ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ​បានស្នើ​ឲ្យ​ពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ និង​ប្រកបមុខរបរ​​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី ហើយ​មិនត្រូវ​ជ្រួល​តាម​ពាក្យ​ចចាមអារ៉ាម​​ពី​ស្ថិរភាព​ទំនិញ​ ដើម្បី​ចៀសវាង​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើងថ្លៃ​ផលិតផល​ស្បៀង ខណៈ​សាលា​រាជធានី​ភ្នំពេញ​អះអាងថា ស្បៀង​បម្រុង​ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​។

តាម​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៦ ខែ​មីនា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ ស្ថិរភាព​ទំនិញ និង​ចៀសវាង​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើងថ្លៃ​ផលិតផល​ស្បៀង រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី ហើយ​ត្រូវ​អនុវត្តតាម​វិធី​បង្ការ​ជំងឺ​ដូច​អ្វីដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ​។

សេចក្ដី​ជូនដំណឹង​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញ​ថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លងទៅនេះ​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​សម្រុក​ទិញ​ទំនិញស្ដុក​ទុក ជាពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ជន​ឱកាសនិយម​ឆ្លៀត​ដំឡើង​ថ្លៃទំនិញ​។

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​ពលរដ្ឋ​មិនគួរ​ព្រួយបារម្ភ​ពី​ការខ្វះ​ស្បៀង​ទេ ខណៈ​ដែល​ស្បៀងអាហារ​ដែល​បម្រុង​នៅក្នុង​រាជធានី​ភ្នំពេញ​ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​។

លើសពីនេះ​ដូច​ប្រជាពលរដ្ឋ​បាន​ជ្រាប​ស្រាប់​ថា ប្រទេស​​កម្ពុជា​ក្រោម​ម្លប់​សន្ដិភាព យើង​បាន​ផលិត​ស្បៀង​លើស​ពី​ការបម្រុង​ទុក​រហូតដល់​ការនាំចេញ​​ទៅ​ក្រៅ​ប្រទេស​ទៀតផង​»​។

លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) ​បាន​ថ្លែងថា ការដែល​ពលរដ្ឋ​នាំគ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​ ឬ​ចំណីអាហារ​គឺ​ដោយសារ​មានការ​ភ័យខ្លាច និង​ត្រៀម​ទុក​សម្រាប់​ពេល​មាន​បម្រាម​ណាមួយ​ដែល​មិន​ឲ្យ​ចេញពីផ្ទះ​ដូច​នៅ​ប្រទេស​ចិន​។ ​ប៉ុន្ដែ​អ្វីដែល​សំខាន់ អាជ្ញាធរ​ត្រូវតែ​រក​វិធានការ​ទប់ស្កាត់​ជនឱកាសនិយម​ទាំងអស់នោះ​។

លោក​បន្តថា ជន​ឱកាស​និយម​តែងតែ​សម្លឹង​ឃើញ​ឱកាស​នៅពេល​មាន​ចលាចល​សង្គម​ណាមួយ​កើតឡើង​។ ​ម្យ៉ាងទៀត​ក៏មាន​អ្នក​លួច​លាយ​បន្លំ និង​ក្លែង​ទំនិញ​ដែល​ខូចគុណភាព​យកមក​លក់​ឲ្យ​ពលរដ្ឋ​ផងដែរ​​នៅពេល​ថៅកែ​ទាំងនោះ​បាន​ឃើញ​អតិថិជន​សម្រុក​ទៅ​ទិញ​ទំនិញ​ច្រើន​សន្ធឹកសន្ធាប់​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​គួរ​ចេញ​វិធានការ ក្រើនរំឭក​ដល់​អាជីវករ​លក់ដូរ​ទាំង​អស់​នោះ​ឲ្យ​គោរព​ក្រមសីលធម៌ រក្សា​តម្លៃ​ដើម​។ ជាធម្មតា ប្រជាជន ប្រសិនបើ​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​បែបនេះ​គឺ​គាត់​តែងតែ​ទិញ​ទំនិញ​មក​ទុកដាក់​ក្នុងផ្ទះ​គាត់​អ៊ីចឹង​ហើយ​វា​ជា​សិទ្ធិ​របស់គាត់​ទេ​។ តែ​សំខាន់​អាជ្ញាធរ​ចេញ​វិធានការ​ទប់ស្កាត់ ព្រោះ​ជួនកាល​ជា​ឱកាស​ជន​ខិលខូច​បញ្ចេញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ដែរ​ដោយសារ​គាត់​ឃើញ​គេ​មក​ទិញ​គាត់​ច្រើនពេក ក៏​យក​របស់​ណា​ដែល​លក់​មិនកើត​ពី​មុន​មក​ដាក់លក់​ពេល​ហ្នឹង​តែម្ដង​»​។

ពលរដ្ឋ​ម្នាក់ រស់នៅ​ខណ្ឌ​មានជ័យ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា អ្នកស្រី​មិនបាន​ដឹងថា នរណា​ជា​អ្នក​បំផុសបំផុល​ឲ្យ​នាំគ្នា​ទិញ​ទំនិញ​សម្រាប់​ធ្វើជា​អាហារ​ប្រចាំថ្ងៃ​ទុក​នោះទេ​។ ប៉ុន្ដែ​អ្នកស្រី​បានឮ​ពាក្យ​ចចាមអារ៉ាម តៗ​គ្នា​ឲ្យ​ទិញ​ចំណីអាហារ​ទុក​ត្រៀម​ក្នុងផ្ទះ នៅពេល​មាន​ COVID-19 ផ្ទុះឡើង​នៅ​រាជធានី​ភ្នំពេញ​។

អ្នកស្រី​បន្តថា គ្រួសារ​អ្នកស្រី​មាន​ការបារម្ភ​ពេល​បានឮ​ពាក្យ​ចចាមអារ៉ាម​បែបនេះ​ទើប​អ្នកស្រី​បាន​ទិញ​ទំនិញ​ដូចជា ចំណីអាហារ​មួយចំនួន​ដែល​ទុក​បាន​យូរថ្ងៃ​មាន មី ត្រីខ ពងទា ត្រីងៀត និង​ទិញ​សាច់គោ ឬ​សាច់ជ្រូក​យក​ប្រឡាក់​គ្រឿង​ហាល​ទុក​ធ្វើ​ជា​ម្ហូប​ប្រចាំថ្ងៃ​។ ម្យ៉ាងទៀត​អ្នកស្រី​ខ្លាច​គ្មាន​អ្នកលក់​ចំណីអាហារ​ទាំងនេះ នៅពេល​ពលរដ្ឋ​កាន់តែ​បារម្ភ​ជាង​នេះ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ដឹងថា អ្នកណា​គេ​ជា​អ្នក​និយាយ​អ្វី​ឲ្យ​ច្បាស់ៗ​ទេ គ្រាន់តែ​ឮ​ពលរដ្ឋ​យើង​ផ្សេងៗ​ទៀត គាត់​​និយាយ​តៗ​គ្នា​ពី​អ៊ីចេះ អ៊ីចុះ ​អ៊ីចឹង​ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​ដែរ ក៏​នាំគ្នា​ទៅ​ទិញ​អីវ៉ាន់ ឬ​ចំណីអាហារ​ត្រៀម​ទុក​ទៅ ព្រោះ​យើង​ឃើញ​នៅ​ប្រទេស​ចិន​ជា​គំរូ​ស្រាប់ នៅពេល​គេ​បិទ​ក្រុង​ហាម​មិន​ឲ្យ​ចេញចូល អ៊ីចឹង​ដឹង​តែ​គ្មាន​អ្នកលក់ដូរ​អី​ហូប​ហើយ អ៊ីចឹង​ក៏​នាំគ្នា​ទិញ​វា​ទុក ហើយ​បើ​ជំងឺ​ហ្នឹង​គ្មាន​រាលដាល​អ្វី​ខ្លាំង យើង​ទុក​វា​ញ៉ាំ​ធម្មតា​ទៅ​»​។

គួររំឭកថា ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​រាជធានី​ភ្នំពេញ​នាំគ្នា​ទៅ​ទិញ​ទំនិញ ឬ​ចំណីអាហារ​ដាក់​ស្តុក​ក្នុងផ្ទះ​ស្រប​ពេលដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៧ ខែមីនា​បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ពី​ថ្នាក់មត្តេយ្យ​សិក្សា​ដល់​ថ្នាក់​ឧត្តមសិក្សា​នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប​បណ្ដោះអាសន្ន ក្រោយពី​រកឃើញ​បុរស​ជនជាតិខ្មែរ​ម្នាក់​បាន​ឆ្លង​ជំងឺ Covid-19 ពី​ជនជាតិ​ជប៉ុន​៕