ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចេញ​លិខិត​បង្គាប់​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក៏ដូចជា​ប្រកប​អាជីវកម្ម​លើ​ចំណីផ្លូវ​សាធារណៈ​ (​ផ្លូវ​លេខ​ ២០០) ​ក្នុង​ភូមិ​ ៤ សង្កាត់​លេខ​ ៤ ត្រូវ​រុះរើ​សំណង់​ផ្សេងៗ​ចេញ​ឱ្យបាន​ត្រឹម​ថ្ងៃទី​ ២៨ ខែកុម្ភៈ​ដើម្បី​អភិវឌ្ឍ​គម្រោង​ស្ថាបនា​វិថី​៧​មករា ហើយ​បើ​មិន​អនុវត្ត​ទេ នឹង​ប្រឈម​វិធានការ​ច្បាប់​។

លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដែល​បានចេញ​ផ្សាយ​ពីថ្ងៃ​ទី​ ២៩ ខែ​មករា បានឱ្យ​ដឹងថា កន្លងមក​រដ្ឋបាល​ក្រុង​ព្រះសីហនុ​បានចេញ​លិខិត​ជូន​ដំណឹង​ ២ ​លើក​រួចមកហើយ​ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ជូនដំណឹង​ ១ ​លើក​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​រុះរើ​សំណង់​ផ្សេងៗ​ចេញពី​វិថី​ ៧​ មករា​។ ​ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​មាន​ម្ចាស់​សំណង់​មួយចំនួន​បាន​ស្ម័គ្រចិត្ត​រើខ្លួន​ឯង ប៉ុន្តែ​មាន​មួយចំនួន​ទៀត​មិនទាន់​បាន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​ទាំង​ ៣ ​លើក​នេះឡើយ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា នេះ​ជា​​សេចក្តី​ជូនដំណឹង​ទី​ ៤ និង​លើក​ចុងក្រោយ​ឱ្យ​រើចេញ បើ​ពុំ​នោះ​ទេ​នឹង​ប្រឈមមុខ​ច្បាប់​។ លោក​ថា​៖ «​ការអនុវត្ត​មាន​ ២ ទី​ ១ ​វិធានការ​រដ្ឋបាល មានន័យថា​អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយផ្ទាល់ និង​វិធានការ​ផ្លូវច្បាប់​ជាក់ស្តែង​យើង​មិន​ចង់​អនុវត្ត​វិធានការ​ច្បាប់​ទេ ប៉ុន្តែ​បើ​ករណី​ចាំបាច់​គឺ​ចៀស​មិន​ផុត​ទេ ប្រសិនបើ​មាន​ការតវ៉ា ឬ​ប៉ះទង្គិច​ដោយ​ប្រការ​ណាមួយ​»​។

លោក​បានឱ្យ​ដឹងថា តាម​ទិន្នន័យ​ខេត្ត​គឺមាន​ពលរដ្ឋ​រស់នៅ​លើ​ចំណីផ្លូវ​ជា​អចិន្រៃ្តយ៍​តែ​ប្រមាណ​ ២០ ​គ្រួសារ​ប៉ុណ្ណោះ ក្នុង​ចំណោម​ជាង​ ១៥០ ​គ្រួសារ​។

«​កន្លងមក​អាជ្ញាធរ​ព្យាយាម​ច្រើនលើក​ហើយ​ក្នុង​ការពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​សហការ ហើយ​ក្នុងនោះ​មាន​ពលរដ្ឋ​មួយចំនួន​ចូលរួម​សហការ និង​មួយចំនួន​ត្រៀម​រុះរើ ប៉ុន្តែ​មួយចំនួន​ច្រើន​មិន​ព្រម​រុះរើ​ទេ​»​។

បើតាម​លោក ភារម្យ គម្រោង​ស្ថាបនា​វិថី​៧​មករា​ជុំវិញ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​មាន​ប្រវែង​ជិត​ ១ ​គីឡូម៉ែត្រ ដែលជា​តម្រូវការ​ចាំបាច់​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ​ខណៈ​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​នេះ​មាន​ជាង​ ៣០ ​ម៉ឺន​នាក់​។ ការដាក់កំហិត​នេះ​ដើម្បី​ងាយស្រួល​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ថាបនា​ផ្លូវ​ឱ្យបាន​មុន​ខែវស្សា​មកដល់​ខណៈ​គម្រោង​នេះ​ត្រូវបាន​អូសបន្លាយ​ច្រើនលើក​រួចមកហើយ​។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុងករណី​មាន​ការរុះផ្ទះ​ពលរដ្ឋ​មែន​នោះ អាជ្ញាធរខេត្ត​គួរ​ចរចា​ជាមួយ​ពលរដ្ឋ និង​ដោះស្រាយ​តាម​គោលនយោបាយ​ដីធ្លី​ជូន​ពួកគាត់​។

លោកស្រី​ថា​៖ «​បើ​តាម​ខ្ញុំ​ដឹង​រដ្ឋបាលខេត្ត​ធ្លាប់​ជូនដំណឹង​ទៅ​ពលរដ្ឋ​ហើយ ប៉ុន្តែ​ការអនុវត្ត​ឱ្យ​រុះរើ​ផ្ទះ​ពលរដ្ឋ រដ្ឋ​គួរតែ​ដោះស្រាយ​តាម​គោលនយោបាយ​ដីធ្លី​ជូន​ពួកគាត់ និង​ប៉ះប៉ូវ​ថវិកា​​សម្រាប់​ការរុះរើ​ផ្ទះ ព្រោះ​អ្នក​កំពុង​រស់នៅ​តំបន់​នោះ គាត់​គ្មាន​ជម្រើស និង​មិនមាន​លទ្ធភាព​ចាកចេញ​ទៅ​ទិញ​ដី ឬ​ផ្ទះ​ដើម្បី​រស់នៅ​ទេ​...​។ អាជ្ញាធរ​គួរ​ដោះស្រាយ​ដូច​ពី​ឆ្នាំ​ ២០២០ ដែល​ធ្លាប់​ដោះស្រាយ​ជូន​អ្នករស់​នៅលើ​ចំណី​អូរ និង​ប្រឡាយ គឺ​រដ្ឋ​បាន​ដោះស្រាយ​ជូន​គាត់ ហើយ​ពលរដ្ឋ​បាន​ចាកចេញ​ទៅ​​តាំង​លំនៅ​ថ្មី​ដោយ​សន្តិវិធី​»​។

តាម​សេចក្តី​ជូនដំណឹង​នេះ​គឺ​ខេត្ត​កំណត់​ត្រឹម​ថ្ងៃ​ ២៨ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ ​គិតពី​ថ្ងៃ​ជូន​ដំណឹង​​នេះ​ទៅ​។ ក្នុងករណី​មិន​អនុវត្តតាម រដ្ឋបាលខេត្ត​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​ផ្អែក​តាម​មាត្រា ៧១ ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ខែ​ទៅ​ ១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១ ​សែន​ទៅ​ ២ ​លាន​រៀល ឬ​អាចដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​ ៤ ​ទៅ​ ១០ ​លាន​រៀល​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា តាម​គម្រោង​វិថី​នេះ​​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២០ ប៉ុន្តែ​បានអូសបន្លាយ​ដល់​បច្ចុប្បន្ន ​ដោយសារ​ពលរដ្ឋ​ក្នុង​តំបន់​នេះ មិនទាន់​បាន​រុះ​រើចេញ​ទៅតាម​ការជូន​ដំណឹង​៕

វីដេអូ៖