ព្រះវិហារៈ អាជ្ញាធរខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធបានឯកភាពគ្នា ដោយដាក់ចេញនូវគោលការណ៍ចំនួន ៥ ចំណុច ដើម្បីឈានទៅដោះស្រាយបញ្ចប់រឿងជម្លោះដីធ្លី រវាងពលរដ្ឋជាង ៣៣០ គ្រួសារ ស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ជាមួយក្រុមហ៊ុនមេត្រីភាពដែលវិវាទនេះពលរដ្ឋបានឡើងមកសុំអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់រហូតដល់ ១៤ នាក់។
ការសម្រេចបានជាគោលការណ៍ចំនួន ៥ ចំណុចក្នុងការដោះស្រាយជម្លោះដីធ្លីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញ ដែលមានការចូលរួមពីប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្មប្រធានមន្ទីរដែនដី តំណាងក្រុមហ៊ុននិងក្រុមអង្គការសង្គមស៊ីវិលក្រោមអធិបតីភាព អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា។
លោក អ៊ុន ចាន់ដា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា កិច្ចប្រជុំនេះ បានចាប់ផ្តើមឡើងតាំងពីព្រឹក ហើយបានបញ្ចប់នៅម៉ោងប្រមាណ ១១ ព្រឹក ដោយក្នុងនោះភាគីពាក់ព័ន្ធ បានឯកភាពគ្នា លើគោលការណ៍ចំនួន ៥ ដើម្បីជាវិធានការ ឈានទៅរកការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លី ក្នុងតំបន់នេះដែលបានកើតឡើងចាប់តាំងពីឆ្នាំ ២០១៨។
លោកថា គោលការណ៍ទាំង ៥ ចំណុច ដែលនឹងចាប់ផ្តើមអនុវត្តក្នុងសប្តាហ៍បន្ទាប់ គឺរួមមាន ទី១-បង្កើតក្រុមការងារចម្រុះ ដើម្បីចុះវាស់វែងនិងដោះស្រាយដីប៉ះពាល់ជាក់ស្តែងរបស់ពលរដ្ឋ ទី២-ជំរុញឲ្យមានការចុះបញ្ជីដីក្រុមហ៊ុនមេត្រីភាពស្របច្បាប់ឲ្យបានឆាប់រហ័ស ដើម្បីងាយស្រួលក្នុងការកាត់វៀលដីជូនពលរដ្ឋ។
ចំណុចទី៣-គឺស្នើឲ្យក្រុមហ៊ុន ធ្វើការកំណត់ព្រំដីរបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រូវមានកម្លាំងការពារសន្តិសុខរបស់ខ្លួនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីពីពលរដ្ឋដទៃទៀត ដែលនាំឲ្យពិបាកក្នុងការដោះស្រាយ។
ទី៤-គឺស្នើឲ្យពលរដ្ឋទាំងអស់ ដែលបានអាស្រ័យផលហើយ ត្រូវរក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ការកាប់ទន្ទ្រានលើដីមានជម្លោះបន្តទៀត ដោយរង់ចាំការចុះសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ និងចំណុច ទី៥-គឺស្នើឲ្យតុលាការខេត្តនេះ បញ្ឈប់ការចេញដីកាកោះហៅ ឬចាប់ខ្លួនពលរដ្ឋបន្តទៀត។
លោក ចាន់ដា បញ្ជាក់ថា៖ «ចំណែកអ្នកទាំង ១៣ នាក់ (ចាប់ខ្លួនបន្ថែមម្នាក់ទៀតឡើង ១៤ នាក់) គឺខាងសិទ្ធិមនុស្ស គាត់បានធ្វើការជាមួយសាលាដំបូងខេត្តហើយ គឺបានដាក់ពាក្យប្តឹងឧទ្ធរណ៍ដើម្បីស្នើសុំឲ្យនៅក្រៅឃុំ។ អ៊ឹចឹងនីតិវិធីរបស់តុលាការគឺខាងសិទ្ធិមនុស្ស គាត់បានបញ្ចប់រួចហើយទៅតាមនីតិវិធីរបស់តុលាការ»។
បើតាមញត្តិ ដែលដាក់ជូនលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋបានរៀបរាប់ថា ជម្លោះដីធ្លីនេះ បានកើតឡើង ក្នុងអំឡុងឆ្នាំ ២០១៨ រវាងពលរដ្ឋជាង ៣៣០ គ្រួសារ និងក្រុមហ៊ុនមេត្រីភាព ដែលមានម្ចាស់ឈ្មោះ ឡុង ចន្ទវាសនា ជនជាតិខ្មែរធ្វើការវិនិយោគលើវិស័យដំណាំកសិឧស្សាហកម្មនិងចិញ្ចឹមសត្វ លើផ្ទៃដីទំហំ ៨ ៥២០ ហិកតា រយៈពេល ៥០ ឆ្នាំ។ ជម្លោះដីធ្លីនេះបានកក្រើកឡើងជាថ្មីបន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋចំនួន ១៤ នាក់ ជាបន្តបន្ទាប់។
ជាមួយនឹងគោលការណ៍ទាំង ៥ ចំណុចខាងលើនេះ លោក រីម ខេម តំណាងភាគីក្រុមហ៊ុនមេត្រីភាព បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ខ្លួននឹងចូលរួមសហការណ៍ជាមួយអាជ្ញាធរ ដើម្បីដោះស្រាយបញ្ឈប់ជម្លោះដីធ្លីនេះ តែលោកចង់ឲ្យប្រជាពលរដ្ឋឈប់កាប់រុករានដីរបស់ក្រុមហ៊ុនជាបន្តទៀត ព្រោះតែកន្លងទៅ ពលរដ្ឋមួយចំនួនមានគំនិតអាក្រក់ ដោយបានបំផុសឲ្យពលរដ្ឋដទៃទៀត ចូលមកទន្ទ្រានលើដីនេះឥតឈប់ឈរ។
លោកបានបញ្ជាក់ថា៖ «យើងចូលរួមទាំងអស់ហ្នឹងព្រោះថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតពីរដ្ឋាភិបាល ក្នុងការវិនិយោគ ដូច្នេះការសម្រេចបែបណារបស់អាជ្ញាធរគឺក្រុមហ៊ុនចាំតែធ្វើតាមទេ។ ចំណែកការពន្លឿនចុះបញ្ជីដី និងចំណុចព្រំដីនោះ គឺក្រុមហ៊ុនរង់ចាំមើលការសម្រេចពីអាជ្ញាធរ តាមការព្រមព្រៀងគ្នា»។
លោក ឡោ ច័ន្ទ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ ដែលបានចូលរួមក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយជម្លោះដីធ្លីនោះដែរបានសម្តែងការសាទរចំពោះវិធានការទាំងនេះ និងបានថ្លែងថា បើសិនជាអាចអនុវត្តបានទាំង ៥ ចំណុចនេះគឺជាការប្រសើរហើយជម្លោះដីធ្លីនៅតំបន់នេះនឹងត្រូវបញ្ចប់។
តែទោះយ៉ាងណាមន្ត្រីអាដហុករូបនេះ ចង់ឲ្យអាជ្ញាធរទប់ស្កាត់និងពន្លឿនការដោះស្រាយជម្លោះដីធ្លីឲ្យបានឆាប់រហ័ស និងមានវិធានការជាក់លាក់ ចៀសវាងអូសបន្លាយពេលវេលាបន្តទៅទៀត។
លោកបន្តថា៖ «បើសិនមានករណីផ្សេងៗទៀត យើងគួរតែមានវិធានការជាមុន កុំឲ្យដល់ពេលហើយ (មានជម្លោះ) ទើបមានវិធានការ ព្រោះថា បើយើងដោះស្រាយ ទប់ស្កាត់ជាមុន នោះវាហ្នឹងល្អប្រសើរជាងនេះទៅទៀត ហើយប្រជាពលរដ្ឋខ្លួនឯង គួរផ្អាកក្នុងការកាប់ទន្ទ្រាន ដើម្បីទុកពេលឲ្យអាជ្ញាធរធ្វើការងាររបស់គេ»។
លោក ឡយ លីហ៊ួរ តំណាងពលរដ្ឋទាំង ៣៣០ គ្រួសារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើសិនជាមានដំណោះស្រាយពីអាជ្ញាធរដូចការអះអាងមែន ពលរដ្ឋទាំងអស់គ្នានឹងចូលរួមសហការ ហើយចូលរួមណែនាំឲ្យពលរដ្ឋដទៃទៀត បញ្ឍប់ការកាប់ទន្ទ្រានដីព្រៃ ដើម្បីរង់ចាំដំណោះស្រាយនេះ។
លោកបានបន្តថា៖ «ខ្ញុំក៏សូមស្នើសុំទៅខាងអាជ្ញាធរ និងតុលាការ មេត្តាជួយលើកលែងពួកគាត់ទាំង ១៤ នាក់ផងទៅ ដោយសារតែការចាប់ខ្លួនហ្នឹងឯង ជាប់ពាក់ព័ន្ធនឹងដីធ្លីទេ ហើយបើមានការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋហើយ ក៏សុំស្នើឲ្យដោះលែងពួកគាត់មក»។
ក្នុងការឡើងមកដាក់ញត្តិនៅខុទ្ទការល័យលោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ មករា ក៏មានតំណាងក្រសួងមហាផ្ទៃនិងតំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានមកទទួលយកញត្តិពីប្រជាពលរដ្ឋផងដែរ៕