
អាជ្ញាធរក្នុងពេលអារដើមឈើដែលរលំសង្កត់រថយន្តនៅតាមផ្លូវ នរោត្តម ដើម្បីឱ្យចរាចរណ៍ដំណើរការឡើងវិញ ។ ហេង ជីវ័ន
ភ្នំពេញៈ សាលារាជធានីភ្នំពេញ នឹងមិនមានដំណោះស្រាយចំពោះករណីរលំដើមឈើសង្កត់រថយន្ដគ្រឿង កាលពីល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា នៅតាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ នោះទេ ជាអ្វីដែលមន្ត្រីថា ជាករណីប្រធានស័ក្តិមកពីគ្រោះធម្មជាតិ។ នេះបើតាម លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅថ្ងៃទី២៧ខែវិច្ឆិកានេះ។
លោក មាសភក្តី បានថ្លែងថា បន្ទាប់មេឃភ្លៀងរយៈពេល១យប់១ថ្ងៃរួមនឹងកម្លាំងខ្យល់ផងនោះបានបណ្ដាលឲ្យរលំដើមឈើទាលធំនិងបណ្ដាលឲ្យសង្កត់លើរថយន្ដ៣គ្រឿង ប៉ុន្ដែមិន មានរងគ្រោះដល់មនុស្សឡើយ ហើយបន្ទាប់ពីកើតហេតុ អាជ្ញាធរបានចុះទៅកាត់ដើមឈើជាកំណាត់តូចៗ រួចប្រមូលចេញភ្លាមៗដែរ។
លោកបន្ដថា៖«ករណីនេះជាករណីប្រធានស័កិ្តយើងដូចជាមិនមានដំណោះស្រាយអ្វីបន្ដទៀតជាមួយជនរងគ្រោះទេ។ ចំណែកដើមឈើ យើងរៀបចំកាត់ជាតូចៗយកចេញដើម្បីសម្រួលដល់ការធ្វើចរាចរណ៍»។
យ៉ាងណាក្ដី លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានមើលឃើញថា រឿងបាក់រំលំដើមឈើសង្កត់ឡាន៣គ្រឿងនេះ បើមើលទៅដូចជាមិនសូវធំទេ ប៉ុន្ដែកម្រិតនៃការទទួលខុសត្រូវ ត្រូវបានគេចោទសួរ។
លោកថា៖ «រឿងនេះត្រូវបានគេចោទសួរថា តើទំនាក់ទំនងរវាងក្រុមមន្ដ្រីដែលគិតគូរពីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងក្រុមអ្នកដែលអភិរក្សបរិស្ថាន។ អ៊ីចឹងខ្ញុំគិតថា រឿងនេះ យើងគួរតែគិតរកចំណុចកណ្ដាលមួយ ហើយចំពោះដំណោះស្រាយវិញ បើត្រជាក់ គឺត្រជាក់ទាំងអស់គ្នា ប៉ុន្ដែពេលមាន រឿងគ្មានអ្នកចេញមកទទួលខុសត្រូវទេ»។
លោកបានបន្ថែមថា៖ «អ៊ីចឹងទាំងអាជ្ញាធរដែលធ្វើការលើសុវត្ថិភាពទីក្រុងនិងអ្នកអភិរក្សដល់បរិស្ថានគួរតែរកចំណុចកណ្ដាលមួយដើម្បីឲ្យមានវិធានការការពារ ឧទាហរណ៍ថាតាមដើមឈើនីមួយៗ ត្រូវសរសេរបម្រាមហាមចត់រថយន្ដពេលមេឃភ្លៀង អីជាដើម»។
ឆ្លើយតបចំពោះរឿងនេះ លោក មាសភក្ដី បានថ្លែងថា ចំពោះការថែរក្សា ការពារបរិស្ថាន និងថែទាំដើមឈើធំៗក្នុងរាជធានីភ្នំពេញមិនមែនជារឿងថ្មីរបស់អាជ្ញាធររាជធានីភ្នំពេញទេ ដោយលោកបានបញ្ជាក់ថា សាលារាជធានីតែងតែមានសកម្មភាពថែរក្សា ការពារចំពោះបញ្ហាជាយូរមកហើយ។
លោកថា៖ «រឿងនេះ វាមិនមែនជាកិច្ចការថ្មីដែលយើងត្រូវធ្វើនោះទេ កិច្ចការងារនេះ យើងបានធ្វើជាប្រចាំមកហើយ។ មានពលរដ្ឋខ្លះមានចម្ងល់ជាច្រើនរួចមកហើយពេលឃើញអាជ្ញាធរចុះទៅកាប់មែកឈើចេញអស់ ដូចជា នៅតាមផ្លូវកម្ពុជាក្រោមជាដើម ហើយតែងតែថា ហេតុអ្វីបានជា អាជ្ញាធរកាប់មែកឈើចេញអស់បែបនេះ ? នេះហើយគឺជាជំនាញក្នុងការថែមទាំរបស់យើង»។ «យើង តែងតែមានការមើលថែទាំជាប្រចាំចំពោះដើមឈើធំផ្សេងៗនៅតាមដងវិធីក្នុងរាជធានីភ្នំពេញនេះ រួចទៅហើយ»៕