សៀមរាបៈ អាជ្ញាធរជាតិអប្សរាគ្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗនៅក្នុងខេត្តសៀមរាបទាំងមូល ដើម្បីទប់ស្កាត់ការរុករានទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនលើដីដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ខណៈតំបន់មួយចំនួនត្រូវបានបោះបង្គោលរួចរាល់។
កាលពីថ្ងៃទី ៤ ខែឧសភាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរខេត្តសៀមរាប ចុះបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កា ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា៖ «ការបោះបង្គោលព្រំកំណត់តំបន់ការពារត្រពាំងបុរាណគឺដើម្បីទប់ស្កាត់ការរុករានទន្ទ្រានចូលកាន់កាប់ដីបរិវេណត្រពាំងបុរាណ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន»។
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា តទៅថ្ងៃអនាគត អាជ្ញាធរជាតិអប្សរា មានគម្រោងបោះបង្គោលព្រំកំណត់តំបន់ការពារបុរាណដ្ឋានផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបទាំងមូល ដែលមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាបានកំណត់តំបន់ការពាររួចហើយ។
អាជ្ញាធរនេះថ្លែងថា៖ «គម្រោងនេះគឺក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបុរាណដ្ឋានសម្រាប់ទុកជាមរតកវប្បធម៌ប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌជាតិ ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនផង និងដើម្បីបម្រើវិស័យទេសចរណ៍ផង»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញតាមប្រព័ន្ធទូរស័ព្ទបន្ថែមថា ការសម្រេចបោះបង្គោលព្រំយ៉ាងដូច្នេះ ក៏ព្រោះតែកន្លងទៅតំបន់ដែលត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាមួយចំនួនត្រូវបានរំលោភបំពានយកកាន់កាប់ ហើយពេលខ្លះបានក្លាយទៅជាជម្លោះដ៏រុំារ៉ៃទៀតផង។ លោកបញ្ចាក់ថា កិច្ចការបោះបង្គោលព្រំនេះគឺនៅមានច្រើនកន្លែងទៀត ដែលតម្រូវឲ្យធ្វើការបោះជាបង្គោលសម្រាប់សម្គាល់ទីតាំងនីមួយៗ។
លោកបន្ថែមថា៖ «ទីតាំងដែលចាំបាច់ត្រូវតែបោះបង្គោលព្រំគឺតាមទីបុរាណដ្ឋាននៅក្នុងខេត្តសៀមរាប។ ភាគច្រើនកន្លែងហ្នឹងគឺជាទីទួលប្រាសាទបុរាណ ជាត្រពាំងបុរាណ ឬក៏ជាបារាយណ៍ដែលជារចនាសម្ព័ន្ធទាក់ទងនឹងប្រាសាទបុរាណ។ អ្វីៗទាំងនេះគឺស្លាកស្នាមនៃប្រវត្ថិសាស្ត្រក្នុងសម័យអាណាចក្រខ្មែរយើង»។
លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា លោកមិនទាន់អាចជម្រាបបានទេថា ទីតាំងដែលត្រូវបោះបង្គោលព្រំនេះមានចំនួនប៉ុន្មានកន្លែង។ ប៉ុន្តែលោកថា ដោយសារតែបញ្ហាថវិកា ការបោះបង្គោលព្រំនេះនឹងកំណត់ធ្វើនៅកន្លែងណាដែលមានអាទិភាពមុន ព្រោះតែកន្លែងទាំងនេះប្រឈមនឹងការរំលោភយកពីសំណាក់ជនខិលខូច។
លោកបញ្ជាក់ថា៖ «យើងនឹងធ្វើជាជំហានៗ ជាពិសេសចាប់ពីប្រាសាទមកមុន និងកន្លែងដែលមានហានិភ័យ ដោយសារតែការរំលោភដីធ្លីដូចជាប្រាសាទបន្ទាយអំពិល និងប្រាសាទចៅស្រីវិបុលដែលប្រជាជនគាត់ចូលរុករាន។ ជារួមពលរដ្ឋមិនមែនចូលរុករានយកប្រាសាទទេ ប៉ុន្តែដីដែលនៅជុំវិញប្រាសាទ ដូច្នេះការបោះបង្គោលនេះដើម្បីសម្គាល់ដីរដ្ឋមានទំហំប៉ុនណាដែលត្រូវការពារ»។
លោក ឈាន រដ្ឋា ថ្លែងដោយសំណូមពរដល់ប្រជាពលរដ្ឋដែលទាំងអស់សូមបញ្ឈប់ការរំលោភបំពានដីដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងងាកមកចូលរួមសហការជាមួយអាជ្ញាធរជាតិអប្សរាទាំងអស់គ្នា ដើម្បីការពារសម្បត្តិដែលដូនតាជំនាន់មុនបន្សល់ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ៕