សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សំណង់​ដែល​បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត បន្ទាប់ពី​មាន​ករណី​សាងសង់ និង​ជួសជុល​ខុសពី​សំណើ​នៅ​ទីតាំង​ដែល​បាន​ផ្តល់​ឲ្យ​ក្នុង​តំបន់​អង្គរ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សំណង់​ទាំងនោះ​ក្លាយ​ទៅ​ជា​ខុសច្បាប់​ទៅវិញ ហើយ​ក៏​ប្រឈម​ចំពោះមុខ​ច្បាប់​ផងដែរ​។

លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មាន​សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង​បាននិង​កំពុង​សាងសង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ពលរដ្ឋ​រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ ប៉ុន្តែ​ពេល​សាងសង់​មាន​អ្នកស្នើសុំ​ខ្លះ​បែរ​ជា​ធ្វើ​ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយ​ជា​សំណង់​ខុសច្បាប់​វិញ​។

លោក​ ឡុង កុសល បាន​បញ្ជាក់ថា​៖ «​នៅពេល​គាត់​សុំ​ជួសជុល ការដូរ​ដំបូល​ ឬ​ក៏​ដូរ​ជញ្ជាំង​ផ្ទះ​ធ្វើ​បន្ទប់ទឹក​​ ធ្វើ​បន្ទប់​បាយ​អី​អ៊ីចឹង​។ ប៉ុន្តែ​គាត់​ធ្វើ​លើស​ហ្នឹង​ដោយ ទី​១- លើស​ហ្នឹង ទី​២- ធ្វើ​ធំ​ជាង​ទំហំ​ដែល​គាត់​ស្នើសុំ​។ ចំណែក​ការស្នើសុំ​រើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ជំនួស​វិញ ជាគោលការណ៍​នៅ​​ពេល​ផ្តល់​ការអនុញ្ញាត​គឺ​យើង​ផ្តល់​​ជម្រើស​ជូន​គាត់​ក្នុង​ការសាងសង់​ជា​​ផ្ទះ​តាមបែប​រចនាប័ទ្ម​ខ្មែរ​។ ​យើង​មាន​ជា​គំនូរ​ស្ថាបត្យកម្ម​ជូន​គាត់ យើង​មាន​ទាំង​ប្លង់​បច្ចេកទេស​ជូន​គាត់​ដើម្បី​ជូន​គាត់​ធ្វើ​តែម្តង ហើយ​មិនមាន​គិត​សេវាកម្ម​នោះទេ​។ ​ប៉ុន្តែ​គាត់​បែរជា​សង់​ជា​លក្ខណៈ​ផ្ទះ​តៀម​ជា​លក្ខណៈ​ផ្ទះថ្ម​ដែល​​ខុស​ពី​ការឯកភាព​»​។

លោក​ ឡុង កុសល អំពាវនាវ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ដែល​មាន​បំណង​ស្នើសុំ​ជួសជុល​កែលម្អ​គេហដ្ឋាន សង់​របង រោងគោ រោងមាន់ បង្គន់​អនាម័យ ឬ​តម្រូវការ​ផ្សេងៗ​ដែលជា​ប្រភេទ​សំណង់​ស្រាល សូម​ទាក់ទង​មក​ក្រុមការងារ​សហគមន៍​តាមរយៈ​ភូមិ​ឃុំ​/​សង្កាត់​។ ប៉ុន្តែ​ករណី​មានបំណង​ស្នើសុំ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស​នោះ លោក​ស្នើឲ្យ​ដាក់​ពាក្យសុំ​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ឬ​ក៏​នៅ​ច្រក​ចេញចូល​តែមួយ​របស់​ស្រុក​ពួក ក្រុង​សៀមរាប និង​សាលា​ខេត្ត​សៀមរាប​ដោយ​ពុំ​គិតថ្លៃ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​តំបន់​រមណីយដ្ឋាន​ពិភពលោក អ្វី​ដែល​សំខាន់បំផុត​គឺ​ការរក្សា​សភាព​ដើម​នៅ​ទីនោះ ហើយ​ការតម្រូវ​ឲ្យ​អនុវត្ត​បែប​​នេះ គឺ​ដើម្បី​លើក​តម្លៃ​ផ្ទះ​បុរាណ​ខ្មែរ និង​អត្តសញ្ញាណ​នៅ​តំបន់​រមណីយដ្ឋាន ដែល​បាន​រៀបចំ​ជា​លក្ខណៈ​រស់នៅ​តាម​បែប​សង្គម​ខ្មែរ​។ ដូច្នេះ​បើ​ពួកគាត់​ធ្វើ​ខុស វា​ធ្វើឲ្យ​មាន​ការប្រែប្រួល​ពី​ទម្រង់​ដើម​ ឬ​លក្ខណៈ​ដែលជា​ភូមិ​ខ្មែរ ដែល​និយាយ​ពីមុន​មក​ថា នៅក្នុង​តំបន់​ហ្នឹង​មាន​ការរស់នៅ​យ៉ាងម៉េច​? ហ្នឹងហើយ​គឺជា​ផលប៉ះពាល់​»​។

លោក​ ឡុង កុសល បាន​រំឭក​ដល់​ម្ចាស់​សំណង់​ឲ្យ​គោរព​ទៅ​តាម​អ្វីដែល​បាន​ស្នើសុំ ដើម្បី​ចៀសវាង​ការប្រឈម​នឹង​ការតម្រូវ​ឲ្យ​រុះរើ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ក្រុមការងារ​ចុះ​ទប់ស្កាត់​រាល់​សំណង់​ខុសច្បាប់​ទាំងឡាយ នៅពេល​ឃើញ​មាន​សំណង់​ខុសច្បាប់​កើតឡើង​យើង​នឹង​ចុះទៅ​បញ្ឈប់​គាត់​។ ក្នុងករណី​សំណើ​ទី​ ១ ​គឺ​ឲ្យ​គាត់​កែប្រែ​សំណង់​របស់​គាត់​ទៅ​តាម​អ្វី​ដែលជា​សំណូមពរ​ឲ្យ​ត្រូវ​នឹង​ការស្នើសុំ​របស់​គាត់​វិញ ហើយ​បើ​គាត់​មិន​កែប្រែ​ទេ ម្តង​ជា​ ២ ​ដង ចុងក្រោយ​បំផុត​សំណង់​របស់​ពួកគាត់​ប្រឈម​នឹង​ការរុះរើ​ទៅវិញ ហើយ​នឹង​​ប្រឈម​ជាមួយ​វិធានការ​ផ្លូវច្បាប់​»​។

លោក សួន រ៉ាម៉ន ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​មណ្ឌល​ ៣ សង្កាត់​ស្លក្រាម ខេត្ត​សៀមរាប​ដែល​ជា​ទីតាំង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​រស់នៅ​តំបន់​នេះ​យូរ​ឆ្នាំ​មក​ហើយ ហើយ​លោក​តែងតែ​ស្នើសុំ​ការអនុញ្ញាត​នៅពេល​ចង់​ជួសជុល​ផ្ទះ​ម្ដងៗ​។ លោក​យល់ថា ការដែល​នៅ​តំបន់​អង្គរ​តម្រូវ​ឲ្យ​មាន​ការកំណត់​បែបនេះ​ក៏​ជា​រឿង​ល្អ​ផងដែរ ប៉ុន្តែ​លោក​ចង់​ឲ្យ​ការអនុវត្ត​នីតិវិធី​នៃ​ការស្នើសុំ​បាន​ប្រសើរ​ជាង​នេះ​។

យ៉ាងណា​លោក​ទទួលស្គាល់​ថា ពិតជា​មាន​ការសាងសង់ និង​ជួសជុល​ខុស​នីតិវិធី​ច្បាប់​ដែល​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​អង្គរ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ដែរ ថា​ហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​យើង​នៅ​តែ​បន្ត​ធ្វើ​ខុស​នឹង​ច្បាប់​បែប​នេះ ព្រោះ​ថា​បើតាម​ដឹង​ការធ្វើ​ខុស​នឹងច្បាប់​បែបនេះ គឺ​នឹង​ជួប​បញ្ហា​ច្រើន​។ តែ​ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​យើង​គួរ​ពន្លឿន​ការអនុញ្ញាត​ឲ្យ​លឿន​ជាង​នេះ​ព្រោះ​កន្លង​មក​ពួកយើង​សុំ​គឺ​ប្រើពេល​យូរ​ដែរ​ទម្រាំ​តែ​បាន​»៕