កំពង់ឆ្នាំងៈ អាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃចន្ទបានបង្គាប់ឲ្យសាខាអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ទម្លាក់ស្លាកវិញ បន្ទាប់ពីលើកបាន ១ ថ្ងៃដោយអាជ្ញាធរថា មិនទាន់ត្រឹមត្រូវតាមច្បាប់ និងសំអាងលើបណ្ដឹង ១ ច្បាប់របស់បុគ្គលិកដែលមិនទទួលស្គាល់សាខានេះ ប៉ុន្តែនាយករងអង្គការអះអាងថា បានសុំច្បាប់រួចហើយ។
ពាក់ព័ន្ធនឹងការឲ្យទម្លាក់ស្លាកនេះលោក អឿ សេងហុង ជាមេឃុំពោធិ៍ ស្រុកកំពង់លែងបានថ្លែងកាលពីថ្ងៃចន្ទថា ក្នុងឃុំរបស់លោកកាលពីថ្ងៃទី ១៩ មេសា មានអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា និងបុគ្គលិកចំនួន ១២ នាក់ (ស្ត្រី ៣ នាក់) បាននាំគ្នាលើកស្លាកបើកស្នាក់ការរបស់ខ្លួន។ ប៉ុន្តែបន្ទាប់ពីលើកស្លាកបានសម្រេចអាជ្ញាធរស្រុកកំពង់លែងបានបញ្ជាឲ្យលោកផ្អាកសកម្មភាពដើម្បីរង់ចាំចំណាត់ការពីអាជ្ញាធរខេត្តសិន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបានកោះហៅមនុស្សរបស់អង្គការចំនួន ៧ នាក់មកប្រាប់ឲ្យទម្លាក់ស្លាកនោះមកដីសិន តែអ្នកទាំងនោះនិយាយថា ចាំពួកគេសួរឯកឧត្តមប្រធានអង្គការនៅភ្នំពេញសិន...ខ្ញុំបានបំភ្លឺទៅវិញថា អាហ្នឹងវាជារឿងដោយឡែកមួយ តែទាក់ទងលើការលើកស្លាក គឺនៅក្នុងទឹកដីរបស់អាជ្ញាធរដែនដី ហើយក៏ធ្វើតាមបណ្តឹងផងដែរ»។
លោកបានថ្លែងថា អាជ្ញាធរអនុវត្តនេះគឺយោងលើពាក្យបណ្តឹង ១ ច្បាប់របស់ប្រធានសាខាថ្នាក់តំបន់នៃអង្គការខាងលើដែលជំទាស់នឹងការលើកស្លាកនេះ។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា អង្គការនេះមានច្បាប់ពីក្រសួងមហាផ្ទៃឲ្យដំណើរការមែន តែច្បាប់នោះបានចេញតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយមិនដឹងថា អស់សុពលភាពឬយ៉ាងណាទេ ដូច្នោះហើយទើបបានអាជ្ញាធរសុំឲ្យផ្អាកសកម្មភាពលើកស្លាកនេះសិន។
បើតាមលោក អឿ សេងហុង ករណីលើកស្លាកនេះត្រូវបានបដិសេធដោយ លោក ស៊ឹម សារ៉ាត ដែលជាអ្នកគ្រប់គ្រងសាខាអង្គការនេះចំនួន ៣ ខេត្ត (កំពង់ធំ,កំពង់ឆ្នាំង និងបាត់ដំបង) ដោយចោទបុគ្គលិកទាំង ១២ នាក់នោះថា មិនបានសហការជាមួយលោកក្នុងនាមជានាយកតំបន់ និងជាសាខានៃអង្គការខាងលើ។
ទាក់ទិននឹងបញ្ហានេះកាលពីថ្ងៃទី ១៩ មេសា លោក ប៉ាល់ ជឿន អធិការស្រុក កំពង់លែងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ករណីនេះសមត្ថកិច្ចលោកមិនទាន់សម្រេចថា យ៉ាងម៉េចទេ ដោយរង់ចាំទទួលយោបល់ពីខាងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងសិន ប៉ុន្តែស្លាករបស់អង្គការខាងលើត្រូវបានបុគ្គលិកអង្គការនោះយកក្រណាត់ទៅបាំងហើយ។
យ៉ាងណាក្ដីលោក ឃីន ធី អគ្គនាយករងនៃអង្គការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទពីថ្ងៃចន្ទថា ករណីលើកស្លាកនេះគឺលោកបានសុំច្បាប់ និងមានទាំងហត្ថលេខារបស់អាជ្ញាធរឃុំ និងស្រុកកំពង់លែងរួចហើយ តែមិនដឹងមូលហេតុអ្វីបានជាអាជ្ញាធរឲ្យផ្អាកវិញយ៉ាងដូច្នេះ។ លោកបានបដិសេធថា មិនអាចទម្លាក់ស្លាកនោះវិញទេ ព្រោះមុននឹងលើកស្លាកគឺលោកបានសុំច្បាប់ដល់អាជ្ញាធរឃុំ-ស្រុក និងបន្តទៅខេត្តហើយ។
លោកថ្លែងថា៖ «អាជ្ញាធរស្រុក-ឃុំបានចុះហត្ថលេខាឲ្យខ្ញុំហើយនៅឡើយតែអាជ្ញាធរខេត្តកំពង់ឆ្នាំងទេ ដែលខ្ញុំស្នើសុំដាក់ឲ្យស៊ីញ៉េជាថ្មីម្តងទៀត»។
លោកបានបន្តថា ចំពោះអាជ្ញាធរឃុំពោធិ៍ ហេតុអ្វីបានជាសំអាងលើឈ្មោះ ស៊ឹម សារ៉ាត ដែលដាក់បណ្តឹងជំទាស់នឹងការលើកស្លាកនេះ ព្រោះឈ្មោះនេះ លែងជាបុគ្គលិករបស់អង្គការលោកទៀតហើយដោយសារលិខិតបេសកកម្មរបស់លោក ស៊ីម សារ៉ាត បានអស់សុពលភាព៕