​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​បាន​រំលោភ​បំពាន​ទៅ​នឹង​ការ​ណែនាំ​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​គាំទ្រ​ខ្លះ​ចំពោះ​វិធានការ​នេះ ​ព្រោះ​ថា​ភាគរយ​ច្រើន​បំផុត​នៃ​អ្នក​ធ្វើ​សកម្មភាព​ក្រាល​កន្ទេល​ ដាក់​សម្ភារ​ផ្សេងៗ​នោះ ​គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​កន្លង​មក​ពួក​គាត់​ហាក់​មិន​សូវ​ខ្វល់ខ្វាយ​ចំពោះ​អនាម័យ​ បរិស្ថាន​ ជុំវិញ​តំបន់​នោះ​ប៉ុន្មាន​ទេ ហើយ​ក៏​​មាន​ការ​រិះគន់​ពី​ទម្លាប់​ចោល​សំរាម​ពាសវាល​ពាសកាល​ ក្រោយ​ពី​ពួក​គាត់​ទៅ​ហូប​អាហារ​ ឬ​ជួបជុំ​នៅ​ទី​នោះ»​។

ទោះបី​យ៉ាង​ណា​ កញ្ញា​បាន​ស្នើសុំ​ដល់​​អាជ្ញាធរ​អប្សរា​ឲ្យ​​រៀបចំ​កន្លែង​អង្គុយ​លម្ហែ ​ឬ​កន្លែង​ជួបជុំ​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​បងប្អូន​អាជីវករ​ ភ្ញៀវ​ជាតិ​អន្តរជាតិ​ និង​សាធារណជន​៕