ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់វិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារធំៗ ចាប់តាំងពីថ្ងៃទី ១៨ ខែមេសា រហូតដល់ថ្ងៃទី ២២ ខែមេសា និងកំពុងពិនិត្យលើស្ថានភាព និង ទីតាំងជាក់ស្ដែងក្នុងការបន្តវិធានការនេះទៅទីតាំងផ្សេងទៀត ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃ ២២ មេសា នេះថា ដោយអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានី និង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗក្នុងរាជធានីភ្នំពេញ ដើម្បីថែរក្សាសុខុមាលភាពពលរដ្ឋក៏ដូចជា អាជីវករលក់ដូរក្នុងផ្សារ ខណៈជំងឺកូវីដ១៩ កំពុងបន្តរីករាលដាលនៅលើភិភពលោក។
លោកថ្លែងថា៖«យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារធំៗមួយចំនួនចាប់តាំងពីថ្ងៃទី១៨ខែមេសារហូតមកដល់ពេលនេះគឺបាន៤-៥ផ្សារហើយ។ចំពោះវិធានការបន្តទៀតយើងកំពុងពិនិត្យមើលតាមស្ថានភាពជាក់ស្ដែងថាយើងត្រូវបាញ់នៅកន្លែងណាខ្លះជាបន្តបន្ទាប់ទៀត»។
លោក មាសភក្តី បានឱ្យដឹងថា វិធានការនេះ គឺដើម្បីគិតគូរពីសុខភាព ពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ ទើបលោកអភិបាលរាជធានីភ្នំពេញណែនាំឲ្យមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ ចុះបាញ់ថ្នាំសម្លាប់មេរោគបែបនេះ។
លោកថ្លែងថា រហូតមកទល់ពេលនេះ ក្រុមការងារមន្ទីរសុខាភិបាលបានចុះបាញ់ថ្នាំនៅផ្សារធំថ្មី ទួលទំពូង ផ្សារកណ្តាល និងផ្សារមួយចំនួនទៀត ។
លោកថា ទោះបីរាល់ថ្ងៃគណៈកម្មការផ្សារនីមួយៗបាននិងកំពុងអនុវត្ដវិធានការការពារសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដោយប៉ុន្ដែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅតាមផ្សារទាំងនោះត្រូវបានថ្នាំសម្លាប់មេរោគបន្ថែមទៀត។
កាលពីថ្ងៃទី២១ ខែមេសា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្តអំពាវនាវដល់ពលរដ្ឋឲ្យបន្តរួមគ្នាទប់ស្កាត់កុំឱ្យឆ្លងមេរោគកូវីដ១៩ដដែល បើទោះបើក្រសួងសុខាភិបាលប្រកាសពីការជាសះស្បើយជាង៩០ភាគរយនៃអ្នកឆ្លង ១២២ នាក់និងពុំមានរកឃើញអ្នកឆ្លងថ្មីរយៈពេលប្រមាណ ១០ ថ្ងៃកន្លងទៅនេះក្ដី។
លោកថ្លែងថា៖«រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ធ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩»។
លោកបានបញ្ជាក់ថា៖«យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេនិងសូមកុំនាំមេរោគពីគេមកយើងនិងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច»។
លោក ងែ មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយបន្ថែម ជុំវិញការបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារធំៗនេះបានទេ នៅថ្ងៃទី២២ មេសានេះ ដោយសារទូរស័ព្ទចូលតែគ្នានអ្នកទទួល៕