ភ្នំពេញ៖ អាជ្ញាធរខណ្ឌ ព្រែកព្នៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានស៊ង និង ស្រះចិញ្ចឹមត្រី នៅក្នុងបឹងតាមោក ដោយបានកំណត់ឱ្យត្រូវរុះរើចេញឱ្យអស់ នៅចុងឆ្នាំ ២០២០ នេះ បន្ទាប់ពីបានពន្យារពេលតាមការស្នើសុំរបស់ពលរដ្ឋអស់ជាច្រើនឆ្នាំមកហើយនោះ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ វិច្ឆិកានេះ ថា រឿងជូនដំណឹងឲ្យពលរដ្ឋដែលមានស៊ង ឬ ស្រះចិញ្ចឹមត្រីរុះរើបឹងតាមោកនេះគឺមានជាច្រើនឆ្នាំមកហើយ។ដោយសារតែប្រជាពលរដ្ឋសំណូមពរឲ្យមានការព្យារការរុះរើទើបអាជ្ញាធរយោគយល់និងទុកឱកាសដល់ពួកគាត់ជាបន្តបន្ទាប់រហូតមក។
យ៉ាងណាក្ដី លោកអភិបាលខណ្ឌអះអាងថា លើកនេះមិនដូចលើកមុនៗទេគឺត្រូវតែឲ្យពួកគាត់រើចេញដោយមិនមានការយោគយល់ទៀតឡើយ។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា៖ «យើងនិយាយច្រើនខែ ច្រើនឆ្នាំហើយ តែដោយសារការស្នើសុំរបស់ពួកគាត់ សុំពន្យារ អីចឹងយើងក៏សុំគោលការណ៍ពីលោកអភិបាលរាជធានីក្នុងការកំណត់ពេលវេលាហ្នឹង ដែលថាអាចទុកឱកាសឲ្យពួកកាត់រហូតដល់ចុងឆ្នាំ២០២០នេះ ហើយលើកនេះគឺបញ្ចប់ក្នុងទូទាំងក្របខ័ណ្ឌនៃបឹងទាំងមូលតែម្តង » ។
លោក ស៊ឹម សុផង នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ពលរដ្ឋបានយល់ព្រមធ្វើកិច្ចសន្យានៅរដ្ឋបាល ខណ្ឌព្រែកព្នៅ ដោយទទួលយកការរុះរើស៊ងចិញ្ចឹមត្រីក្នុងបឹងតាមោកនៅចុងបញ្ចប់ខែធ្នូឆ្នាំនេះ។មូលហេតុដែលឲ្យពួកគាត់រុះរើស៊ងចិញ្ចឹមត្រីចេញនេះគឺដោយសារអាជ្ញាធរមិនចង់ឲ្យមានការធ្វើស៊ងឬទន្រ្ទាននៅក្នុងបឹងតាមោកបន្តទៀតដើម្បីរក្សាកន្លែងសាធារណៈរបស់រដ្ឋ។
លោកថ្លែងថា៖«យើងមិនចង់ឲ្យមានការធ្វើស៊ង ឬ ទន្រាននៅក្នុងបឹងតាមោក បន្តទៀត ពាក់ព័ន្ធនឹងការរក្សាសិទ្ធិផ្ទៃដីបឹងតាមោកជាទីតាំងដីជាសម្បត្តិសាធារណៈរបស់រដ្ឋមិនត្រូវមានការទន្ទ្រាន ឬធ្វើអ្វីមួយដែលរំលោភចូលក្នុងបឹងឡើយ» ។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៩វិច្ឆិកានេះដែរថា ស៊ងចិញ្ចឹមត្រីនៅក្នុងបឹងតាមោកសព្វថ្ងៃមិនដឹងពីចំនួនពិតប្រាកដទេ ព្រោះមានអ្នកខ្លះចេញ អ្នកខ្លះចូលជាបន្តបន្ទាប់ ក៏ប៉ុន្តែលោកថា ប្រហែលជាអាចមានជិត ១០០ កន្លែង នៅក្នុងបឹងនេះ។
លោក ឌី ថា៖ «ស៊ងនេះ ខ្ញុំមិនដឹងចំនួនពិតប្រាកដទេ កន្លងមកវាចេញចូល រហូត ហើយដល់ពេលកន្លងមកហ្នឹងមានអ្នកចេញពីបឹងសំរោងនាំគ្នាមកចាប់នៅបឹងតាមោកខ្លះថែមទៀត អីចឹងខ្ញុំមិនមានកត់សម្គាល់តួលេខប្រាកដទេ»។
លោក សឿន សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត បានថ្លែងថា អ្វីដែលអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋដែលមានស៊ងចិញ្ចឹមត្រីនៅ បឹងតាមោក ត្រូវធ្វើនោះគឺត្រូវជជែកពិគ្រោះយោបាលឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកដំណោះស្រាយមួយបានជាក់លក្ខដែលភាគីទាំងសងខាងអាចទទួលយកបាន។
លោកថ្លែងថា៖ «ខ្ញុំយល់ថាដំណោះស្រាយដែលទៅរលូនបានមានតែការជជែកគ្នារកដំណោះស្រាយអីចឹងទៅ ហើយបើយើងក្រឡេកទៅមើលប្រជាពលរដ្ឋដែលចិញ្ចឹមត្រីនៅបឹងតាមោកភាគច្រើនគឺជាអ្នកក្រីក្រគាត់ធ្វើកិច្ចការហ្នឹងដើម្បីជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់»។
បើតាមលោកសារ៉នការរុះរើស៊ងនេះមានផលប៉ះពាល់ដល់ពលរដ្ឋទី ១ ការផ្គត់ផ្គងជីវភាពប្រចាំថ្ងៃទី ២ គឺការលំបាកក្នុងការសងប្រាក់ទៅធនាគាវិញ ខណៈមានពលរដ្ឋខ្លះអាចមានការខ្ចីលុយពីស្ថានប័នគ្រឹះស្ថានហិរញ្ញវត្ថុ ឬ ធនាគារ ដើម្បីចិញ្ចឹមត្រីដោយរំពឹងថា បានផលចំណេទៅផ្គត់ផ្គងគ្រួសារ។ ហេតុនេះការុះរើស៊ងចិញ្ចឹមត្រីអាចធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងការសងបំណុលត្រឡប់ទៅធនាគាវិញផងដែរ។
យ៉ាងណាក្ដីនៅក្នុងរឿងនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកប្រភពទាក់ទងជាមួយពលរដ្ជជាម្ចាស៊ងចិញ្ចឹមត្រីនៅក្នុង បឹងតាមោក ដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃនេះ ៕