ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបានចេញបម្រាមដល់ប្រជាពលរដ្ឋទូទៅដែលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅដើមខែកុម្ភៈនេះឲ្យប្រុងប្រយ័ត្នការប្រើប្រាស់ និងលេងរបស់របរដែលងាយបង្កឲ្យកើតមានអគ្គិភ័យ។ យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ពលរដ្ឋទូទៅ មិនត្រូវដុតផាវ កាំជ្រួចបង្កសំឡេងផ្ទុះគ្រប់ប្រភេទ លេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួននៅក្នុងទីក្រុងភ្នំពេញជាពិសេសការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានអគ្គិភ័យកើតឡើង។
សេចក្ដីជូនដំណឹងនេះឲ្យដឹងថា ដើម្បីបង្ការនូវអគ្គិភ័យ អ្នកប្រារព្ធពិធីត្រូវដុតក្រដាសសែននៅក្នុងធុងដែកឬឆ្នាំងដី ហាមដាច់ខាតដុតនៅលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនធ្វើឡើងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៩។ ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ចាប់ពីថ្ងៃពុធនេះរហូតដល់ពិធីបុណ្យចូលឆ្នាំចិន អាជ្ញាធរបានចាប់ផ្ដើមចុះត្រួតពិនិត្យនៅតាមហាងលក់ទំនិញនានានៅទូទាំងក្រុង ដែលអាចមានលក់ផាវឬគ្រឿងផ្ទុះផ្សេងៗ។
លោកថ្លែងថា៖ «យើងទប់ស្កាត់តាំងពីការចរាចរនាំចូលនិងតាមច្រកផ្សេងៗត្រូវបានហាមឃាត់ និងបានចាត់តាំងឱ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទប់ស្កាត់។ នៅតាមទីផ្សារ តាមទីតាំងអាជីវកម្មអីផ្សេងៗហ្នឹង ក៏ត្រូវបានពង្រឹងនៅក្នុងការត្រួតពិនិត្យ បើឃើញថាដាក់តាំងលក់ទៀត (ផាវ និងកាំជ្រួច) ក៏ត្រូវបានដកហូតយកដែរ។
លោក ភក្ដី បានថ្លែងថា៖ «ការអំពាវនាវរបស់សាលារាជធានីភ្នំពេញគឺគោលបំណងដើម្បីការពារសន្ដិសុខ និងសុវត្ថិភាពពីគ្រោះអគ្គិភ័យ និងមិនត្រូវទៅទិញគ្រឿងផ្ទុះទាំងនោះមកដុតឡើយ»។
លោក ព្រហ្ម យ៉រ នាយការិយាល័យនគរបាលបង្ការអគ្គិភ័យបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានរថយន្តសម្រាប់ត្រៀមចេញប្រតិបត្តិការពន្លត់អគ្គិភ័យចំនួន ៤៨ គ្រឿង ហើយនៅក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ក៏បានត្រៀមមន្ត្រីពន្លត់អគ្គិភ័យចំនួន ១៧៨ នាក់ដែរ នៅតាមគោលដៅងាយរងគ្រោះ ដូចជានៅ ខណ្ឌច្បារអំពៅ ទួលគោក និងខណ្ឌ ៧ មករាជាដើម។
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា នៅក្នុងឆ្នាំនេះ មានការរាំងស្ងួតរយៈពេលវែង លោកសូមឱ្យប្រជាពលរដ្ឋត្រូវចូលរួមរក្សាប្រភពទឹកទុកឱ្យបាននៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការពន្លត់អគ្គិភ័យ៕