ក្រចេះៈ អាជ្ញាធរ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបដិសេធថា ពុំមានមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងការតវ៉ារឿងដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកស្នួលខេត្តក្រចេះនៅថ្ងៃទី ៨ ខែមីនានេះទេ។
លោក គៀត ច័ន្ធថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ៖«តាមរបាយការណ៍ដែលខ្ញុំទទួលបាន ពីស្នងការខេត្តក្រចេះ ព្រឹកមិញ គឺមានប្រតិបត្តិការណ៍មួយដឹកនាំដោយអភិបាលរង និងព្រះរាជអាជ្ញារងខេត្ត ចុះទៅជួយការពារការកាយដីធ្វើព្រំ របស់ក្រុមហ៊ុនមេមត់។ នៅពេលដែលពួកគាត់ ចុះទៅ ក៏មានប្រជាពលរដ្ឋ ២០០ ទៅ ៣០០ នាក់តវ៉ាសុំឲ្យផ្អាក ហើយក៏មានការសម្របសម្រួលរវាងព្រះអាជ្ញា អភិបាលរងខេត្ត និងប្រជាពលរដ្ឋ តែខាងប្រជាពលរដ្ឋ លោកមិនព្រម»។
លោកបន្តថា ក្រោយមកប្រហែលម៉ោង ១១ ថ្ងៃត្រង់ ប្រជាពលរដ្ឋបានបិទផ្លូវប្រហែល ២ ម៉ោងជាង ដូច្នេះក្រុមប្រតិបត្តិការណ៍ព្យាយាមសម្របសម្រួលពលរដ្ឋប៉ុន្តែប្រជាពលរដ្ឋ មិនព្រម។ «ហើយចុងក្រោយ ពួកគាត់ហាក់ដូចមានសកម្មភាព ដូចជាមានកាំបិត ពូថៅ គ្រោងនឹងធ្វើអំពើហិង្សា នឹងដុតគ្រឿងចក្រ ហើយដើម្បីទប់ស្កាត់អំពើអស់ហ្នឹងក៏មានការផ្ទុះអាវុធឡើងលើ ដើម្បីកុំឲ្យប្រជាពលរដ្ឋប្រើអំពើហិង្សា»។
លោកបញ្ជាក់ថា៖«បន្ទាប់ពីផ្ទុះអាវុធប៉ុន្មានគ្រាប់ យើងមិនបានដឹងថា ប៉ុន្មានគ្រាប់ដែរ។ ការផ្ទុះអាវុធមួយចំនួន ប្រជាពលរដ្ឋក៏បានរំសាយទៅ ប៉ុន្តែមិនដឹងថា អាវុធវាយ៉ាងម៉េច វាផ្លាតត្រូវរបួសប្រជាពលរដ្ឋពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់។ ហើយតាមរបាយការណ៍គឺថា របួសស្រាលហើយប្រហែលជាត្រូវដៃឬជើង»។
ចំណែក លោក គង់ គឹមនី អភិបាលស្រុកស្នួល បានថ្លែងថា មុនពេលប៉ះទង្គិចនេះ អាជ្ញាធរបានចុះចរចា និងសម្របសម្រួលចំនួន ២ លើកមកហើយ ប៉ុន្ដែក្រុមប្រជាពលរដ្ឋទាំងនោះ មិនយល់ព្រមតាមយោបល់របស់អាជ្ញាធរទេ។
លោកបន្តថា៖«យើងជួបប្រជុំជាមួយពួកគាត់ ប៉ុន្ដែគាត់មិនបានយល់ព្រម ហើយក៏មានការបិទផ្លូវ ដែលធ្វើឲ្យប៉ះទង្គិចគ្នានេះ បណ្ដាលឲ្យសមត្ថកិច្ចរងរបួលស្រាល ៧ នាក់ ហើយពលរដ្ឋរបួសស្រាលពីរនាក់ដែរ តែអត់មានស្លាប់ទេ ហើយក៏ត្រូវបានយកទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះអស់ហើយដែរ»។
ប៉ុន្តែ លោក ប៉ឹង វិន មេឃុំ ២ ធ្នូរ ខេត្តក្រចេះ បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា លោកក៏បានស្ថិតនៅក្នុងហេតុការណ៍នោះដែរ ដោយលោកបានអះអាងថា៖«ខ្ញុំបានទៅកន្លែងកើតហេតុ ប្រជាពលរដ្ឋបានបិទផ្លូវ ដោយសារគាត់ខឹងអាជ្ញាធរបានមកដុតផ្ទះ ដំណាំក្នុងចម្ការ ខ្ញុំឃើញសពមនុស្សសែងនឹងអង្រឹង។ ខ្ញុំបាននៅនឹងកន្លែងកើតនោះដែរ ដោយមានក្រុមប៉ូលិសទាហាន ខណៈដែលពួកគាត់បានទាមទារសុំបែងចែកដីពីក្រុមហ៊ុន។ ពេលថ្ងៃហ្នឹង ខ្ញុំបានឃើញមនុស្សស្លាប់ពីរនាក់ផ្ទាល់នឹងភ្នែកខ្ញុំ ប៉ុន្ដែល្ងាចនេះ ខ្ញុំក៏បានឃើញគេសែងអង្រឹងដាក់សាកសពពីរ ឬបីនាក់បន្ថែមទៀត»។
មុននេះភ្នំពេញប៉ុស្តិ៍ បានស្រង់សម្តីរបស់បុគ្គលិក អង្គការអាដហុក លោកប៊ី វណ្ណី យកមកចុះផ្សាយថា យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៦ នាក់បានស្លាប់ និងជាង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ រវាងប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរ។
លោក វណ្ណី បានអះអាងថា ក្រុមអាជ្ញាធរ បានចុះរុះរើខ្ពម ដែលពលរដ្ឋសង់លើដីជម្លោះ ហើយពលរដ្ឋបានធ្វើការតវ៉ា ដែលបណ្តាលឲ្យមានការប៉ះទង្គិចគ្នា និងការបាញ់កាំភ្លើងកើតឡើង។ ភ្លាមៗនោះ ប្រជាពលរដ្ឋចំនួន ២ នាក់បានស្លាប់ នៅនឹងកន្លែង និង ៤ នាក់ទៀត បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះ ទូរស័ព្ទរបស់ប្រជាពលរដ្ឋប្រមាណជា ២០០ គ្រឿង ត្រូវបានអាជ្ញាធរដកហូត។
ចំណែក លោក ប៉ុង វិន មេឃុំ ២ ធ្នូ បានឲ្យដឹងថា លោកបានឃើញគេដុតផ្ទះពលរដ្ឋ ប្រមាណជា ៧ គ្រួសារ និងបានដុតជាបន្តបន្ទាប់ ព្រមទាំងមានកាប់បំផ្លាញដើមចេក ដែលបណ្តាលឲ្យពលរដ្ឋខឹង និងប្រមូលផ្តុំគ្នាបិទផ្លូវ។ ពេលនោះ ក្រុមអាជ្ញាធរបានប្រាប់ពលរដ្ឋឲ្យបើកផ្លូវវិញ តែពលរដ្ឋមិនព្រមបើក។ លោកអះអាងផងដែរថា មានពលរដ្ឋ ២ នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។
នៅពេលទាក់ទងក្រោយមកទៀត លោកប៊ី វណ្ណី បានថ្លែងផងដែរថា ព័ត៌មានដែលថាស្លាប់៦នាក់នោះគឺលោកទទួលបានពីពលរដ្ឋ ហើយក្រោយមកទៀតទើបមានសេចក្តីរាយការណ៍ថា មានទាំងពលរដ្ឋ និងកម្លាំងអាជ្ញាធររងរបួស។