ភ្នំពេញៈ ខេត្ត​ចំនួន​ ៣ ​បាន​បើក​កិច្ចប្រជុំ​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​អយ្យការ និង​សាលាដំបូង​នៃ​ខេត្ត​នីមួយៗ​ព្រម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ រួមមួយ​ចំនួន​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​តាមរយៈ​ការចាត់​វិធានការ​ច្បាប់​លើ​សកម្មភាព​ ឬ​ទង្វើ​ទាំងទ្បាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ផ្សព្វផ្សាយ​អ្វី​ដែល​ក្រុម​មន្ត្រី​ហៅថា​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី ​មេដឹកនាំ​អតីត​បក្សប្រឆាំង​។

ការបើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​តាម​បណ្តា​ខេត្ត​ផ្សេងៗ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោកឈរ​ក្នុង​គោលដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​ជា​អ្វី​ដែល​លោក​ហៅថា «​អំណាច​ពលរដ្ឋ​» ដើម្បី​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការចូលរួម​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ខាង​មុខ​នេះ​។ បណ្តា​ខេត្ត​ដែល​បាន​បើក​កិច្ចប្រជុំ​ជាមួយ​តុលាការ​ខាងលើ​នេះ​រួមមាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រៃវែង និង​ខេត្ត​តាកែវ​។

លោក​ ផាន់ សុភ័ក្ត្រ អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ​បាន​ឲ្យ​ដឹងថា​លោក​ អ៊ូច ភា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​តាកែវ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​ប្រធាន​សាលាដំបូង​ខេត្ត និង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ព្រម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ២ ខែ​តុលា​នេះ​ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ២៦ ខែ​កញ្ញា​។

លោក​បន្ថែម​ថា​ ខ្លឹមសារ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​គឺ​ស្តីពី​ស្ថានការណ៍​សន្តិសុខ​សង្គម និង​ការដាក់ចេញ​នូវ​វិធានការ​រួមមួយ​ចំនួន​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​តាមរយៈ​ការចាត់​វិធានការ​ច្បាប់​លើ​សកម្មភាព ឬ​ទង្វើ​ទាំងទ្បាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង ការផ្សព្វផ្សាយ​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី​។

លោក​បញ្ជាក់ថា​៖ «​យើង​ពង្រឹង​តាម​បណ្តា​ស្រុក​ឲ្យ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ច្បាប់ និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​ពេល​បច្ចុប្បន្ន​។ យើង​បាន​បង្ហាញ​មន្ត្រី​ពាក្យ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ផ្លូវច្បាប់ ហើយ​យើង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​រាយការណ៍​មក​អយ្យការ​នៅពេល​ណា​ដែលមាន​ករណី​កើតឡើង ហើយ​អយ្យការ​នឹង​ផ្តល់យោបល់​ផ្លូវ​ច្បាប់​ប្រាប់​គាត់​»​។

លោក​បន្ថែមថា​៖ «​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​បាន​និង​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី​»​។

បើ​យោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​ ១ ​តុលា​នេះ​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ១ ខែ​តុលា ឆ្នាំ​ ២០១៩ គណៈអភិបាល​ខេត្ត​បន្ទាយមានជ័យ​ក៏​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ប្រធាន​សាលាដំបូង​ និង​លោក​ព្រះរាជអាជ្ញា និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ស្ថានការណ៍​សន្តិសុខ​សង្គម និង​ការអនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

ក្រសួង​យុត្តិធម៌​បាន​បន្តថា អង្គប្រជុំ​ក៏​បាន​លើកឡើង​ពី​ការផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តី​ប្រកាស​ព័ត៌មាន និង​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃទី​ ២៦ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ស្តីពី​ស្ថានការណ៍​សន្តិសុខ​សង្គម និង​ការដាក់ចេញ​នូវ​វិធានការ​រួមមួយ​ចំនួន​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​តាមរយៈ​ការចាត់​វិធានការ​ច្បាប់​លើ​សកម្មភាព ឬ​ទង្វើ​ទាំងទ្បាយ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ជូន​ដល់​សមាសភាព​ចូលរួម​ទាំងអស់​។

ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​នេះ​លោក​ប្រធាន និង​លោក​ព្រះរាជអាជ្ញា​បាន​ចូលរួម​មតិយោបល់​មួយ​ចំនួន​នូវ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ ឬ​សកម្មភាព​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ហិង្សា​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ឬ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ស្ថាប័នរដ្ឋ​ដឹកនាំ​ស្រប​ច្បាប់​។ រួមទាំង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បាន​ចូលរួម​ដោយផ្ទាល់ ឬ​ជា​ការចូលរួម​គំនិត​ក្នុង​គម្រោងការ​ទុច្ចរិត​នេះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​យ៉ាង​ធ្ងន់​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​យុត្តិធម៌​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សាលាខេត្ត​ព្រៃវែង​កាលពី​ថ្ងៃទី​ ៣០ ខែ​កញ្ញា​ក៏​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ប្រធាន អនុប្រធាន ចៅក្រម និង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត ប្រធាន អនុប្រធាន​រដ្ឋបាល​បាន​ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​សេចក្តី​ប្រកាស​ព័ត៌មាន និង​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​ក្រសួង​យុត្តិធម៌​ផងដែរ​។

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ភារកិច្ច​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​អំពើ ឬ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

លោក​ ម៉ាលីន បាន​បញ្ជាក់​ទៀតថា​៖ «​ដូច្នេះ​ហើយ​មិនមែន​តែ​មាន​ការចូលរួម​ពី​កម្លាំង​មាន​សមត្ថកិច្ច​នោះទេ តែ​ក៏​មាន​ប្រជាពលរដ្ឋ​ផងដែរ ហើយ​ដែល​ការផ្សព្វផ្សាយ​នេះ​ក៏​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​»​។

ទោះយ៉ាងណា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​លោក​ ស៊ឹង សែនករុណា បាន​ថ្លែងថា ការ​ផ្សព្វផ្សាយ​របស់​សមត្ថកិច្ច​នឹង​មិន​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​កម្រិតណា​នោះ​ទេ ដោយសារ​តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមាន​កម្រិត ហើយ​ការផ្សព្វផ្សាយ​ក៏​នៅ​មាន​កម្រិត​។

លោក​បាន​និយាយ​ថា​៖ «​ជាធម្មតា​អាជ្ញាធរ​គាត់​មាន​សិទ្ធិ​ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​តែ​វា​អាស្រ័យ​ទៅ​លើ​ការយល់ដឹង និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ហើយ​អាស្រ័យ​ទៅលើ​កម្រិត​នៃ​ការផ្សព្វផ្សាយ​។ យើង​មិនដឹងថា​ឥទ្ធិពល​នៃ​ការផ្សព្វផ្សាយ​នេះ​វា​មាន​កម្រិត​ទៅលើ​ប្រជាពលរដ្ឋ​នោះទេ​»៕